នារីថៃម្នាក់ បានធ្វើឲ្យគ្រប់គ្នានៅលើបណ្តាញសង្គម អស់សំណើច និងគាំទ្រវីដេអូឃ្លីបរបស់នាងយ៉ាងខ្លាំង បន្ទាប់ពីបានថតបង្ហាញខ្លួនប្រាណប្រឡាក់ទៅដោយភក់ និងឈាមច្រមុះ បន្ទាប់ពីជិះម៉ូតូដួល ដោយសារផ្លូវដ៏មហាសែនយ៉ាប់ ខណៈនាងយកចង្ហាន់ទៅវត្ត។
បង្ហោះនៅលើគណនី TikTok របស់ខ្លួន នារីដ៏កំប្លែងរូបនេះ បានរៀបរាប់ដោយដឹងថា៖ «កំពុងជិះម៉ូតូទៅធ្វើបុណ្យនៅវត្ត មេឃភ្លៀង ផ្លូវរអិល ដួលប្រឡាក់ភក់ពេញខ្លួនប្រាណគ្មានសល់ទេ» និងព្រមទាំងភ្ជាប់ Caption ពាក្យមួយឃ្លាយ៉ាងចាក់ដោតថា «ថ្ងៃវិសាខបូជានេះ សូមទៅព្យាបាលរបួសមុនហើយ លោកយាយលោកតាអើយ!»។
តាមរយៈវីដេអូ បានបង្ហាញកង់ម៉ូតូរបស់នាងជាប់ភក់យ៉ាងណែន ខណៈសម្លៀកបំពាក់ និងមួកសុវត្ថិភាព ក៏ប្រឡាក់យ៉ាងដំណំផងដែរ។ លើសពីនេះ អ្វីដែលគួរឲ្យអស់សំណើចខ្លាំងនោះ គឺថាច្រមុះរបស់នាងរងរបួសពីការដួលហូរឈាម ខណៈស្បែកជើងរអិលចូលក្នុងកជើង ហើយបើក្រឡេកទៅមើលចានស្រាកបាយសម្ល ដែលយកទៅប្រគេនព្រះសង្ឃ ក៏ត្រូវបានចាក់ចោលលើដីគ្មានសល់នោះទេ។
ជាមួយការបង្ហោះឲ្យឃើញបែបនេះ អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិទាំងអស់សំណើចថា៖ «អស់ទាស់ហ្មង ដួលប៉ុណ្ណឹងហើយ នៅសើចសមទៀត, ព្រះសង្ឃដាច់ចង្ហាន់ហើយ,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
ទស្សនាវីដេអូ=>(Video)