មុននឹងឈានចូលដល់ពិធីកម្ម សូមក្រាលកម្រាលឱ្យបានយល់ដឹងចំពោះរឿងនេះឱ្យទូលំទូលាយជាមូលដ្ឋានគ្រឹះជាមុនសិនថា ដំបូងសូមបែងចែកសាកល្បងនូវឈ្មោះនៃអាទិទេព និងភូតខ្មោចដែលគេគោរពបូជាទាំងនោះថាមានអ្វីខ្លះ?
១- ព្រះនារាយណ៍ ព្រះព្រហ្ម ព្រះឥន្ទ្រ អាទិទេពទាំងនេះដោយភាគច្រើន ច្រើនពោលនៅក្នុងអាគមគាថា និងពាក្យសូត្រអន្ទង ព្រលឹងប៉ុណ្ណោះ មិនសូវជាមានតួនាទី លំនាំបែបបទនៅក្នុងជីវិតណាស់ណាទេ ឬក៏ថាអាចជាអាទិទេពថ្នាក់ខ្ពស់ពេកក៏ថាបាន។
២- ពីង : ពាក្យនេះធ្លាប់សួរអ្នកមានជំនឿគាត់ថា គឺជាបិសាច, ខ្មោចព្រាយ ពួកនេះច្រើនឱ្យទោសធ្វើឱ្យឈឺថ្កាត់ដោយប្រការ ផ្សេងៗ ហើយដោយភាគច្រើនៗប្រើក្បួនសែនជំងឺ សូត្របណ្ដេញខ្មោចព្រាយ តាមទម្លាប់នៅក្នុងគម្ពីរវេទមន្ដដូចជាអាគមដេញពីង។
៣- ពិស្ណុការ (វិស្ណុកម្ម) ជាអាទិទេពនៃជំនាញជាងនានា គេច្រើនមានពិធីបូជាស្នើជាមុនសិន មុននឹងចាប់ផ្ដើមធ្វើការងារផ្សេងៗ និងសិល្បៈជំនាញផ្សេងៗផងនោះ។
៤- ព្រាយក្បាល៨ ជាទេពខាងក្នុងការសម្ដែង, ការប្រដាល់ ឬការរាំច្រៀង។
៥- មេព្រៃ (ម្ចាស់ព្រៃ) មេភ្នំ (ម្ចាស់ភ្នំ) ជាទេព្រ័ក្សម្ចាស់លើភ្នំ មើលចូលព្រៃត្រូវបូជាសិន។
៦- ម្រេញគង្វាល (ទេពមើលថែរក្សាសត្វព្រៃ) ជាប្រភេទអាទិទេពមួយប្រភេទដែលរក្សាដល់សត្វព្រៃ។ ពួកអ្នកដែលទៅទាក់ដំរីក្ដី ទៅបរបាញ់សត្វព្រៃក្ដី ត្រូវបួងសួងដល់ទេវតាទាំងនេះ ហើយពួកហ្មដំរីគោរពទេពអង្គនេះខ្លាំងណាស់។
៧- អារ័ក្ស (ទេពារ័ក្ស) ជាទេវតារក្សានៅដើមឈើធំ ត្រពាំង បឹង។
៨- ច្រាប ជាខ្មោចភូត នៅតាមកំពូលដំបូក ដីទួលស្អាត រក្សានៅតាមប្រឡាយទឹក ផ្លូវរទេះ ជាប្រក្រតីចូលចិត្តស្ងប់ស្ងាត់ មិនរំខានកាចដាក់ដល់នរណាឡើយ។ ប៉ុន្ដែបើនរណាទៅល្មើសលើសលោះលើហើយ ក៏កាច់ផ្ដន្ទាទោសទាន់ហន់ភ្លាម។
៩- អ្នកតា ជាទេព្រ័ក្សរក្សាភូមិស្រុក ច្រើនខ្ទម ឬអាស្រមប្រចាំនៅតាមភូមិ
