Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជារកចំណូលបានពីការនាំចេញជ័រកៅស៊ូ បានជាង ២​២៨ លានដុល្លារ ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៣នេះ

ភ្នំពេញ៖ កម្ពុជា ទទួលបានចំណូលពីការនាំចេញជ័រកៅស៊ូ គិតត្រឹមខែកក្កដា ឆ្នាំ២០២៣ ពោលចាប់ពីខែមករា ដល់ខែកក្កដា នៅក្នុងរយៈពេល៧ខែ ឆ្នាំ២០២៣ ដែលមានទឹកប្រាក់ចំនួន ២២៨,៥០០,០២៣ ដុល្លារ ។ នេះ​បើ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូនៃក្រសួងកសិកម្ម

ដោយឡែក ការនាំចេញឈើកៅស៊ូវិញ ទទួលបានទឹកប្រាក់ចំនួន ១,០១៦,៦៣៩ ដុល្លារ គិតត្រឹមខែកក្កដា ឆ្នាំ២០២៣នេះ ដែលជ័រកៅស៊ូមានតម្លៃ ១,៣៣៧ដុល្លារ ក្នុង១តោន ថយចុះចំនួន ២៤៤ដុល្លារ ក្នុង១តោន ស្មើនឹង១៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ចំណែកឯ តម្លៃនៃការនាំចេញឈើកៅស៊ូ ក្នុងរយៈពេលដូចគ្នានេះ មានតម្លៃ ២១៥ដុល្លារ ក្នុងមួយម៉ែត្រគីប។ ការនាំចេញឈើកៅស៊ូ មានទឹកប្រាក់សរុបចំនួន១,០១៦,៦៣៩ដុល្លារ។

គួររំលឹកថា ក្នុងឆ្នាំ២០២២កន្លងទៅ កម្ពុជារកចំណូលបានជាង ៥៣១ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ ក្នុងនោះ ចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន ៥២៧ ៧៧៤ ៥៦៩ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន ៤ ០៨៩ ២៧៣ ដុល្លារ។

ទីផ្សារចម្បងរបស់កម្ពុជាក្នុងការនាំចេញកៅស៊ូ មានទៅប្រទេសម៉ាឡេស៊ី វៀតណាម សិង្ហបុរី និងចិន។ តម្រូវការទីផ្សារកៅស៊ូធម្មជាតិពិភពលោកបានកើនដល់តម្លៃ ៣០,៦១ ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ហើយត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ៣,៥% ក្នុងរយៈពេលព្យាករណ៍ពីឆ្នាំ២០២៣-២០២៨ ដែលឡើងដល់តម្លៃប្រហែល ៣៧,៦៣ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៨។

កម្ពុជា​ មានផ្ទៃដីដំណាំកៅស៊ូ ចំនួន ៤០៤ ៥៧៨ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១៥ ៣៣២ហិកតា ស្មើនឹង ៧៨% និងផ្ទៃដីថែទាំមានចំនួន ៨៩,២៤៦ ហិកតា ស្មើនឹង២២%៕

×