វីដេអូនៃមនុស្សអាំងដុំទឹកកក និងចម្អិនជាមួយទឹកជ្រលក់ និងគ្រឿងទេស បានកំពុងរីករាលដាលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ប្រទេសចិន ដែលធ្វើឱ្យមនុស្សជាច្រើនផ្ទុះការភ្ញាក់ផ្អើល ជាមួយសំណួរដេញដោលតែគ្មានចម្លើយ។
យោងតាមរបាយការណ៍ជាច្រើនពីប្រទេសចិន អាហារសម្រន់ដ៏ចម្លែកនេះ ត្រូវបានគេស្គាល់តាមរយៈឃ្លីបខ្លីមួយ ដែលថតនៅតូបមួយកន្លែង ក្នុងទីក្រុង Nanchang ខេត្ត Jiangxi ។ ជាក់ស្តែង តាមរយៈឃ្លីបយើងអាចឃើញដុំទឹកកកអនាម័យ កំពុងត្រូវបានចម្អិននៅលើភ្លើងចំហរ និងបន្ទាប់មក ត្រូវបានប្រឡាក់ជាមួយទឹកជ្រលក់ និងគ្រឿងទេស មុនពេលលើកដាក់លើចាន។
ទោះជាយ៉ាងណា យើងមិនអាចមើលឃើញថា មាននរណាម្នាក់បរិភោគអាហារនេះនោះទេ ប៉ុន្តែ ត្រូវបានដឹងថា វាគឺជាអាហារដ៏ពេញនិយមយ៉ាងខ្លាំងនៅថ្ងៃរដូវក្តៅ ជាពិសេស ចាប់តាំងពីទឹកកកអាំងនេះត្រូវបានផ្តល់ជូនការភ្លក់រសជាតិដោយឥតគិតថ្លៃ។
បន្ទាប់ពីវីដេអូដើមបានរីករាលដាល សារព័ត៌មានរបស់ចិន ក៏បានធ្វើការតាមដានអ្នកលក់អាហារតាមដងផ្លូវ និងស្វែងយល់បន្ថែមអំពីមុខម្ហូបដ៏ពេញនិយមរបស់គាត់។ ជាក់ស្តែង បុរសអ្នកលក់នោះបាននិយាយថា គាត់បង្កើតគំនិតអាំងទឹកកកនេះ នៅថ្ងៃក្តៅ ជាវិធីដើម្បីធ្វើឱ្យមនុស្សត្រជាក់។ វាមើលហាក់ដូចជាការលេងសើច ប៉ុន្តែមនុស្សភាគច្រើនចូលចិត្តវាណាស់ ដូច្នេះហើយគាត់បានបន្តធ្វើវារហូតមកដល់សព្វថ្ងៃនេះ។ អាហារតាមចិញ្ចើមផ្លូវដ៏ចម្លែកនេះមិនមានតម្លៃថ្លៃនោះទេ ប៉ុន្តែមនុស្សចង់សាកភ្លក់វា ហើយមានគេរាយការណ៍ថា មានមនុស្សជាច្រើន បានស្នើឲ្យគាត់បន្តលក់តទៅទៀត។
ក្រោយពីបានឃើញបែបនេះ អ្នកលេងបណ្តាញសង្គមជាច្រើន បានលើកជាសំណួរថា៖ «តើនេះរាប់ថាជាអាហារត្រជាក់ ឬក្តៅ? ព្រោះវាត្រូវបានចម្អិននៅលើភ្លើងចំហរ ប៉ុន្តែវាមិនគ្រប់គ្រាន់សម្រាប់ទឹកកករលាយទាំងស្រុងនោះទេ។ តើអ្នកញ៉ាំអាហារបែបនេះដោយរបៀបណា? វាមិនខុសដូចគ្រួសចៀនទេ ដែលអ្នកអាចបឺតទឹកជ្រលក់ចេញពីថ្ម មុននឹងខ្ជាក់វាចេញ ឬអ្នកគ្រាន់តែញ៉ាំទឹកកកលេង?,…៕ រក្សសិទ្ធិដោយ៖ លឹម ហុង