កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ គេហទំព័រ Aerotime បានចុះផ្សាយនូវហេតុការណ៍ដ៏រន្ធត់មួយ ដែលបានកើតឡើងនៅក្នុងប្រទេសទួរគី គឺនៅពេលដែល “វត្ថុអាថ៌កំបាំង” ដ៏ធំមួយ ស្រាប់តែបានធ្លាក់ពីលើមេឃ ដោយមិនដឹងមកពីប្រភពណា បានធ្លាក់មកលើរថយន្តដែលកំពុងចតនៅក្នុងចំណត បណ្តាលឲ្យខូចខាតយ៉ាងតិច៣គ្រឿង ខណៈដែលអ្នកបានឃើញហេតុការណ៍នោះផ្ទាល់ ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងចំណតរថយន្តរបស់សាជីវកម្មប្រេងទួរគី (TPAO) ក្នុងរដ្ឋធានីអង់ការ៉ា។ វីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញឱ្យឃើញវត្ថុដ៏ធំនោះ កំពុងស្ថិតនៅលើរថយន្ត២គ្រឿង ដែលរងការកំពិតដំបូលយ៉ាងដំណំ។ ខណៈវីដេអូឃ្លីបមួយទៀតដែលថតបានដោយអ្នកបើកបរនៅលើផ្លូវ បង្ហាញឲ្យឃើញវត្ថុដ៏ធំនេះបានធ្លាក់ចុះពីលើមេឃក្នុងល្បឿនយ៉ាងលឿន។
បន្ទាប់ពីការពិនិត្យបឋម បានរកឃើញថា វត្ថុនោះគឺជាធុងសាំងខាងក្រៅរបស់យន្តហោះចម្បាំង F-4 ដែលជាកម្មសិទ្ធិរបស់កងទ័ពអាកាសទួរគី ដែលយន្តហោះនេះបានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ Istanbul Ataturk (ISL) ទៅកាន់មូលដ្ឋានទ័ពអាកាស Eskisehir (ESK) ដែលជាទីស្នាក់ការកណ្តាល នៃបញ្ជាការដ្ឋានទ័ពអាកាសទី១ ហើយបណ្តាលឲ្យធុងប្រេងធ្លាក់បែបនេះតែម្តង។
ក្រសួងការពារជាតិទួរគី បានបង្ហាញនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “មិនមានអ្នកស្លាប់ ឬរបួសនៅក្នុងឧបទ្ទវហេតុនេះទេ។ ការស៊ើបអង្កេតលម្អិត កំពុងដំណើរការដើម្បីកំណត់ពីមូលហេតុពិតប្រាកដ”៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
Mustafa Kemal mahallesi Anadolu bulvarı bağlantısında otopark alanına bir hava aracından parça düştü. pic.twitter.com/CXCMlCTvs8
— Ankara Trafik Radar (@ankara_cevirme) September 4, 2023