១០- ព្រះភូមិស្រែ ជាទេពនៅផ្ទាល់ដីស្រែចម្ការ គេច្រើនសែនព្រះភូមិនេះចំពោះតែស្រែណាដែលម្ចាស់ធ្លាប់ធ្វើកន្លងមក ហើយ ធ្វើនៅរដូវភ្ជួររាស់ធ្វើស្រែប៉ុណ្ណោះ។
១១- ក្រុងពាលី ជាទេពរក្សាដែនដី គេច្រើនសែនប្រាប់នៅមុនពេលនឹងជីកស្រះ, អណ្ដូង, សង់ផ្ទះ…ជានិច្ច។
១២- ម្ដាយដើម (ទេពដែលតាក់តែងជីវិតកូននៅក្នុងផ្ទៃ) រឿងនេះបានអធិប្បាយរួចមកហើយ។
១៣- គ្រូកំណើត ជាទេពប្រចាំខ្លួនម្នាក់ៗ
១៤- គ្រូមេមត់ ជាទេពដែលមកសណ្ឋិតជាមួយនឹងមនុស្សដែលអាចបញ្ជាន់រូបបាន ហើយហៅថាចូលមេមត់បាន មានច្រើនប្រភេទដូចជាសំណុំ សង្វារជាដើម។
១៥- ធ្មប់ (ខ្មោចចូល) ជាខ្មោចដែលគេចិញ្ចឹមដើម្បីជួយរក្សាអ្នកចិញ្ចឹមខ្លួនឯងផង ដូចជាកាប់មិនមុត បាញ់មិនចេញ ឬមិនត្រូវ ឬក៏សម្រាប់ប្រើឱ្យទៅធ្វើបាបអ្នកដទៃបាន គឺជាខ្មោចឆៅដែលចូលចិត្ដស៊ីសាច់ ស៊ីឈាមស្រស់ៗ។
១៦- អាប គឺជាខ្មោចដែលកើតចេញពីការរៀនអាគម ហើយធ្វើខុស ក្លាយទៅជាខ្មោចអាប ប៉ុន្ដែមិនកាចសាហាវដល់ធ្មប់នោះឡើយ។
១៧- ប្រកាំ ជាខ្មោចដែលមាននៅជាមួយនឹងរបស់ផ្សេងៗ ដូចជាព្រ័ត្រ ដំរី កាំបិត ដាវ លំពែង កាំភ្លើងជាដើម។
១៨- សាវណាង ជាទេពប្រចាំឧបករណ៍ដំដែក, ស្ពាន់, មាស ជាគ្រូជាង។
១៩- គ្រូវេទមន្ដផ្សេងៗ
២០- ព្រាយចនីវ ជាព្រាយកាចដែលតាមជញ្ជក់ឈាមតៗគ្នា មកតាមខ្សែលោហិត (ចំបួរ ជំបួរ ជួរ ព្រាយចំបួរ?)
២១- មហាជម្ពូ ជាទេព្ដាដែលហៅថាមេមត់មួយប្រភេទដែរ។
២២- ដំបងដែក ជាទេព្ដាដែលហៅថាមេមត់មួយប្រភេទដែរ។
២៣- ក្រុងឆេះ ជាទេព្ដាដែលហៅថាមេមត់មួយប្រភេទដែរ។ អ្នកខ្លះក៏ហៅជាខ្មោចនៅរក្សាតាមព្រៃវាលធំ ព្រៃធំ ពេលកណ្ដាលអធ្រាត្រក៏សម្ដែងចេញមកឱ្យឃើញជាដុំភ្លើង ដែលរសាត់តាមវាលធំៗ ប៉ុន្ដែអ្នកសរសេរត្រឡប់ជាយល់ទៅតាមរបស់ឈ្មោះថាជាខ្មោចប្រចាំស្រុក ប្រចាំភូមិទៅវិញទេ ព្រោះថាក្រុង គឺជានគរ រាជធានីបុរី, ក្រុងឆេះ គឺជាធានីភ្លើង ឬជានគរដែលចាប់ពេញទៅដោយភ្លើងព័ទ្ធថ្គោលឡើង។ ទេព្ដាពួកនេះនៅពេលចូលមេមត់ ច្រើនស្លៀកដណ្ដប់សំពត់ពណ៌ ក្រហមច្រាល ដូចជាអណ្ដាតភ្លើង។ ក្នុងន័យនេះ បើសិនថានរណាម្នាក់ប្រណិបត្ដិមិនបានត្រឹមត្រូវ ក៏នឹងបង្កើតឱ្យមានអគ្គិភ័យពេញទាំងក្រុងតែម្ដង ឬក៏កើតជាសង្គ្រាមឡើងទៀតផងដែរ។
