នេះជារឿងដ៏ចៃដន្យ និងស្ទើរមិនគួរឲ្យជឿ ដែលបុរសម្នាក់បានរួចផុតពីការស្លាប់ ដោយសារគុណបុណ្យទូរស័ព្ទរបស់គាត់បានផ្ទុះ ខណៈគាត់កំពុងត្រូវបានខ្លារខិនមួយក្បាលវាយប្រហារ។ នោះគឺពេលដែលទូរស័ព្ទបានផ្ទុះចំមុខ ធ្វើឲ្យសត្វខ្លាឈឺភ័យស្លន់ស្លោ សម្រេចរត់បោះបង់ការវាយប្រហារតែម្តង។
ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២៩ ខែសីហា នៅកសិដ្ឋានមួយកន្លែង ស្ថិតក្នុងតំបន់ Paiaguas ប្រទេសប្រេស៊ីល។
យោងតាមសារព័ត៌មាន Newsflash បុរសឃ្វាលគោអាយុ ៤០ ឆ្នាំម្នាក់ ត្រូវបានសត្វខ្លាមួយក្បាលវាយប្រហារ ខណៈពេលដែលគាត់កំពុងព្យាយាមរកមូលហេតុ ដែលសត្វឆ្កែចិញ្ចឹមរបស់គាត់មានភាពច្របូកច្របល់។ ប៉ុន្តែ អ្វីដែលមិននឹកស្មាននោះ គឺខណៈពេលកំពុងដើររករុក ស្រាប់ខ្លារខិនបានលបស្ទុះវាយប្រហារតែម្តង ហើយនៅពេលនោះដៃគូរបស់គាត់ បានព្យាយាមជួយសង្គ្រោះគាត់ដោយប្រើកាំបិត ប៉ុន្តែ ពុំអាចធ្វើឲ្យវាខ្លាចដកថយនោះទេ។
ក្នុងខណៈពេលនោះ បុរសឃ្វាលគោបានគិតថា គាត់នឹងមិនអាចគេចផុតពីសេចក្តីស្លាប់ ក្នុងចង្កូមខ្លាទេ។ តែអ្វីដែលជាសំណាងនោះ គឺនៅពេលដែលសត្វខ្លាខាំចំទូរស័ព្ទដៃក្នុងហោប៉ៅរបស់គាត់ ស្រាប់តែវាបានផ្ទុះចំមុខរបស់ខ្លា ដែលជាហេតុធ្វើឲ្យការវាយប្រហាររបស់វាត្រូវចុះចាញ់។
ភ្លាមៗនោះ បុរសរងគ្រោះត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ ជាមួយរបួសធ្ងន់ធ្ងរត្រង់ដៃ ជើង និងបាក់ដៃ ហើយលើសពីនេះ គាត់ក៏រងរបួសរលាកដៃជើងកំរិតទី២ ដោយសារទូរស័ព្ទផ្ទុះ។
ខ្លារខិនត្រូវបានគេជឿថា នៅមានជីវិត បន្ទាប់ពីភ័យស្លន់ស្លោ ដោយសារទូរស័ព្ទផ្ទុះចំមុខ ធ្វើឲ្យវារត់បានត្រឡប់ទៅព្រៃវិញ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង