រាជធានីភ្នំពេញ ៖ ប្រធានមន្ទីរពេទ្យកុមារជាតិ ត្រូវបានមន្ត្រីក្រោមឱវាទ របស់ខ្លួនចោទថា បានប្រើប្រាស់ថវិកាជាតិមិនត្រឹមត្រូវចំគោលដៅ ដោយមានការប្រព្រឹត្តអំពើពុករលួយ។ ជាងនេះ បានតម្រូវឱ្យក្រុមគ្រួសារអ្នកជំងឺ បង់តម្លៃសេវាព្យាបាលជំងឺកុមារ មានតម្រិតខ្ពស់ទៀតដែលបង្កឱ្យមានការរិះគន់ពីសំណាក់អាណាព្យាបាលក៏ដូចប្រជាពលរដ្ឋទូទៅ។
ប្រភពពីមន្ត្រីបម្រើការនៅក្នុងមន្ទីរពេទ្យនេះ បានអះអាងថា មន្ទីរពេទ្យកុមារជាតិក្រោមការដឹកនាំដោយ លោក ញឹប អង្គាបុស្ស ជាប្រធានមន្ទីរពេទ្យសព្វថ្ងៃនេះ កំពុងកើតមានអំពើពុករលួយធ្ងន់ធ្ងរតាមរយៈការកឹបកេងថវិកាជាតិ សម្រាប់ចំណាយលើការងារផ្សេងៗ។ ក្នុងនោះដូចជា៖ ទី១. ការទិញសៀវភៅសុខភាពកុមារ ក្នុង១ឆ្នាំៗ ត្រូវចំណាយថវិកាអស់ជិត២០០លានរៀល។ ទី២. ចំណាយទិញឯកសារគ្លីនិក សម្រាប់អ្នកជំងឺសម្រាកក្នុងមន្ទីរពេទ្យដោយក្នុង១ឆ្នាំៗ ត្រូវចំណាយថវិកាអស់មិនតិចជាង២៥០លានរៀលទេ។ ទី៣. ចំណាយទិញសម្ភារៈបរិក្ខាពេទ្យ ដោយក្នុង១ឆ្នាំៗ ចំណាយថវិកាអស់ខ្ទង់១០០០លានរៀល រួមការចំណាយផ្សេងៗជាច្រើនមុខថែមទៀត សរុបទឹកប្រាក់លើផ្នែកទិញទំនិញក្នុង១ឆ្នាំៗ មិនក្រោម ២៣០០លានរៀលនោះទេ។ ចំនួននេះ គឺមិនទាន់បូកបញ្ជូលលើការចំណាយផ្នែកសំណង់និងសេវាកម្មផ្សេងទៀតផង។
ប្រភពពីមន្ត្រីមន្ទីរពេទ្យកុមារជាតិដដែល បានឲ្យដឹងទៀតថា សរុបសេចក្ដីការចំណាយមួយចំនួន នៅមន្ទីរពេទ្យកុមារជាតិគ្រាន់តែជាតួលេខ ដែលលោកប្រធានមន្ទីរពេទ្យកុមារជាតិ ញឹប អង្គាបុស្ស និងលោកប្រធានការិយាល័យគណនេយ្យ អ៊ុង សាវុធ និងប្រធានអង្គភាពលទ្ធកម្ម ហ៊ី ចាន់សុភាវី បានឃុបឃិតគ្នាបំប៉ោងគម្រោងចំណាយ ប្រយោជន៍ដើម្បីចែកផលប្រយោជន៍ឲ្យគ្នាតែប៉ុណ្ណោះ ប៉ុន្តែធាតុពិត គឺពោរពេញទៅដោយភាពមិនប្រក្រតី។ តួយ៉ាងដូចជាការចំណាយលើការទិញឯកសារគ្លីនិកសម្រាប់អ្នកជំងឺសម្រាកពេទ្យ ដោយក្នុង១ឆ្នាំៗ ត្រូវចំណាយថវិកាអស់មិនតិចជាង ២៥០លានរៀល។ ក្នុងឯកសារ១ច្បាប់ បើទិញនៅទីផ្សារ ឬជួលរោងពុម្ភបោះពុម្ភ គឺមានតម្លៃមិនលើសពី ៥០០រៀលនោះទេ ចុះប្រាក់២៥០លានរៀល បើទិញក្រដាសបានស្មើប្រាំលានច្បាប់។
ប្រភពដដែល បានឲ្យដឹងទៀតថា អីចឹងទាល់តែនៅមន្ទីរពេទ្យក្នុង១ឆ្នាំៗ ទទួលបានអ្នកជំងឺប្រាំលាននាក់ដែរ ទើបត្រូវនឹងការចំណាយក្នុងគម្រោងខាងលើ។ ប្រភពបានរៀបរាប់ថា តាមដឹងសាច់រឿងខាងលើត្រូវការទិញឯកសារគ្លីនិក និងបោះពុម្ភសៀវភៅ គឺគេបានរៀបចំឈុតឆាកលទ្ធកម្មក្លែងក្លាយ ហើយតម្លៃ នៃការទិញខ្ពស់កប់ពពក។
