Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា បានធ្វើការបណ្តុះបណ្តាលសហគ្រិនភាព និងជំនាញបច្ចេកទេសដោយឥតគិតថ្លៃ

ភ្នំពេញ៖ បើតាម រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បានបញ្ជាក់ជូនប្រតិភូសមាគមសហគ្រិនស្ត្រីកម្ពុជាថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈវិទ្យាស្ថានជំនាញរបស់ខ្លួន បានបណ្តុះបណ្តាលដល់ម្ចាស់អាជីវកម្មស្តីពីសហគ្រិនភាព និងការបណ្តុះបណ្តាលបុគ្គលិករបស់ក្រុមហ៊ុនឯកជនលើជំនាញបច្ចេកទេសដោយឥតគិតថ្លៃ។

ប្រតិភូសមាគមសហគ្រិនស្ត្រីកម្ពុជា បានចូលជួបសំដែងការគួរសម ឯកឧត្តមហេង សួរ នៅទីស្តីការក្រសួង។

ឯកឧត្តម បានគូសបញ្ជាក់ថា៖ “ម្ចាស់អាជីវកម្មដែលចង់អភិវឌ្ឍសហគ្រិនភាព រួមទាំងបុគ្គលិកដើម្បីពង្រឹងអាជីវកម្មរបស់ខ្លួន អាចចូលរួមសិក្សានៅគ្រប់ទីតាំងនានាដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានដោយឥតគិតថ្លៃ ក្រសួងស្វាគមន៍”។

ដើម្បីជួយសម្រួលដល់ម្ចាស់អាជីវកម្ម និងបុគ្គលិកក្នុងការពង្រឹងសមត្ថភាព កម្មវិធីបណ្តុះបណ្តាល មានភាពបត់បែនខ្ពស់ មានកម្រិតស្តង់ដាដែលសិក្ខាកាម អាចសិក្សាបាននៅពេលយប់ ឬចុងសប្តាហ៍ដែលប្រការនេះ អាជីវកម្មក៏នៅតែអាចដំណើរការបានដោយរលូន ហើយសិក្ខាកាមក៏នៅតែអាចសិក្សារៀនសូត្របំប៉នសមត្ថភាពរបស់ខ្លួនបានផងដែរ។ នេះគឺជាការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងការងារដដែល។

ក្នុងជំនួបដដែលនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថាគោលនយោបាយរបស់រដ្ឋាភិបាលអាណត្តិទី៧ក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានភាពអនុគ្រោះខ្ពស់លើលក្ខណ្ឌផ្លូវច្បាប់ និងបញ្ហាអនុលោមមួយចំនួន ដើម្បីធ្វើយ៉ាងណាឱ្យជីវកម្មលក្ខណៈគ្រួសារ ឬសហគ្រាសខ្នាតតូច ឬអ្នករកទទួលទានសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងតូចតាច អាចពង្រីកអាជីវកម្មរបស់ខ្លួន។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យសមាគមសហគ្រិនស្ត្រី ក៏ដូចជាក្រុមហ៊ុនឯកជនទាំងអស់ ត្រូវត្រៀមស្វែងរកចំណុច ឬបញ្ហារួមរបស់វិស័យឯកជនដើម្បីលើកជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងវេទិការដ្ឋនិងឯកជនដែលនឹងប្រព្រឹត្តិទៅនៅខែវិច្ឆិកាខាងមុខដើម្បីដោះស្រាយឱ្យចំបញ្ហាគន្លឹះ៕

×