ភ្នំពេញ៖ តាមរយៈជំនួបពិភាក្សាទ្វេភាគីរវាងឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក អ៊ូអិណុ អាត់ត្សឹស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅទីស្ដីការក្រសួងទេសចរណ៍ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ បានឲ្យដឹងថា ភាគីទាំងពីរ កម្ពុជា និងភាគីជប៉ុន បានឯកភាពគ្នាលើគំនិតផ្តួចផ្តើមក្នុងការជំរុញឱ្យមានក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways បង្កើតជើងហោះហើរត្រង់ឡើងវិញ ដើម្បីកំណើនចំនួនភ្ញៀវទេសចររវាងប្រទេសទាំងពីរ ឱ្យមានការកើនឡើងបន្ថែមទៀត។
នាឱកាសនោះ ភាគីទាំងពីរបានពិភាក្សាពីកាលានុវត្តភាព និងសក្តានុពលនានាសម្រាប់បន្តពង្រឹងនិងពង្រីកនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ឱ្យកាន់តែរឹងមាំ ជាពិសេសជំរុញរំហូរភ្ញៀវទេសចរកម្ពុជា-ជប៉ុនឱ្យកាន់តែមានការកើនឡើងជាលំដាប់។
គួរបញ្ជាក់ថា ភាគីទាំងពីរ បានប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍បន្ថែមទៀត តាមរយៈការលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងសេដ្ឋកិច្ច ការកសាងទំនាក់ទំនងរវាងប្រជាជននិងប្រជាជនឱ្យកាន់តែរឹងមាំ និងបង្កើនទំនុកចិត្តទៅវិញទៅមកឱ្យកាន់តែប្រសើរឡើងថែមទៀតសម្រាប់ប្រទេសទាំងពីរ៕