ចំណែកសៀវភៅសុខភាពកុមារ គេបោះពុម្ភមិនលើសពី៥០០០ច្បាប់ទេ សម្រាប់ចែកថ្នាក់ដឹកនាំក្រសួងសុខាភិបាល អង្គការក្រៅរដ្ឋាភិបាល ក្រុមអធិការកិច្ច។ រីឯក្រុមគ្រួសារកុមារអ្នកជំងឺគេមិនងាយចែកឱ្យមើលនោះទេ គឺទាល់តែយូរទើបបាន…។ ដូច្នេះករណីនេះគឺជារឿងមិនប្រក្រតីធ្ងន់ធ្ងរ ដែលចាំបាច់ឲ្យថ្នាក់ដឹកនាំក្រសួងសុខាភិបាល- ថ្នាក់ដឹកនាំអង្គភាពប្រឆាំងអំពើពុករលួយ និងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធដទៃទៀត គួរបញ្ជូនមន្ត្រីចុះស៊ើបអង្គេត និងស្រាវជ្រាវលើករណីខាងលើនេះជាបន្ទាន់ ដើម្បីស្វែងរកការពិត។
ឆ្លើយតបការបោទប្រកាន់ខាងលើ លោក ញឹប អង្គាបុស្ស បានបកស្រាយថា ខ្ញុំចង់ជម្រាបជូនយ៉ាងខ្លីថា ត្រឹមការងារដឹកនាំរបស់ខ្ញុំអស់រយៈពេលប្រាំឆ្នាំមកនេះ មន្ទីរពេទ្យកុមារជាតិ មានការរីកចម្រើនយ៉ាងណាខ្លះ? អ្នកណាមើលឃើញហើយការចាយវាយថវិការបស់រដ្ឋ ត្រូវគោរពតាមគោលការចំណាយថវិកា របស់រដ្ឋាភិបាល ត្រឹមត្រូវនិងតាមរយៈគណនេយ្យមានអ្នកត្រួតពិនិត្យ រាល់ការចំណាយពីក្រសួងហិរញ្ញវត្ថុ ប្រចាំមន្ទីរពេទ្យត្រួតពិនិត្យពិនិត្យយ៉ាងត្រឹមត្រូវ។ ការងារខ្លះខ្ញុំត្រូវសុំគោលការចំណាយជាមុន។ ដូច្នេះ រាល់ការដេញថ្លៃ មានគណៈកម្មការដេញថ្លៃត្រឹមត្រូវ និងមានការសុំគោលការចំណាយជាមុនៗ នឹងដេញថ្ងៃ។ ហើយថា នៅពេលដេញថ្លៃមានតំណាងមកពី ក្រសួងសុខាភិបាល ពីក្រសួងសេដ្ឋកិច្ច ពីអេស៊ីយូ(ACU) ចូលរួម។
លោកបន្តទៀតថា ម្យ៉ាងទៀតជារៀងរាល់ឆ្នាំ មានអធិការកិច្ចយ៉ាងតិចពីប្រាំទៅប្រាំមួយក្រុម ពីគ្រប់ស្ថាប័នចុះមកធ្វើអធិការកិច្ច។ បើខ្ញុំប្រព្រឹត្តដូចច្នេះមែន តើមន្ទីរពេទ្យនេះ មានការរីកចម្រើនដូច្នេះទេ? បើប្រៀបដូចមតិអគតិមួយចំនួន ដែលតែងតែចោទប្រកាន់រដ្ឋាភិបាលថា ដឹកនាំប្រទេសកាន់តែក្រទៅៗដូច្នេះដែរ។
សូមរំលឹកថា លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស ជាមន្ត្រីមកពី មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ត្រូវបានតែងតាំងជាប្រធានមន្ទីរពេទ្យកុមារជាតិ ជំនួសលោកសាស្រា្តចារ្យមហាបរិញ្ញា ក្តាន់ យុវុត្ថា ដែលត្រូវចូលនិវត្ត ដែលពិធីផ្លាស់ប្តូរនោះធ្វើឡើង កាលពីព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៣ នៅមន្ទីរពេទ្យកុមារជាតិ ក្រោមអធិបតី ភាពលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល៕ ដោយ ៖ បញ្ញាស័ក្តិ