ភ្នំពេញ៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងពីការព្យាករណ៍ក្នុងសុន្ទរកថា ក្នុងកម្មវិធីសម្តែងសិល្បៈនៅរាជធានីភ្នំពេញ ដើម្បីអបអរសាទរខួបលើកទី៦៥ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន ថា ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិនត្រូវបានព្យាករណ៍ថា នឹងឈានដល់ ១៥ ប៊ីលានដុល្លារនៅឆ្នាំ ២០២៥ កើនឡើងពី ១១ ប៊ីលានដុល្លារ ក្នុងឆ្នាំ ២០២២។
ឯកឧត្តម បានមានប្រសាសន៍ថា ចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់កម្ពុជា នឹងការវិនិយោគរបស់ចិនចំនួន ២០ប៊ីលានដុល្លារក្នុងឆ្នាំ២០២២ ហើយទំហំវិនិយោគកំពុងមានការកើនឡើង។ កម្ពុជា និងចិនក៏បានបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគីខ្សែក្រវាត់និងផ្លូវនៅឆ្នាំ២០១៧ ដើម្បីលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ។
ឯកឧត្តម បន្តថា ជាមួយគ្នានេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិថ្មីក្នុងខេត្តសៀមរាប ត្រូវបានសាងសង់ ហើយគម្រោងជាច្រើនទៀតកំពុងដំណើរការ។ ហើយភាគីទាំងពីរ ក៏បានឯកភាព បង្កើតច្រករបៀងសេដ្ឋកិច្ចថ្មីចំនួនពីរបន្ថែមទៀតគឺ “ច្រករបៀងត្រី និងស្រូវ” និង “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា”។
គួរបញ្ជាក់ថា មិត្តភាពកម្ពុជា-ចិន បានឈានដល់កិច្ចព្រមព្រៀងស្តីពីក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រនាខែកុម្ភៈ ឆ្នាំ២០២៣ ដោយផ្តោតលើកិច្ចសហប្រតិបត្តិការនយោបាយ គុណភាព និងសមត្ថភាពផលិតកម្ម កសិកម្ម ថាមពល សន្តិសុខ និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រជាជន៕