Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រ្តី​បុគ្គលិក​ផ្លូវដែ​ក ទទួលការ​សរសើរ​ពី​ភាព​ក្លា​ហាន បន្ទាប់​ជួយសង្គ្រោះ​ជីវិត​បុរស​ម្នាក់ ព្យាយាម​ឆ្លងផ្លូវ​រថភ្លើង​មិន​ប្រយ័​ត្ន

ស្រ្តីបុគ្គលិកផ្លូវដែកម្នាក់ មកពីឃុំ Dien Ky ស្រុក Dien Chau ខេត្ត Nghe An ទទួលបានការកោតសរសើរយ៉ាងខ្លាំង ចំពោះភាពក្លាហានរបស់គាត់ មិនគិតពីគ្រោះថ្នាក់ខ្លួនឯង ដោយបានជួយសង្គ្រោះអាយុជីវិតបុរសចំណាស់ម្នាក់ ដែលបានព្យាយាមឆ្លងផ្លូវរថភ្លើងមិនប្រុងប្រយ័ត្ន។

ក្រោយកើតហេតុ៤ថ្ងៃ អ្នកស្រី Pham Thi Huong អាយុ ៤៤ ឆ្នាំ ជាកម្មកររបស់ក្រុមហ៊ុនរថភ្លើង Vinh Railway បានឲ្យដឹងថា នៅវេលាម៉ោងប្រហែល ៨ ព្រឹក ថ្ងៃទី៣១ ខែសីហា ខណៈកំពុងបំពេញភារកិច្ចនៅផ្លូវបំបែក Km270 ពី Cau Giat ទៅ Yen Ly ខេត្ត Nghe An ពេលនោះអ្នកស្រីស្រាប់តែប្រទះឃើញបុរសម្នាក់ជិះម៉ូតូ​​ព្យាយាម​ឆ្លង​កាត់​ផ្លូវ​បំបែកមិន​បាន​ប្រយ័ត្ន បើទោះជា​សំឡេង​រោទ៍របស់រថភ្លើងបានបន្លឺឡើង។ ​នៅពេលបានឃើញបែបនេះ ខណៈ​រថភ្លើង​ដឹក​ទំនិញ HH73 ក៏មក​ដល់ អ្នកស្រីស្រែក​ខ្លាំងៗថា ​ឈប់​ភ្លាម​ៗ និងរត់​ស្ទុះ​ទៅ​ជួយ​ទាន់។

លោក Tran Hai Anh នាយកក្រុមហ៊ុន Vinh Railway បាននិយាយថា យោងតាមបទប្បញ្ញត្តិរបស់ឧស្សាហកម្មផ្លូវដែក មុនពេលរថភ្លើងមកដល់ សញ្ញាស៊ីរ៉ែននៅផ្លូវបំបែកនឹងបន្លឺឡើង ហើយនៅពេលនេះ បុគ្គលិកយាមនឹងទម្លាក់បារ៉ាស់ ដើម្បីរារាំងមនុស្សមិនអោយឆ្លងផ្លូវរថភ្លើងទៀតឡើយ។ ទោះជាយ៉ាងណា មនុស្សដែលមិនប្រុងប្រយ័ត្នជាច្រើន គឺនៅតែចេតនាឆ្លងកាត់ផ្លូវរថភ្លើង នៅពេលដែលរថភ្លើងហៀបនឹងមកដល់ ដែលនាំឱ្យកើតមានសោកនាដកម្មជាច្រើន។

លោក Hai Anh បានបន្ថែមថា «យើងមានសេចក្តីសោមនស្សរីករាយ និងមានមោទនៈភាពយ៉ាងខ្លាំង នៅពេលដែលកម្មកររបស់យើងមានភាពរហ័សរហួន និងក្លាហានក្នុងការជួយសង្គ្រោះជីវិត នេះជាគំរូដ៏ភ្លឺស្វាងមួយ ដែលយើងសង្ឃឹមថា នឹងមានការចម្លងគំរូ និងផ្សព្វផ្សាយនៅក្នុងក្រុមហ៊ុន ជាពិសេស សម្រាប់ឧស្សាហកម្មផ្លូវដែកទាំងអស់។

លោក Le Van Toan ប្រធានមជ្ឈមណ្ឌលព័ត៌មាន Cau Giat បានមានប្រសាសន៍ថា «លោកស្រី Pham Thi Huong ជាកម្មាភិបាលគំរូល្អ រស់នៅប្រកបដោយសុខសន្តិភាព។ គាត់តែងតែបំពេញកិច្ចការងារដែលបានកំណត់ឱ្យបានល្អ ក្នុងអំឡុងពេលការងារ។ សកម្មភាពដ៏ក្លាហានរបស់គាត់នាពេលថ្មីៗនេះ ដើម្បីជួយសង្រ្គោះជីវិតមនុស្ស គឺជាគំរូដ៏ភ្លឺស្វាងសម្រាប់វិស័យផ្លូវដែកនេះ ដែលគាត់បានធ្វើអស់រយៈពេលជិត ២០ ឆ្នាំ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×