Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រថៃ បន្ធូរបន្ថយទោស ដល់អតីតនាយករដ្ឋមន្រ្ដីដ៏មានឥទ្ធិពល ថាក់ស៊ីន

រាជធានីបាងកក៖ ព្រះមហាក្សត្រថៃ បានសម្រេចព្រះទ័យ ព្រះរាជទានបន្ធូរបន្ថយទោស ជូនដល់អតីតនាយករដ្ឋមន្រ្ដី លោក ថាក់ស៊ីន ក្រោយការជាប់ពន្ធនាគារបានត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ដើម្បីទុកឱកាសឲ្យគាត់ អាចប្រើប្រាស់បទពិសោធន៍របស់គាត់ សម្រាប់ផ្តល់ផលប្រយោជន៍ដល់ប្រទេសជាតិ បន្ទាប់ពីគាត់បានវិលត្រឡប់មកពីការនិរទេសខ្លួន នៅក្រៅប្រទេស។

សារព័ត៌មាន CNA បានចេញផ្សាយ កាលពីថ្ងៃសៅរ៍ ទី២ ខែកញ្ញា ថា បើតាមសេចក្ដីប្រកាសមួយ ត្រូវបានចុះផ្សាយ នៅលើសារព័ត៌មានThe Royal Gazette កាលពីថ្ងៃសុក្រ បានឲ្យដឹង ថា ព្រះមហាក្សត្រថៃ បានផ្ដល់ព្រះរាជទានបន្ធូរបន្ថយទោស ដល់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) អតីតនាយករដ្ឋមន្រ្ដី ពីការជាប់ពន្ធនាគារ សរុប រយៈពេល៨ឆ្នាំ មកនៅត្រឹមតែការជាប់គុក រយៈពេល១ឆ្នាំ។ ការលើកលែងទោស ដែលបានចុះថ្ងៃទី៣១ ខែសីហា ត្រូវបានចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រីចាំផ្ទះ លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha)។

អ្នកទោសជាមហាសេដ្ឋី វ័យ៧៤ឆ្នាំរូបនេះ បានដាក់ញត្តិជាផ្លូវការ ស្នើសុំព្រះរាជទានលើកលែងទោស ពីព្រះមហាក្សត្រ មិនបានប៉ុន្មានថ្ងៃផង ក្រោយការវិលត្រឡប់របស់គាត់ បានមកដល់ប្រទេសថៃ កាលពីថ្ងៃទី២២ ខែសីហា បន្ទាប់ពីនិរទេសខ្លួនដោយខ្លួនឯង រស់នៅបរទេស អស់រយៈពេល១៥ឆ្នាំកន្លងមក។

តុលាការកំពូលរបស់ថៃ បានសម្រេចកាត់ទោសលោក លោក ថាក់ស៊ីន ដាក់ពន្ធនាគារ រយៈពេល៨ឆ្នាំ ក្រោយពេលគាត់វិលត្រឡប់មកដល់ប្រទេសថៃ ត្រឹមតែ១ថ្ងៃប៉ុណ្ណោះ ដោយបានកាត់ទោសជាប់គុក រយៈពេល៣ឆ្នាំ ជាប់ពាក់ព័ន្ធនឹង២ករណី ហើយ៥ឆ្នាំទៀត នៅក្នុងករណីទី៣ ពាក់ព័ន្ធឹនងទំនាស់ផលប្រយោជន៍ និង ការរំលោភអំណាច ខណៈគាត់កំពុងតែធ្វើជានាយករដ្ឋមន្រ្ដី នៅដើមទសវត្សរ៍ឆ្នាំ២០០០។

ក្នុងសំណុំរឿងទី១-លោក ថាក់ស៊ីន ត្រូវបានកាត់ទោសកំបាំងមុខ ដាក់ពន្ធនាគារ រយៈពេល ៣ឆ្នាំ ពីបទទំនាស់ផលប្រយោជន៍។ តុលាការ បានអះអាង ថា លោក ថាក់ស៊ីន បានបញ្ជាឱ្យធនាគារ Exim Bank (អេកសេម បែងខ៍) គ្រប់គ្រងដោយរដ្ឋ អនុញ្ញាតឱ្យខ្ចីប្រាក់ ចំនួន ៤ពាន់លានបាត (លុយថៃ) ឬស្មើនឹងប្រហែលជាង១១៤,១លានដុល្លារ នៅក្នុងអត្រាការប្រាក់ទាបជាងតម្លៃទីផ្សារ ទៅឲ្យដល់ប្រទេសមីយ៉ាន់ម៉ា ដើម្បីអាចទិញផលិតផល ពីក្រុមហ៊ុន Shin Satellite Plc (ស៊ីន សេថែលឡាយ ភីអិលស៊ី) ដែលជាក្រុមហ៊ុន គ្រប់គ្រងដោយគ្រួសាររបស់គាត់។

នៅក្នុងករណីទី២-លោកថាក់ស៊ីន ត្រូវបានកាត់ទោសពីបទបើកឆ្នោត២លេខ និង ៣លេខដោយខុសច្បាប់ ចន្លោះពីឆ្នាំ២០០៣ ដល់ ២០០៦។ នេះជាការរំលោភអំណាច ដោយសារតែគម្រោងនេះ មិនទទួលបានគាំទ្រ ដោយច្បាប់ណាមួយនោះឡើយ។

នៅក្នុងករណីទី៣-តុលាការបានកាត់ទោសលោក ថាក់ស៊ីន ពីការបង្កើតទ្រព្យសម្បត្តិរបស់គាត់ នៅក្នុងឧស្សាហកម្មទូរគមនាគមន៍ ទើបនាំឱ្យជាប់ពន្ធនាគារ រយៈពេល៥ឆ្នាំ ក្រោមការចោទប្រកាន់ពីបទក្លែងបន្លំ ពាក់ព័ន្ធនឹងការដោះស្រាយសម្បទានទូរស័ព្ទ និង ទំនាស់ផលប្រយោជន៍ ចន្លោះពីឆ្នាំ២០០១ និង ២០០៦ នៅក្នុងអំឡុងការកាន់អំណាចអាណត្តិទី២របស់គាត់ ជានាយករដ្ឋមន្ត្រី៕រក្សាសិទ្ធដោយ ៖ សារាយSN

×