Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាគមស្វាយចន្ទីកម្ពុជា៖ លក្ខខណ្ឌផ្តល់កម្ចី នៅតែមានការពិបាកសម្រាប់សហគ្រាសមួយចំនួន

ភ្នំពេញ៖ សមាគមស្វាយចន្ទីកម្ពុជា បានឲ្យដឹងថា ការនាំចេញគ្រាប់ស្វាយចន្ទី នៅក្នុងរយៈពេល ៨ខែឆ្នាំ២០២៣នេះ មានការធ្លាក់ចុះ ដោយសារបញ្ហាបម្រែបម្រួលអាកាសធាតុ បានធ្វើឱ្យគុណភាពគ្រាប់ស្វាយចន្ទី និងទិន្នផលស្វាយចន្ទីធ្លាក់ចុះ។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់បណ្តាញព័ត៌មានថា បញ្ហាបម្រែបម្រួលអាកាសធាតុធ្វើឲ្យទិន្នផលស្វាយចន្ទី និងការនាំចេញធ្លាក់ចុះ ហើយការដាំដំណាំស្វាយចន្ទី ក៏ជួបបញ្ហាប្រឈមមួយចំនួនផងដែរ ជាពិសេសកង្វះដើមទុន និងជាមួយលក្ខខណ្ឌផ្តល់កម្ចីទាំងនោះ ក៏នៅតែមានការពិបាកសម្រាប់ទទួលយក ដែលធ្វើឱ្យសហគ្រាសក្នុងវិស័យស្វាយចន្ទីមួយចំនួន នៅតែពិបាកទទួលបានកម្ចីទាំងនោះ។

ប្រធានសមាគមរូបនេះ បានសំណូមពរឱ្យមានការបន្ធូរបន្ថយនូវលក្ខខណ្ឌកម្ចីមួយចំនួន ដើម្បីឱ្យខ្សែចង្វាក់ផលិតកម្មដំណាំស្វាយចន្ទីកម្ពុជា មានភាពប្រសើរឡើងបានលឿន។ លោក ក៏ចង់ឱ្យមានការបន្ធូរបន្ថយផ្នែកពន្ធដារមួយចំនួនសម្រាប់សហគ្រាសក្នុងស្រុក ពិសេសក្នុងវិស័យស្វាយចន្ទី ដើម្បីឲ្យសហគ្រាសក្នុងវិស័យស្វាយចន្ទីអាចងើបប្រសើរឡើង។

ក្នុងរយៈពេល ៨ខែឆ្នាំ២០២៣នេះ ការនាំចេញគ្រាប់ស្វាយចន្ទី មានការធ្លាក់ចុះ ដោយសារបញ្ហាបម្រែបម្រួលអាកាសធាតុ បានធ្វើឱ្យគុណភាពគ្រាប់ស្វាយចន្ទី និងទិន្នផលស្វាយចន្ទីធ្លាក់ចុះ គួបផ្សំផ្ទៃដីដាំដុះដំណាំស្វាយចន្ទីរបស់ប្រជាកសិករ ក៏មានការធ្លាក់ចុះដូចគ្នាដែរ។ ហើយមិនតែប៉ុណ្ណោះ ការប្រជែងទិញគ្រាប់ស្វាយចន្ទីឆៅពីសហគ្រាសនៅក្នុងស្រុក ក៏ជាកត្តាមួយ ដែលធ្វើឱ្យការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមធ្លាក់ចុះផងដែរ។

លោក បន្តថា បើទោះបីបរិមាណនាំចេញគ្រាប់ស្វាយចន្ទីមានការធ្លាក់ចុះក្តី ប៉ុន្តែតម្លៃគ្រាប់ស្វាយចន្ទីឆ្នាំនេះ ហាក់មានស្ថានភាពល្អ ប្រសើរជាងឆ្នាំមុន ពោលគឺតម្លៃគ្រាប់ស្វាយចន្ទីស្ងួតនៅក្នុងខែសីហា និងខែកញ្ញានេះ មានតម្លៃល្អអាចលក់បានក្នុងតម្លៃចន្លោះពី ៧ពាន់រៀល ទៅ ៧ពាន់៥រយរៀល ក្នុងមួយគីឡូក្រាម ឬស្មើនឹង ១ពាន់ ៩រយដុល្លារ ក្នុង១តោន។

កម្ពុជា ផលិតគ្រាប់ស្វាយចន្ទីឆៅបានប្រមាណជាង ៦៣ម៉ឺន ៤ពាន់តោន ក្នុងរយៈពេល ៨ខែឆ្នាំ២០២៣នេះ ក្នុងនោះបាននាំចេញទៅវៀតណាមប្រមាណជាង ៦០ម៉ឺន ៧ពាន់តោន ដោយគិតជាទឹកប្រាក់មានប្រមាណ ៨២០លានដុល្លារ ថយចុះជិត ១៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ នេះបើផ្អែកតាមឲ្យដឹងពីប្រធានសមាគមស្វាយចន្ទីកម្ពុជា។

គួរបញ្ជាក់ថា នៅចុងឆ្នាំ២០២២កន្លងទៅ សមាគមស្វាយចន្ទីកម្ពុជា បានរំពឹងថា កម្ពុជា អាចផលិតគ្រាប់សាយចន្ទីឆៅ ចន្លោះពី ៨០ម៉ឺនតោន ទៅ១លានតោន នៅពេញមួយឆ្នាំ២០២៣នេះ ប៉ុន្តែដោយសារបញ្ហាការប្រែប្រួលអាកាសធាតុ សមាគម បានទម្លាក់ការព្យាករណ៍ទិន្នផលស្វាយចន្ទីនៅឆ្នាំ២០២៣នេះ មកនៅត្រឹមចន្លោះពី ៥០ម៉ឺនតោន ទៅ ៧០ម៉ឺនតោនប៉ុណ្ណោះ ខណៈបច្ចុប្បន្ន កម្ពុជា មានផ្ទៃដីដាំដុះគ្រាប់ស្វាយចន្ទីសរុបប្រមាណ ៧០ម៉ឺនហិកតា៕

×