Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥណ្ឌូនេស៊ី បង្ហាញការពេញចិត្ត ដែលកម្ពុជាបានយល់ព្រមផ្គត់ផ្គង់អង្ករដល់ខ្លួនចំនួន ២៥ ម៉ឺនតោនក្នុងមួយឆ្នាំ

ការយល់ព្រមនេះ បានបង្ហាញឲ្យដឹងនៅក្នុងជំនួបរវាងលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី និងសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងហ្សាកាតានៃប្រទេសឥណ្ឌូនេស៊ី ដោយលោក ចូកូ វីដូដូ បានបង្ហាញការពេញចិត្តដែលកម្ពុជា បានព្រមព្រៀងផ្គត់ផ្គង់អង្ករដល់ឥណ្ឌូនេស៊ីចំនួន ២៥ម៉ឺន ក្នុងមួយឆ្នាំ។ ​

លោក ចូកូ វីដូដូ បានមានប្រសាសន៍ថា «ខ្ញុំពេញចិត្តចំពោះការឆ្លើយតបជាវិជ្ជមានពីកម្ពុជា ពាក់ព័ន្ធនឹងការនាំចូលអង្ករ ២៥០,០០០ តោន »។ លោក បានបន្តថា ក្នុងកាយវិការទៅវិញទៅមក ឥណ្ឌូណេស៊ី នឹងគាំទ្រកម្មវិធីសន្តិសុខស្បៀងរបស់កម្ពុជា តាមរយៈការផ្គត់ផ្គង់ជីកសិកម្ម។​

Workers preparing rice for export. KT/Chor Sokunthea

លើសពីនេះ កម្ពុជា និងឥណ្ឌូនេស៊ី ក៏បានព្រមព្រៀងផ្គត់ផ្គង់អង្ករមួយផ្នែកទៀតចំនួន ១២៥,០០០ តោន ដែលនឹងត្រូវអនុវត្តភ្លាមៗនៅឆ្នាំ ២០២៣ ដោយវិស័យឯកជននៃប្រទេសទាំងពីរផងដែរ។ ហើយការយល់ព្រមផ្គត់ផ្គង់អង្ករ ២៥ម៉ឺនតោនក្នុងមួយឆ្នាំ ដល់ប្រទេសឥណ្ឌូនេស៊ី ក៏ដើម្បីរក្សាបាននូវសុវត្ថិភាពស្បៀង និងការប្រើប្រាស់ក្នុងប្រទេសនេះផងដែរ។

ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ការព្រមព្រៀងផ្គត់ផ្គង់អង្ករប្រមាណ ២៥ម៉ឺនតោនក្នុងមួយឆ្នាំ ដល់ប្រទេសឥណ្ឌនេស៊ី គឺមានរយៈពេល ៤ឆ្នាំ ដែលនឹងចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំ២០២៤ខាងមុខតទៅ។

កម្ពុជា និងឥណ្ឌូណេស៊ី បានព្រមព្រៀងបន្តចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាលើកដំបូងក្នុងឆ្នាំ២០១២ រវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី ដែលតម្លៃគឺកំណត់ទៅតាមទីផ្សារ។ ក្រសួង ក៏បានលើកទឹកចិត្តអ្នកវិនិយោគឥណ្ឌូណេស៊ី មកបណ្តាក់ទុនក្នុងរោងម៉ាស៊ីនកិនស្រូវនៅកម្ពុជា តាមស្តង់ដារសម្រាប់ការនាំចេញ។ គួរបញ្ជាក់ថា កម្ពុជា បាននាំចេញអង្ករក្រអូប អង្ករសគ្រាប់វែង អង្ករសម្រូប និងអង្ករសរីរាង្គជាដើម ទៅកាន់ប្រទេសចំនួន ៥២ ជុំវិញពិភពលោក ។ ជាក់ស្តែង ក្នុងឆមាសទី ១ ឆ្នាំ២០២៣នេះ កម្ពុជា បាននាំចេញអង្ករចំនួន ៣២៩,៦៣៣ តោន ទៅក្រៅប្រទេស ដោយរកចំណូលបានប្រមាណ ២២៩ លានដុល្លារអាមេរិក៕

×