Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្តាក្រុមហ៊ុនដែលវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ មានទំនុកចិត្តលើរាជរដ្ឋាភិបាល

ភ្នំពេញ៖ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ទទួលបានគោលការណ៍វិនិយោគពីរាជរដ្ឋាភិបាល នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០០៦ ដែលមានទីតាំងស្ថិតក្នុងសង្កាត់កន្ទោក សង្កាត់ភ្លើងឆេះរទេះ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ អភិវឌ្ឍលើផ្ទៃដីទំហំ ៣៦០ហិកតា។

តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រប ភ្នំពេញ មានគម្រោងវិនិយោគសរុបចំនួន ១៣៩គម្រោង ដែលមានមុខសញ្ញាវិនិយោគសំខាន់ៗដូចជា ការផលិតសម្ភារៈបរិក្ខារអេឡិចត្រូនិក, គ្រឿងបង្គំរថយន្ត, ខ្សែអគ្គិសនី, បន្ទះសូឡា, បរិក្ខារពេទ្យ, កែច្នៃពេជ្រ, បរិក្ខារសាងសង់, គ្រឿងសំអាង, ចំណីអាហារនិងភេសជ្ជៈ, ចំណីសត្វ, ផលិត​ផល​ស្បែក, សម្លៀកបំពាក់ និងស្បែកជើង។ បច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេសនេះ បានផ្តល់ការងារជូនដល់កម្មករនិយោជិតចំនួនប្រមាណ ៣ម៉ឺន ៨៥០០កន្លែង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី ១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងដំណើរទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រប ភ្នំពេញ បានពិនិត្យមើលសកម្មភាពផលិតកម្មរបស់រោងចក្រនៃក្រុមហ៊ុនចំនួន ៣ មានដូចជា៖ ក្រុមហ៊ុន Marvel Garment Co., Ltd., ដែលផលិតសម្លៀកបំពាក់ ម៉ាក Nike, Polo និងលូលូឡេម៉ុន (Lululemon) ក្នុងទុនវិនិយោគ ២៥០លានដុល្លារអាម៉េរិក។ ក្រុមហ៊ុន Minebea (Cambodia) Co., Ltd. របស់ជប៉ុន ដែលវិនិយោគក្នុងទំហំទុនវិនិយោគប្រមាណ ៧០លានដុល្លារអាម៉េរិក ផលិតគ្រឿងបង្គុំអេឡិចត្រូនិក និងក្រុមហ៊ុន Cambodia Beverage Company., Ltd. ដែលផលិតភេសជ្ជៈ ដូចជា Coca-Cola, តែ, ភេសជ្ជៈប៉ូវកម្លាំង, ភេសជ្ជៈបំពេញជាតិ និងទឹក ជាដើម ក្នុតតម្លៃទុនវិនិយោគចំនួន ១០០លានដុល្លារអាម៉េរិក។

ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា ទោះស្ថិតក្នុងកាលៈទេសៈ ដ៏លំបាកនៃការរីករាលដាលនៃជំងឺកូវីដ-១៩ក្តី ក៏ក្រុមហ៊ុនទាំងនេះ នៅតែបន្តដំណើរការវិនិយោគរបស់ខ្លួន ដែលនេះជាការបង្ហាញអំពីជំនឿទុកចិត្តរបស់ក្រុមហ៊ុនមកលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច។

ឯកឧត្តម បានបន្ថែមទៀតថា ក្រុមហ៊ុនទាំងអស់ដែលមកបណ្តាក់ទុននៅកម្ពុជា គឺជាការចូលរួមចំណែកមួយដ៏សំខាន់ ក្នុងការជំរុញកំណើនសង្គមសេដ្ឋកិច្ចកម្ពុជា និងចូលរួមដល់ការធ្វើពិពិធកម្មឧស្សាហកម្មកម្ពុជា៕

×