គ្រួសារជនបទមួយនៅខេត្ត Henan ប្រទេសចិន បានរៀបចំពិធីមង្គលការឲ្យកូនរបស់ពួកគេ កាលពីពេលថ្មីៗនេះ។ ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់នោះ គឺខណៈក្បួនរថយន្តមង្គលការ ហៀបនឹងបើកដង្ហែត្រឡប់ទៅភូមិកូនកំលោះវិញ ស្រាប់តែមានអ្នកភូមិបិទផ្លូវដោយដ៏ចម្លែក។
តែអ្វីដែលគួរឲ្យហួសចិត្តទៅវិញនោះ គឺទង្វើគម្រាមកំហែងបិទផ្លូវរបស់អ្នកភូមិ មិនត្រឹមតែសមហេតុផលប៉ុណ្ណោះទេ គឺថែមទាំងទុកជាការព្រមានដល់អ្នកដទៃផងដែរ ព្រោះថា រឿងនេះបានកើតឡើង ដោយសារតែគ្រួសាររបស់កូនកំលោះបដិសេធមិនព្រមផ្តល់ថវិកា និងកិច្ចខិតខំប្រឹងប្រែងជួសជុលផ្លូវ ហើយថែមទាំងបោះសម្តីថា ពួកគេនឹង “មិនបើកបរលើផ្លូវនេះនៅពេលអនាគត” ទៀតផង។ តែឥឡូវនេះ ពួកគេបានទទួលនូវអ្វីដែលពួកគេចង់បានហើយ។
យោងតាម “Sohu News” ការសាងសង់ផ្លូវនៅក្នុងភូមិ គឺដើម្បីជួយសម្រួលដល់ការចេញ-ចូល សម្រាប់រថយន្តអ្នកភូមិភាគច្រើន ដែលមានថវិកា និងលទ្ធភាពក្នុងការចូលរួមចំណែក។ ប៉ុន្តែ មានតែគ្រួសាររបស់កូនកំលោះមួយគត់ ដែល “មិនរួមចំណែកអ្វីទាំងអស់” ហើយជឿថា ការសាងសង់ផ្លូវ គឺជាការខ្ជះខ្ជាយលុយ និងពេលវេលាទៀតផង។ លើសពីនេះថែមទាំងគំរាមថា បើទោះជាពួកគេទិញឡាននៅថ្ងៃអនាគត ពួកគេនឹងមិនប្រើប្រាស់លើផ្លូវនេះទេ។ ពួកគេនឹងចតឡាននៅច្រកចូលមុខភូមិ ហើយដើរចូលផ្ទះ។
ដូច្នេះហើយ នៅពេលដែលឃើញថា ក្បួនដង្ហែរមង្គលការរបស់គ្រួសារនេះ ចូលភូមិ អ្នកភូមិក៏បានយកអេស្ដាវ៉ាទ័រដាក់កណ្ដាលផ្លូវ រារាំងក្បួនដង្ហែតែម្តង។ ក្រោយហេតុការណ៍នេះត្រូវបានលាតត្រដាង ឃើញថាបានបង្កឱ្យមានប្រតិកម្មយ៉ាងខ្លាំងក្នុងចំណោមអ្នកលេងអ៊ីនធឺណិតដីគោក។
មនុស្សជាច្រើនបានរិះគន់ចំអកឲ្យថា គ្រួសាររបស់កូនកំលោះ បានធ្វើរឿងនេះដោយខ្លួនឯង ហេតុនេះពួកគេទទួលយកកម្មផល សមតាមបំណងហើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង