គេហទំព័រ Daily Mail បានរាយការណ៍កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ថា កាលពីពេលថ្មីៗនេះ អ្នកស៊ើបអង្កេតសង្គម បានកំពុងផ្តោតទៅលើរូបភាពគួរឱ្យខ្លាចមួយ ដែលស្ត្រីម្នាក់បានបង្ហោះនៅលើ Facebook ដោយបាននិយាយថា ក្មួយប្រុសរបស់នាងបានបង្ហាញរូបភាពនេះពី Google Map ហើយនាងបានរក្សាទុក តែឥឡូវនេះនាងសម្រេចចិត្តបង្ហោះ ដើម្បីឲ្យសាធារណជនជួយពិនិត្យ ចំពោះទិដ្ឋភាពបុរសម្នាក់បណ្តើរកង់ជាមួយរបស់អ្វីទំនងជាសាកសព តើជាអ្វីទៅ?។
រូបភាពដែលគេជឿថាថតបានកាលពីខែមិថុនា ឆ្នាំ២០១៩ បានបង្ហាញពីបុរសម្នាក់បណ្តើរកង់តាមដងផ្លូវ Kent ក្នុងទីក្រុង Akron រដ្ឋ Ohio សហរដ្ឋអាមេរិក។ តែអ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺថានៅលើកង់របស់គាត់មានអ្វីមួយដែលគ្របដណ្ដប់ដោយផ្ទាំងក្រណាត់ពណ៌ប្រផេះ ហើយរូបរាងរបស់វាធ្វើឱ្យឃើញដូចមិនស្រួលខ្លួនសោះ ព្រោះវាហាក់ដូចជាសាកសពត្រូវបានចងដឹកដ៏គួរឲ្យសង្វេគ។
ដោយឡែក មតិ Comments ពីអ្នកនិយមលេងអ៊ីនធឺណិត បានលើកឡើងតាមការយល់ឃើញដូចជា “បុរសនោះកំពុងដឹកសាកសព”, “មើលទៅដូចជាសាកសព” ខណៈពេលដែលមនុស្សជាច្រើនបានចោមរោមធ្វើការវិភាគ ដោយអះអាងថា វាអាចជាអាវុធចេញក្រៅ។ រីឯអ្នកផ្សេងទៀត បានមើលឃើញថា មានឈាមនៅលើស្បែកជើងបុរសដែលបណ្តើរកង់ផងដែរ។
ទោះជាយ៉ាងណា មានមនុស្សដទៃទៀត បានចង្អុលបង្ហាញថា វត្ថុនៅពីក្រោមផ្ទាំងក្រណាត់ តាមពិតជាតង់ មិនមែនជាសាកសព ដូចដែលអ្នកនិយមលេងអ៊ីនធឺណែតយល់ច្រលំនោះទេ។ ផ្តល់ព័ត៌មានបន្ថែមលើរឿងនេះ គេក៏បានបញ្ជាក់ថា ផ្លូវដែលនៅជាប់នឹងផ្លូវ Kent មានជំរុំមួយដែលមនុស្សអនាថាតែងតែមករស់នៅ ហើយដេកនៅទីនោះ ដោយយកតង់ដែលអាចលាតចេញបាន។ ហេតុនេះ បុរសម្នាក់នេះប្រហែលជាជនអនាថាម្នាក់ដែលចូល ឬចាកចេញពីជំរំនោះ រួមជាមួយតង់របស់គាត់។
ក្រោយមក Google បានធ្វើការដោះស្រាយបញ្ហា ដោយបានធ្វើឱ្យព្រិលរូបភាព ទៅលើវត្ថុនៅលើកង់របស់បុរសរូបនោះ បន្ទាប់ពីត្រូវបានអ្នកលេងបណ្តាញសង្គមយល់ថា ជាសាកសព៕ រក្សាសិទ្ធិដោយ៖ លឹម ហុង