រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំដល់កសិករឲ្យជ្រើសរើសប្រើប្រាស់ពូជស្រូវសុទ្ធ ពូជស្រូវល្អ ដូចជា សែនក្រអូប និងផ្ការំដួល ដែលជាពូជស្រូវយុទ្ធសាស្ត្ររបស់ខ្មែរ ដើម្បីទទួលបានទន្និផលខ្ពស់ មានតម្លៃថ្លៃ មានការចុះបញ្ជី មានវិញ្ញាបនបត្រត្រឹមត្រូវ និងមានខ្សែច្រវាក់ទីផ្សារល្អ។
ក្នុងឱកាសដែលឯកឧត្តម បានចុះពិនិត្យមើលស្ថានភាពស្រូវ អង្ករ ការបង្កបង្កើនផលដំណាំស្រូវ និងការប្រមូលផលស្រូវរបស់ប្រជាកសិករ នៅខេត្តចំនួន ៤ នៅភាគពាយ័ព្យនៃប្រទេសជាប់ព្រំដែនថៃ ដែលរាជរដ្ឋាភិបាលចាត់ទុកជាប៉ូលសេដ្ឋកិច្ចទី ៤ មានសក្តានុពលខ្ពស់លើវិស័យកសិកម្ម និងមច្ឆជាតិ។
នៅក្នុងដំណើរចុះមូលដ្ឋានផ្ទាល់នោះ ឯកឧត្តម បានជួបជាមួយមន្ត្រីជំនាញពាក់ព័ន្ធ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ អ្នកនាំចេញ និងជួបសំណេះសំណាលជាមួយប្រជាកសិករ ហើយឯកឧត្តម បានណែនាំដល់កសិករត្រូវជ្រើសរើសប្រើប្រាស់ពូជស្រូវ២ប្រភេទដែលជាពូជស្រូវយុទ្ធសាស្ត្ររបស់ខ្មែរ គឺស្រូវសែនក្រអូប និងផ្ការំដួល។
ក្រៅពីការចុះពិនិត្យមើលការបង្កបង្កើនផលស្រូវរបស់កសិករ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏បានចុះពិនិត្យមើលស្ថានភាពភូមិសាស្រ្តនៅតាមបន្ទាត់ព្រំដែន ដោយរួមជាមួយប្រតិភូអមដំណើរការចុះពិនិត្យមើលយុទ្ធសាស្រ្តនៃការនាំចេញ-ចូលតាមព្រំដែន ពិសេសផ្តោសំខាន់លើផលិតផលកសិកម្ម ដែលកសិករផលិតបាន ដើម្បីធ្វើការនាំចេញទៅក្រៅប្រទេស។
បើតាមអ្នករកទទួលទានក្នុងវិស័យស្រូវអង្ករ តម្លៃស្រូវសើម ឬស្រូវនៅតាមវាលស្រែ នៅតាមបណ្តាខេត្តមួយចំនួន គិតត្រឹមថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៣ សម្រាប់ស្រូវក្រអូប មានតម្លៃចន្លោះពី ១.២១០ ទៅ ១.២២០រៀល ក្នុងមួយគីឡូក្រាម, ស្រូវអូអឹម ថ្លៃចន្លោះពី ១.១២០ ទៅ ១.២១០រៀល ក្នុងមួយគីឡូក្រាម, ស្រូវអ៊ីអ៊ែ ថ្លៃ ១.២០០រៀល ក្នុងមួយគីឡូក្រាម និងស្រូវស្រងែ ថ្លៃពី ១.១៧០ទៅ ១.១៨០រៀល ក្នុងមួយគីឡូក្រាម។ នេះបើយោងតាមស្ថិតិតារាងតម្លៃស្រូវប្រចាំថ្ងៃរបស់សហព័ន្ធស្រូវអង្ករកម្ពុជា។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកខេត្តចំនួន ៤ គឺខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន បង្កើតទៅជាប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ក្នុងគោលបំណងឆ្លើយតបទៅនឹងកំណើនវិស័យកសិកម្ម និងមច្ឆជាតិ ព្រោះខេត្តទាំង៤នេះ សម្បូរទៅដោយស្រូវ និងត្រី ដើម្បីកែច្នៃនាំចេញទៅទីផ្សារតំបន់ និងពិភពលោក៕