២៤- សំពោងសក់ធំ ជាឈ្មោះហៅព្រាយ ឬសិសាចស្រីមួយពួកដែលយល់ថា រំសាយសក់ធំសំពោង, ពួកនេះកាចណាស់ឆ្នាសខ្លាំងណាស់ ពេលចូលរូបមេមត់ ក៏ខឹងខមភ្នែកស្រែកយ៉ាងគឃ្លើន។
២៥- វង់បត់ ជាទេពព្រ័ក្សដែលចូលចិត្ររករូបចូលដើម្បីជួយរក្សារោគដល់មនុស្សទូទៅ។
២៦- បិសាច ជាព្រាយ-ខ្មោចដែលស្លាប់តៃហោង និងអមនុស្សផ្សេងៗជាច្រើនពួក។
២៧- ព្រាយអាវាសែ ជាព្រាយដែលគ្មានមុខមាត់ មិនមានតួនាទីការងារអ្វី ជាព្រាយតូចតាច ចូលចិត្ដត្រាច់រង្គត់សុំបាយចំណីស៊ី។
២៨- កូនក្រក (ថៃថាៈកុមារថង) មានទាំងមនុស្ស មានទាំងឆ្មា។
២៩- ខ្មោច អមនុស្ស ឬរូបមនុស្ស សត្វ (ពាក្យនេះថៃប្រើជា ភីខ្មោច ដែលន័យផ្សេងៗគ្នាទៅទៀត បើខ្មែរយើងថា ខ្មោចធ្វើ ឬខ្មោចចូលនោះគឺមានន័យថា មានអាការៈដែលខ្មោចសណ្ឋិតក្នុងខ្លួន ត្រូវប្រើមន្ដគាថាបណ្ដេញខ្មោចចេញ។
៣០- អំពើ (ថៃថា គុណសៃយ) ពេលដែលជនជាតិថៃប្រើពាក្យថា៖ ធ្វើតាមអំពើចិត្ដ គឺធ្វើទៅតាមតែអារម្មណ៍ចិត្ដរបស់ផងខ្លួន។ ប៉ុន្ដែក្នុងទីនេះ ពេលនេះ ពាក្យអំពើ ខ្មែរយើងសំដៅទៅលើការប្រើវេទមន្ដសេកទៅ ធ្វើឱ្យអ្នកដទៃទទួលគ្រោះថ្នាក់អ្វីមួយ ឬក៏កើតរោគផ្សេងៗបាន ឬក៏ត្រូវរបស់គេនោះឯង ហើយនឹងកើតមានសភាពឈឺក្ដៅចុកចាប់ ឬក៏ឆ្កួត ឬក៏សភាពផ្សេងៗទៀតផងក៏មាន។
៣១- សារបាត របាល រម៉ល់ (សា៖ ឈ្មោះជំងឺចូលពួកមួយ ចាប់សត្វចតុប្បាទ មានគោក្របីជាដើម៖ ជំងឺសា សាថាប់), របាល-អមនុស្ស-ខ្មោចបិសាចរម៉ល់ រំលែះ)។
សារបាត គឺជារោគរាតត្បាត ដែលខ្មោចធ្វើឱ្យមនុស្ស ឬសត្វឈឺម្ដងៗអស់ជាច្រើន ដូចជាអាសន្នរោគជាដើម។
មេមត់ក៏ប្រាប់ថា៖ អ្វីដែលធ្វើ, សួរទៀតថា ខឹងក្រោធអ្វី?
