ព្រះសីហនុ៖ នៅព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ កម្ពស់ទឹកឡើងដល់០.៦ម៉ែត្រ នៅចន្លោះគីឡូម៉ែត្រលេខ១៥៣-១៥៤ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា បណ្តាលឲ្យទឹកជន់លិចផ្លូវមិនអាចធ្វើដំណើរបាននោះទេ។
ដូច្នេះដើម្បីធានាដល់សុវត្ថិភាពក្នុងការធ្វើដំណើរ រដ្ឋបាលខេត្ត សូមធ្វើការផ្អាកចរាចរណ៍នៅត្រង់ទីតាំងខាងលើជាបណ្តោះអាសន្នសិន។ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋ រកផ្លូវវៀងជាបណ្តោះអាសន្នសិន ឬអាចប្រើប្រាស់ផ្លូវល្បឿនលឿន។
រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹង ស្តីពីផ្អាកចរាចរបណ្តោះអាសន្ននៅលើកំណាត់ផ្លូវជាតិលេខ៤
ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ ១៥៣-១៥៤ ស្ថិតក្នុងភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
រដ្ឋបាលខេត្តព្រះសីហនុ សូមគោរពជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ ឧកញ៉ា លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ ម្ចាស់ក្រុមហ៊ុនដឹកជញ្ចូនដោយរថយន្ត និងសាធារណជនឱ្យបានជ្រាបថា៖ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នេះ កម្រិតជំនន់ទឹកភ្លៀងបានកើនឡើងជាលំដាប់ ហើយបានជន់ លិចទាំងស្រុងកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ១៥៣-១៥៤ ស្ថិតក្នុងភូមិស្ទឹងឆាយខាង ត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានប្រវែងជាង ១២០ម៉ែត្រ ស្ថានភាពបែបនេះមិនអាច អនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទធ្វើដំណើរឆ្លងកាត់ទីតាំងនោះបានទៀតទេ។
ដូចនេះដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ និងដើម្បីថែរក្សាគុណភាពផ្លូវ ស្ពានកុំឱ្យមានការបាក់ ស្រុត ធានាប្រើប្រាស់បានយូរអង្វែង រដ្ឋបាលខេត្តព្រះសីហនុ សូមធ្វើការផ្អាកចរាចរបណ្ដោះអាសន្នចំពោះយាន យន្តគ្រប់ប្រភេទ នៅត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ១៥៣-១៥៤ ស្ថិតក្នុងភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ចាប់ពីម៉ោង ០៩:៣០នាទីព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។
ក្នុងករណី សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនដោយរថយន្ត និងសាធារណជន មានបំណងធ្វើដំណើរតាមផ្លូវជាតិលេខ៤ ទៅ មកកាន់ខេត្ត ព្រះសីហនុ សូមធ្វើដំណើរវាងតាមផ្លូវល្បឿនលឿន ឬតាមផ្លូវជាតិលេខ៣ វិញ។
អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូមសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនដោយរថយន្ត និងសាធារណជនមេត្តាជ្រាប ហើយសូម មានការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចឱ្យបានល្អប្រសើរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី