កាលពីពេលថ្មីៗនេះ យុវជនម្នាក់នៅទីក្រុង Xiangyang ខេត្ត Hubei របស់ប្រទេសចិន បានបង្កការវែកញែកយ៉ាងខ្លាំង នៅលើបណ្តាញសង្គម បន្ទាប់ពីបុរសរូបនេះបានបង្ហាញសកម្មភាពដ៏ប្រមាថ «ដុត» ក្រដាសប្រាក់ ដើម្បីបង្អួតទ្រព្យសម្បត្តិ ប៉ុន្តែក្រោយមក ញញឹមលែងចេញ ព្រោះត្រូវបង់ថ្លៃមេរៀនមួយនេះយ៉ាងធ្ងន់។
យោងតាមសេចក្តីរាយការណ៍ យុវជនរូបនេះបានថតវីដេអូដែលគាត់បានដុតក្រដាសប្រាក់ប្រភេទ 100 យន់ ហើយបន្ទាប់មក បានផ្ញើវីដេអូទៅគ្រុបឆាតដែលមានសមាជិកជាង ៤០០ នាក់។
មួយសន្ទុះក្រោយមក ស្រាប់តែសមាជិកដែលមិនពេញចិត្ត បានរាយការណ៍ពីទង្វើរបស់គាត់ទៅប៉ូលីសតែម្តង។ ព្រោះថានេះគឺជាជាទង្វើខុសច្បាប់ ដែលជាការប្រមាថ និងបំផ្លាញរូបិយប័ណ្ណ។ ប៉ូលីសក្នុងតំបន់បានចេញការព្រមាន និងបញ្ជាឱ្យផាកពិន័យចំនួន 10,000 យ័ន (ជាង ១៣០០ ដុល្លារ)។
តាមការស៊ើបអង្កេតបន្ថែមទៀត គេបានរកឃើញថា បុរសម្នាក់នេះតែងតែបង្ហោះវីដេអូដែលខ្លួនកំពុងបើកបររថយន្តទំនើប និងបង្ហាញរបស់របរទំនើបៗរបស់ខ្លួន ទៅកាន់គ្រុបឆាត ដើម្បីបង្អួតពីភាពឡូយឆាយ និងភាពមានបានខ្លាំង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង