នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ភ្លៀងធ្លាក់ខ្លាំងបានធ្វើឱ្យផ្លូវជាច្រើនក្នុងទីក្រុងហាណូយ ត្រូវជន់លិចយ៉ាងខ្លាំង ដែលធ្វើឲ្យចរាចរណ៍ បានក្លាយជាចលាចល ខណៈរថយន្តត្រូវបាន «លិចលង់» ក្នុងទឹកអស់ជាច្រើនម៉ោង។
នៅលើបណ្ដាញសង្គម មនុស្សជាច្រើនបានចែករំលែករូបភាពជាច្រើនសន្លឹកក្នុងពេលដំណាលគ្នា បង្ហាញពីទិដ្ឋភាពផ្លូវលិចទឹក និងផ្លូវដែលប្រែទៅជាទន្លេ។ តែអ្វីដែល «លេចធ្លោ» ក្នុងចំណោមនោះ គឺរូបភាពដ៏អស់ទាស់មួយ បង្ហាញស្រីស្អាតម្នាក់អង្គុយលើដំបូលរថយន្តយ៉ាងរំភើយ ខណៈរថយន្តរបស់នាងកំពុងត្រូវលិចលង់ក្នុងទឹក ដែលធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។
ស្ថានភាពពាក់កណ្តាលយំ ពាក់កណ្តាលសើចនេះ បានទទួលការចូលចិត្តរាប់ម៉ឺននាក់នៅលើវេទិកាបណ្តាញសង្គម។ សុទិដ្ឋិនិយមរបស់នារីម្នាក់នេះធ្វើឱ្យអ្នករាល់គ្នាដែលឃើញហើយ មិនអាចទប់សំណើចបាន។
តែក្រោយមក គេបានដឹងថា ស្រីស្អាតរូបនេះមានឈ្មោះ Kim Cuc ។ ចែករំលែកនៅលើបណ្តាញសង្គម កញ្ញា Cuc ដែលជាតួអង្គដ៏ល្បីក្នុងរូប បាននិយាយដោយមិនស្ទាក់ស្ទើរថា រថយន្តរបស់នាងបានជាប់គាំងនៅផ្លូវក្រវ៉ាត់ក្រុងលេខ៣ ប្រសព្វផ្លូវ Thang Long Avenue (ហាណូយ) វេលាម៉ោងប្រហែល ១០ ព្រឹក។
Cuc បានបន្តថា៖ «ខ្ញុំបានចាប់ផ្តើមចេញពីផ្ទះរបស់នាងនៅ Vinhome Greenbay (Me Tri) បន្ទាប់មកបានបត់ទៅផ្លូវហាយវេ។ ដោយសារផ្លូវមានមនុស្សកកកុញ ខ្ញុំមិនបានចាប់អារម្មណ៍ ទើបខ្ញុំបត់ស្តាំតាមឡានគេឯង ប៉ុន្តែពេលទៅដល់កណ្តាលតំបន់លិចទឹក ខ្ញុំដឹងថាទឹកជំនន់ជ្រៅប៉ុណ្ណា។ រថយន្តបានជាប់គាំង តែសំណាងល្អខាងក្នុងរថយន្តមិនលិចទឹកច្រើន។ ដំបូងឡើយ ខ្ញុំចង់អង្គុយក្នុងរថយន្ត ប៉ុន្តែពិបាកដកដង្ហើម ដូច្នេះក្រោយមក ខ្ញុំក៏ឡើងទៅលើដំបូលតែម្តងទៅ»។
អង្គុយតែម្នាក់ឯងជុំវិញដោយទឹក នារីក្លាហានរូបនេះ ហាក់មិនបានព្រួយបារម្ភ ឬច្របូកច្របល់អ្វីឡើយ ផ្ទុយទៅវិញនាងបានដកទូរស័ព្ទ មកថតយ៉ាងរីករាយ។ ប្រហែលមួយម៉ោងក្រោយមក ក្រុមជួយសង្គ្រោះបានមកដល់ ហើយ Cuc ក៏ត្រូវបានរំដោះចេញពីស្ថានភាពដ៏គួរឱ្យហួសចិត្តផងដែរ។
បន្ទាប់ពីរូបថតនោះបានសាយភាយពេញបណ្ដាញសង្គម សាច់ញាតិ និងមិត្តភ័ក្តិជាច្រើន មានការព្រួយបារម្មណ៍ ហើយពួកគេក៏បានផ្ញើសារសួរនាំពីនាងផងដែរជ។ ជាមួយបទពិសោធន៍បើកបរជាច្រើនឆ្នាំមកហើយ កញ្ញា Cuc បាននិយាយដោយរីករាយថា នេះជាអនុស្សាវរីយ៍មួយក្នុងចំណោមអនុស្សាវរីយសើចលាយយំជាច្រើនរបស់នាង។
Cuc បានចែករំលែកឲ្យដឹងថា «ខ្ញុំធ្លាប់ជួបឧប្បត្តិហេតុគួរឱ្យស្រឡាញ់ជាច្រើន ទោះស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ខ្ញុំនៅតែសប្បាយចិត្ត។ ដំបូន្មានមួយគឺថា ពេលភ្លៀងខ្លាំង អ្នកគួរតែស្តាប់វិទ្យុជាប្រចាំ ដើម្បីស្តាប់ព័ត៌មាន និងតាមដានស្ថានការណ៍ឲ្យបានឆាប់ តាមដែលអាចធ្វើទៅបាន»។
ជាមួយគ្នានេះ គេក៏បានណែនាំថា អ្នកបើកបរត្រូវវាយតម្លៃឱ្យបានត្រឹមត្រូវ នូវកម្រិតនៃការជន់លិចផ្លូវដែលពួកគេចង់បើកបរឆ្លងកាត់។ ប្រសិនបើកម្រិតទឹកជ្រៅពេក ឬមិនអាចវាយតម្លៃពីស្ថានភាពទឹកជំនន់បាន យកល្អគួរតែបញ្ឈប់ការធ្វើដំណើរ។ លើសពីនេះ ប្រសិនបើអ្នកសម្រេចចិត្តបើកបរឆ្លងកាត់ផ្លូវលិចទឹក អ្នកគួរតែបិទរាល់បន្ទុកដូចជា ម៉ាស៊ីនត្រជាក់ ប្រព័ន្ធកម្សាន្ត… ដើម្បីបង្កើនដំណើរការរបស់ម៉ាស៊ីន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង