ភ្នំពេញ៖ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រីJyotsana Varma នាយិកាស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់កម្មវិធីចំនួន ២ ដែលមានទឹកប្រាក់សរុបចំនួន ១៤០លានដុល្លារអាម៉េរិក នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នាទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
បើតាមការឲ្យដឹង ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់កម្មវិធីចំនួន ២នេះមានដូចជា៖ ទី១-កម្មវិធីកែទម្រង់វិមជ្ឈការសេវាសាធារណៈ និងហិរញ្ញវត្ថុ ជំហាន២ -អនុកម្មវិធីទី២ មានគោលបំណង រួមចំណែកគាំទ្រកម្ពុជាក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងាររបស់មន្ត្រីថ្នាក់ក្រោមជាតិ សំដៅធ្វើឱ្យប្រជាពលរដ្ឋកាន់តែងាយស្រួល ក្នុងការទទួលបានសេវាសាធារណៈ ដោយផ្តោតលើ ១).ការលើកកម្ពស់ការធ្វើផែនការ និងថវិកាថ្នាក់ក្រោមជាតិ; ២).ការពង្រឹងការគ្រប់គ្រងចំណូល និងចំណាយ; និង៣).ការពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ។ កម្មវិធីនេះគ្រោងនឹងចំណាយថវិកាសរុប ៤០លានដុល្លាអាម៉េរិក ដែលជាឥណទានសម្បទានទាំងស្រុងរបស់ ADB ដឹកនាំអនុវត្តដោយគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ។
ទី២-កម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ច នាអនាគត -អនុកម្មវិធីទី១ មានគោលបំណងធ្វើឱ្យប្រសើរឡើង នូវអត្រាមានការងារធ្វើបច្ចុប្បន្ន និងទៅអនាគត តាមរយៈការធ្វើកំណែទម្រង់គោលនយោបាយ និងការវិនិយោគគម្រោង ដើម្បីពង្រឹងការអភិវឌ្ឍជំនាញ។ កម្មវិធីនេះ នឹងពង្រឹងការបណ្តុះបណ្តាលក្នុងវិស័យឧស្សាហកម្ម ប្រកបដោយបរិយាប័ន្ន ព្រមទាំងបង្កើនធនធានសម្រាប់ការអភិវឌ្ឍជំនាញ ដែលឆ្លើយតបដោយផ្ទាល់ទៅនឹងតម្រូវការការងារ។ កម្មវិធីនេះគ្រោង នឹងចំណាយថវិកាសរុប ១៣១,៣០លានដុល្លាអាម៉េរិក ក្នុងនោះ ឥណទានសម្បទានរបស់ ADB ប្រមាណ ១០០លានដុល្លាអាម៉េរិក ដែលដឹកនាំអនុវត្តដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ពិធីចុះហត្ថលេខានាពេលនេះ ឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់អំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ, ការគាំទ្រ និងការជឿទុកចិត្តខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ពីសំណាក់ ADB។ ជារួម គោលបំណងនៃកម្មវិធីទាំង២ ដែលទើបត្រូវបានចុះហត្ថលេខានេះ នឹងចូលរួមឆ្លើយតបប្រកបដោយប្រសិទ្ធភាព ទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ជាពិសេស យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទើបបានប្រកាសដាក់ចេញសម្រាប់អនុវត្តកាលពីពេលថ្មីៗកន្លងទៅ។
គួរបញ្ជាក់ថា បើតាមឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ក៏បានរំលឹកឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែលធនាគារអភិវឌ្ឍន៍អាស៊ី ADB បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការសរុបចំនួនប្រមាណ ៤,៩ប៊ីលានដុល្លារអាម៉េរិក ក្នុងនោះ ឥណទានសម្បទានមានទឹកប្រាក់សរុបចំនួនប្រមាណ ៤,៤ប៊ីលានដុល្លារអាម៉េរិក សម្រាប់អនវុត្ត គម្រោង/កម្មវិធីចំនួន ១៣៧ និងហិរញ្ញប្បទានឥតសំណងមានទឹកប្រាក់សរុបចំនួនប្រមាណ ៥៦៨លានដុល្លារអាម៉េរិក សម្រាប់អនុវត្តគម្រោង/កម្មវិធីចំនួន ៧០៕