មនុស្សភាគច្រើន ជាពិសេសអ្នកកើតធំដឹងក្តីឡើងនៅស្រុកស្រែចម្ការ មិនភ្លេចនោះទេកាលវ័យកុមារ គឺតែងតែចូលចិត្តលេងទឹកភ្លៀង នៅពេលភ្លៀងធ្លាក់ម្តងៗ។ តែយ៉ាងណាមិញ ថ្មីៗនេះ បុរសជាជនបរទេសម្នាក់ បានធ្វើឲ្យជនជាតិម៉ាឡេស៊ីភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈបានឃើញបុរសនោះ បានកំពុងលេងក្នុងទឹកជំនន់ទឹកភ្លៀងយ៉ាងសប្បាយ ប្រៀបដូចកូនក្មេងអ៊ីចឹង។
នេះបើតាមទំព័រហ្វេសប៊ុក Penang Kini បានចែករំលែករូបភាព និងវីដេអូរបស់បុរសជនជាតិបរទេសម្នាក់ ដេកផ្កាប់មុខ និងលេងទឹកក្នុងទឹករាក់ ក្នុងទីក្រុង Georgetown រដ្ឋ Penang។ ក្នុងនោះ ពួកគេបានសរសេរថា «បុរសបរទេសម្នាក់ រំភើបចិត្តណាស់ ហ៊ានហែលទឹក និងមុជចូល (ទឹកលិច) នៅតំបន់ Komtar ខណៈភ្លៀងធ្លាក់ខ្លាំង រហូតលិចផ្លូវទាំងព្រឹក (ថ្ងៃទី៤ ខែកញ្ញា)»។
នៅក្នុងរូបភាព និងវីដេអូដែលបានបង្ហាញ គេបានឃើញបុរសជនជាតិបរទេសរូបនោះ ពិតជារីករាយនឹងខ្លួនឯងជាខ្លាំង នៅពេលដែលគាត់បានជ្រមុជខ្លួនចូលទៅក្នុងទឹកជន់លិចរាក់ៗ ដោយដេកលេង ដែលមើលទៅហាក់ដូចគាត់កំពុងនៅឆ្នេរសមុទ្រអ៊ីចឹង។
យ៉ាងណាមិញ រូបភាពហែលទឹកលេងកម្សាន្ត នៅក្នុងជំនន់ទឹកលិចផ្លូវដ៏អស់ទាស់នេះ ត្រូវបានមនុស្សមួយចំនួនដែលឈប់មើល និងថតបង្ហោះ ធ្វើឲ្យទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសហគមអនឡាញ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង