ក្មេងស្រីអាយុ ១០ ឆ្នាំម្នាក់ នៅក្នុងប្រទេសចិន បានធ្វើឲ្យអ្នកលេងអ៊ីនធើរណែត ផ្ទុះការភ្ញាក់ផ្អើល និងគួរឲ្យអស់សំណើចយ៉ាងខ្លាំង បន្ទាប់កាលពីពេលថ្មីៗនេះ នាងសុខចិត្តចិត្តប្រគល់ខ្លួនឲ្យប៉ុស្តិ៍ប៉ូលីសក្នុងតំបន់ បន្ទាប់ពីត្រូវបានឪពុកម្តាយរបស់នាងបង្គាប់ឱ្យធ្វើដូច្នេះ។ រឿងរ៉ាវនេះបានកើតឡើង គឺដោយសារតែឪពុកម្តាយរបស់នាង ចាប់បាននាងលួចលុយចំនួន 800យ៉ន់ ឬស្មើជាង ១០០ដុល្លារ ពីពួកគេ ដើម្បីទិញអាហារសម្រន់ដោយលួចលាក់។
ដូចដែលបានរាយការណ៍ដោយ SCMP ករណីដ៏ភ្ញាក់ផ្អើលនេះបានកើតឡើងនៅថ្ងៃទី២២ ខែសីហា បន្ទាប់ពីចាប់បានកូនស្រីដោយផ្ទាល់ ឪពុកម្តាយបាននាំកូនស្រីដែលមានឈ្មោះ Zhang ទៅកាន់ប៉ុស្តិ៍ប៉ូលីសនៅទីក្រុង Ningbo រដ្ឋ Zhejiang ។
នៅចំពោះមុខប៉ូលិស ក្មេងស្រីនោះបានសារភាពទាំងទឹកភ្នែក ចំពោះការប្រព្រឹត្តខុសរបស់ខ្លួន ខណៈឪពុកម្តាយរបស់នាងប្រាប់ប៉ូលីសថា ពួករៀបចំផែនការទាំងមូល គឺដើម្បី “បង្រៀនមេរៀនមួយនេះ” ដល់កូនស្រី។
ក្នុងពេលសារភាពនៅប៉ុស្តិ៍ប៉ូលិស កុមារីអាយុ ១០ ឆ្នាំរូបនេះបាននិយាយថា គ្រួសាររបស់នាងមានហាងលក់ទំនិញមួយកន្លែង ដែលនាងតែងតែលួចទិញអាហារសម្រន់មិនឲ្យដឹងនោះទេ បន្ទាប់ពីឪពុករបស់នាង មានការព្រួយបារម្ភអំពីសុខភាពរបស់នាង ហើយបានដាក់កម្រិតលើចំនួនដែលនាងអាចញ៉ាំបាន។
ក្មេងស្រីតូចនោះបានប្រើល្បិចមួយនេះ ដោយនាងនឹងលួចលុយពីឪពុកម្តាយរបស់នាង រួចប្រគល់ឱ្យមិត្តរួមថ្នាក់របស់នាង យកទៅទិញអាហារសម្រន់ពីហាងឪពុកម្តាយរបស់នាង ហើយប្រគល់ឱ្យនាង។
មន្ត្រីប៉ូលីសបានសុំឱ្យក្មេងស្រីនោះសរសេរពាក្យសន្យា ដោយបាននិយាយបែបនេះថា «ប្រសិនបើអ្នកប្ដេជ្ញាកែកំហុសរបស់អ្នក យើងនឹងអត់ទោសឲ្យ»។
ក្មេងស្រីនោះងក់ក្បាល ហើយសរសេរសំបុត្រមួយច្បាប់ទៅប៉ូលីស ដែលសរសេរថា «ខ្ញុំនឹងមិនយកលុយរបស់ម៉ាក់និងប៉ាខ្ញុំទៀតទេ ហើយខ្ញុំក៏មិនបោកបញ្ឆោតអ្នកណាដែរ។ ខ្ញុំនឹងខំប្រឹងរៀនសូត្រ ហើយឈប់លេងកំឡុងពេលរៀន។ ខ្ញុំនឹងធ្វើកិច្ចការផ្ទះឱ្យទាន់ពេលជារៀងរាល់ថ្ងៃ»។
បន្ទាប់មក នាងបានសុំទោសឪពុករបស់នាង ហើយមន្ត្រីប៉ូលីសបានសន្យាថានឹង “ធ្វើការរួមគ្នាដើម្បីកែកំហុសរបស់នាងបន្តិចម្តងៗ និងរក្សាការសន្យារបស់នាង”៕ រក្សាសិទ្ធិដោយ៖ លឹម ហុង