មេមត់ក៏ប្រាប់ថា៖ ខឹងនេះ រឿងនោះ ព្រោះថា មិនធ្វើកន្លែងឱ្យនៅ(ជម) ឬខឹងព្រោះថាពួកឯងឈ្លោះទាស់ទែងគ្នាក្នុងក្រុមញាតិមិត្ដ បងប្អូនគ្នាឯង។ មេមត់បង្ខំឱ្យជានានឹងគ្នាវិញ។ អ្នកសួរក៏សួរទៀតថា៖ ត្រូវការអ្វី?
មេមត់ក៏ប្រាប់ថា៖ ត្រូវការរបស់នេះ ឬរបស់នោះ សំពត់អាវ សាវស្បៃ ម្ហូបអាហារ ឬក៏របស់វត្ថុលេងផ្សេងៗ។ នៅទីបំផុតក៏ប្រាប់ថា ឱ្យរាំលេងសប្បាយជាមួយនឹងគ្នាទៅ…ថាហើយមេមត់ក៏រៀបចំតែងខ្លួនប្រាណ ហើយរាំលេងទៅ។ សម័យមុននោះមានពាក់ក្រចកដែលធ្វើអំពីប្រាក់វែងៗ បែបរបាំ រាំដាក់ក្រចក មើលទៅយ៉ាងស្រស់តែម្ដង។
មានមេមត់ជំនាន់ក្រោយថ្មីៗនៅកន្លែងខ្លះឱ្យចូលសណ្ឋិតយ៉ាងណាក៏មិនព្រមចូលដែរ អង្វរតាំងតែព្រលឹមរហូតដល់ពេលរសៀល។ មេមត់ថ្នាក់គ្រូក៏ទៅសេកទៅផ្លុំក្បាលខ្លះ ដើម្បីឱ្យចូលមកសណ្ឋិតបានសម្រេច។ កន្លែងខ្លះក៏ចូលបាន ហើយបើសិនកន្លែងណារូបបញ្ជាន់មិនអាចចូលសណ្ឋិតបាន មេមត់ថ្នាក់គ្រូនោះក៏នឹងចូលជំនួសដើម្បី ឱ្យគ្រូនានាបានមកនិយាយឆ្លើយឆ្លងគ្នាឱ្យបានដឹងបានយល់។ មើលទៅនោះគឺជារឿងនៃមានអ្វីដែលទាស់ចិត្តគ្នាហើយ ហើយក៏ចេះតែនិយាយទៅនិយាយមកសម្រុះសម្រួលគ្នារវាងស្ថានសួគ៌និងមនុស្ស(អមនុស្សនិងមនុស្ស)។ យុត្តិធម៌ ស្មោះសរអស់ពីចិត្តពិតៗ មានគុណធម៌ខ្ពង់ខ្ពស់។ នៅពេលដែលឃើញមនុស្សនោះឯងធ្លាក់ក្នុងសភាពទ័លច្រក ក៏នឹងជួយដោយឯកឯងដោយមិនទាមទាររកផលកម្រៃចំណេញដើម្បីតបស្នងខ្លួនវិញឡើយ។ ពុទ្ធសាសនិកជននិយមចូលចិត្តគោរពបូជាទេព្ដានេះឯង ដោយមនុស្សសម័យនេះប្រាប់ថា រឿងទេវតាជួយមនុស្សល្អប៉ុណ្ណោះ។ នៅក្នុងវណ្ណកម្មអក្សរសីល្ប៍ជាដើម ក៏មាននិយាយដល់ដែរថា៖ ព្រោះគេនោះឯងមិនធ្លាប់ធ្វើអំពើល្អអ្វី ដល់ថ្នាក់កំពូលបំផុត រហូតធ្វើឱ្យក្ដៅដល់ទេវតា រវល់តែសេពគប់ជាមួយទេវតាអប្រីយ៍ កំណាច ដែលមករកតែផលប្រយោជន៍ពិសេសៗ នោះទើបបានជាវេទនាអ៊ីចឹង។
ទាំងនេះគឺជារឿងចំណេះដឹងទូទៅមួយប្រការប៉ុណ្ណោះ សម្រាប់ទុកជូនគ្រាន់នឹងជួយពិចារណាគ្នាជាមួយនឹងស្មេរខ្ញុំបាទ៕
លីសា