គេហទំព័រ Mirror Media នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ បានបញ្ចេញរឿងរ៉ាវដ៏ច្របូកច្របល់មួយ ដែលបានកើតឡើងនៅកណ្តាលផ្លូវ ក្នុងខេត្ត Guangdong ប្រទេសចិន ដោយបុរសជាប្តីបានលួចក្បត់ប្រពន្ធរបស់ខ្លួន នាំមិត្តស្រីដែលជាគូស្នេហ៍ជិះឡានជាមួយគ្នាយ៉ាងមានសេចក្តីសុខ។ ប៉ុន្តែ អ្នកដែលចាប់បាននោះ គឺមិនមែនជាប្រពន្ធទេ តែជាឪពុកម្តាយបង្កើតរបស់ខ្លួនឯង ដែលនាំកូនប្រសា និងចៅ មកវាយដល់កន្លែង ហើយថែមទាំងវាយរហូតដល់រថយន្តខ្ទេចខ្ទីអស់ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមកដោះស្រាយ។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា បុរសម្នាក់បាននាំគូស្នេហ៍របស់ខ្លួន ដោយបើកឡានធ្វើដំណើរជាមួយគ្នា។ ប៉ុន្តែ លុះឪពុកម្តាយបង្កើតបានដឹង ពួកគេក៏បាននាំប្រពន្ធជាកូនប្រសាស្រី រួមជាមួយកូន២នាក់ជាចៅ តាមស្វែងរក។ ពេលប្រទះឃើញឡានកូនប្រុស កំពុងនៅជាមួយស្រីម្នាក់ក្បែរនោះ ឪពុកម្តាយខឹងយ៉ាងខ្លាំង និងស្រែកឆោឡោឡើង ហើយប្រាប់អ្នកទាំងពីរឲ្យចុះពីរថយន្ត។ ប៉ុន្តែ ដោយសារបុរសជាប្តីនោះមានការភ័យខ្លាចមិនហ៊ានចុហជួបមុខគ្រួសារ ហើយបន្តអង្គុយសង្ងំក្នុងរថយន្ត នៅពេលនោះ ឪពុកម្តាយ និងកូនប្រសា ចាប់ផ្តើមវាយកញ្ចក់រថយន្តឡើងខ្ទេចតែម្តង។
ស្ថានការណ៍កាន់តែតានតឹងខ្លាំងឡើងៗ រហូតទប់មិនជាប់ អ្នកធ្វើដំណើរឆ្លងកាត់ក្នុងតំបន់នោះ ដែលមានការធុញទ្រាន់ពីការរាំងស្ទះចរាចរ ដូច្នេះ ពួកគេក៏បានទូរស័ព្ទទៅសមត្ថកិច្ច ដើម្បីឲ្យមកដោះស្រាយរឿងនេះ។ ប៉ុន្តែពេលសមត្ថកិច្ចទៅដល់ ឪពុកម្តាយនៅតែមិនព្រមស្ងប់ស្ងាត់ ដោយបន្តស្រែកដាក់កូនប្រុស និងស្រ្តីជាគូស្នេហ៍នោះយ៉ាងខ្លាំង រហូតដល់ទីបំផុត កូនប្រុសទ្រាំលែងបាន ក៏បានព្យាយាមបើករថយន្តចេញទៅ ដោយមិនខ្វល់ថា ឪពុកម្តាយរបស់ខ្លួននៅពីមុខស្ទើរតែដួល។
យ៉ាងណាមិញ បន្ទាប់ពីវីដេអូឃ្លីបនៃហេតុការណ៍នេះ ត្រូវបានបង្ហោះរីករាលលើបណ្តាញសង្គម មនុស្សជាច្រើនបានរិះគាន់យ៉ាងចាស់ៗដៃ ចំពោះទង្វើដ៏អសីលធម៌របស់កូនប្រុស ដែលត្រូវជាប្តីរូបនោះថា បានការពារស្រីស្នេហ៍ដ៏ឥតអៀនខ្មាស សុខចិត្តធ្វើបាបអារម្មណ៍ឪពុកម្តាយ និងប្រពន្ធកូនរបស់ខ្លួន ហើយថែមទាំងធ្វើឱ្យពួកគេរងរបួស ដោយសារការវាយកម្ទេចកញ្ចក់រថយន្ត។
ដោយឡែក នៅពេលបានឃើញមុខមាត់របស់នារីជា «ស្រីកំណាន់» អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនភ្ញាក់ផ្អើល ព្រោះមើលទៅនាងស្អាត ស្លូតបូត មិនគួរអោយជឿសោះថា មានទំនាក់ទំនងស្នេហាជាមួយប្តីគេបែបនេះ។ «អូយ! ព្រោះតែបែបនេះហើយ ទើបបានជាធ្វើឲ្យបុរសជាប្តីលង់ស្រលាញ់នាងខ្លាំងម្ល៉េះ! បើបេះដូងប្តីលែងនៅជាមួយគ្រួសារ សូមបញ្ចប់រឿងដោយលែងលះទៅ តែគួរឲ្យអាណិតទាំងប្រពន្ធទាំងកូនណាស់,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង