ភ្នំពេញ៖ កម្ពុជា-ថៃ បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ តាមរយៈជំនួបរវាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយឯកឧត្តម ឆឺតកៀក អាត់ថាក័រ (Cherdkiat ATTHAKOR) អគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជានៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។ ភាគីទាំងពីរ បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ដើម្បីរក្សាបានប្រយោជន៍ជូនពលរដ្ឋទាំងសងខាង។
ភាគីទាំងពីរ កម្ពុជា-ថៃ បានគូសបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការលើផ្នែកការងារដែលមានស្រាប់ នឹងធ្វើឱ្យនិយោជកថៃ មានភាពងាយស្រួលជាងមុនក្នុងការទទួលពលករកម្ពុជាទៅធ្វើការ ហើយពលករកម្ពុជា ក៏អាចទៅធ្វើការដោយស្របច្បាប់នៅប្រទេសថៃដែលជាការរក្សាបានប្រយោជន៍ទាំងសងខាង។
ឯកឧត្តម ហេង សួរ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលថៃ ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធលើផ្នែកការងារដោយបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការសម្របសម្រួលដល់ពលករខ្មែរដែលកំពុងធ្វើការ និងរស់នៅប្រទេសថៃដែលបច្ចុប្បន្នមានប្រមាណ១,២លាននាក់។ ពីភាគីថៃវិញ ឯកឧត្តមឯកអគ្គរាជទូត ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាលើកិច្ចសហការ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះអ្នកជំនាញ និងពលរដ្ឋថៃដែលកំពុងធ្វើការនិងស្នាក់នៅកម្ពុជា។
ប្រទេសទាំងពីរ កម្ពុជា-ថៃ ក៏បានឯកភាពគ្នាមួយចំណុចទៀត គឺការពង្រឹងយន្តការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សស្របតាមស្មារតី នៃអនុស្សរណៈដែលមានស្រាប់ដើម្បីរក្សាបាននូវការគោរពសិទ្ធិរបស់ពលរដ្ឋ។ ក្នុងនោះ ទាំងកម្ពុជា និង ថៃ សុទ្ធតែមើលឃើញពីការជះឥទ្ធិពលអវិជ្ជមាននៃអំពើជួញដូរមនុស្ស។
កម្ពុជា និងថៃ បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈដែលប្រទេសទាំងពីរធ្លាប់បានសហការកន្លងរួចមកហើយ ដើម្បីរួមគ្នាផ្គត់ផ្គង់កម្លាំងជំនាញចូលទីផ្សារការងារដែលកំពុងមានតម្រូវការខ្ពស់។
រាជរដ្ឋាភិបាលកម្ពុជា បានខិតខំពង្រឹង និង ពង្រីកកិច្ចសហការជាមួយបណ្តាលប្រទេសទទួល ដោយពង្រីកឱកាសការងារបន្ថែមជូនប្រជាពលរដ្ឋនៅក្រៅប្រទេសប្រមាណ ១,៣ លាននាក់ និងបានប្រាក់បញ្ជើបញ្ជូនមកប្រទេសវិញប្រមាណ ២,៧ ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ក្នុងនោះប្រទេសថៃ មានចំនួនពលករ ១,២៣១, ៥០៨ នាក់៕