សម្រាប់គ្រួសារដែលរស់នៅក្នុងអាផាតមិនដែលមានកូនតូច ការធានាសុវត្ថិភាពកូនរបស់ពួកគេមានសារៈសំខាន់ខ្លាំងណាស់។ ទោះបីជាយ៉ាងណាក៏ដោយ នៅតែមានករណីជាច្រើនដែលកុមារតូចៗជួបគ្រោះថ្នាក់ដែលមិននឹកស្មានដល់ ដែលអាចឈានទៅដល់ការស្លាប់ ប្រសិនបើរកមិនឃើញទាន់ពេល។
ជាក់ស្តែង កាលពីថ្ងៃទី១០ ខែកញ្ញា ករណីដ៏ស្លុតរន្ធត់បំផុតមួយ បានកើតឡើងនៅក្នុងស្រុក Quan Van ខេត្ត Jiangsu ប្រទេសចិន គឺនៅពេលដែលក្មេងស្រីអាយុប្រហែល៤ឆ្នាំកន្លះ ម្នាក់ ត្រូវបានគេប្រទះឃើញកំពុងព្យួរខ្លួនពីគែមបង្អួចជាន់ទី៤ នៃអគារផ្ទះល្វែងខ្ពស់មួយ។
ក្រោយពីបានប្រទះឃើញ ភ្លាមៗនោះអ្នកជិតខាងម្នាក់បានស្រែករកអ្នកនៅជុំវិញខ្លួន ឲ្យយកភួយមកលាតត្រដាងចងដាក់ក្នុងទីតាំងក្រោមក្មេង។ ពេលអ្នករាល់គ្នាត្រៀមខ្លួនរួច ក្មេងនោះក៏របូតដៃចុះមកខាងក្រោម។ ថ្វីត្បិតតែទម្ងន់របស់ក្មេងស្រីតូចនោះ វាយភួយយ៉ាងខ្លាំងក៏ដោយ ប៉ុន្តែសំណាងល្អ ដែលគ្រប់គ្នាបានប្រើកម្លាំងរួមគ្នា ដើម្បីចាប់ច្បាមភួយយ៉ាងខ្លាំង ដើម្បីមិនឲ្យរបូត ហើយជួយសង្គ្រោះក្មេងស្រីរងគ្រោះដោយសុវត្ថិភាព។
យោងតាមសាក្សីម្នាក់ឈ្មោះ Wang Zeng បានឲ្យដឹងថា នៅរសៀលថ្ងៃដដែលនោះ គាត់ស្រាប់តែឮសំឡេងស្រែករកជំនួយពីខាងក្រៅបង្អួច ខណៈដែលគាត់ និងប្រពន្ធរបស់គាត់កំពុងធ្វើនំប៉ាវ។ ក្រោយរត់ចេញមកមើល គាត់ឃើញក្មេងស្រីតូចម្នាក់ កំពុងកាន់បង្អួចដៃទាំងសងខាង ម្រាមជើងព្យាយាមទប់នឹងកញ្ចក់ រង់ចាំតែធ្លាក់ចុះមកប៉ុណ្ណោះ។ ដោយសារឃើញគ្រោះថ្នាក់ខ្លាំងពេក គាត់បានស្រែកឱ្យប្រពន្ធប្រញាប់យកភួយមក និងអំពាវនាវឱ្យគ្រប់គ្នាមកជួយសង្គ្រោះក្មេងស្រីតូចនោះភ្លាមៗ។ អ្នកជិតខាងប្រុសៗ ៦ នាក់ បានមកឡោមព័ទ្ធ និងប្រញាប់ប្រញាល់ទាញភួយជា៤ជ្រុង ហើយបន្ទាប់មកបាន «ត្រង» ក្មេងស្រីតូចនោះដ៏អស្ចារ្យបំផុត។
វីដេអូនៃការជួយសង្គ្រោះក្មេងស្រីតូចនោះ បន្ទាប់មកបានសាយភាយយ៉ាងលឿននៅលើបណ្តាញទំនាក់ទំនងសង្គម និងទទួលបានការសរសើរជាច្រើនពីអ្នកនិយមលេងអ៊ីនធឺណិត។ មនុស្សភាគច្រើនបានថ្លែងអំណរគុណចំពោះអ្នកដែលជួយសង្គ្រោះក្មេងស្រីនោះ ហើយផ្តល់ការកោតសរសើដល់ពួកគេថាជា “កំពូលវីរបុរសក្នុងជីវិតពិត”៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
ទស្សនាវីដេអូ=> (Video)