ភ្នំពេញ៖ សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) បានចេញសេចក្តីប្រកាសគាំទ្រការដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន ២០៤ ដុល្លាសហរដ្ឋអាមេរិក ដែលជូនបងប្អូនកម្មករនិយោជិត ដោយបានសបញ្ជាក់យ៉ាងច្បាស់ពីការ យកចិត្តទុក ដាក់របស់ប្រមុខរាជរដ្ឋាភិបាលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើជីវភាពរបស់បងប្អូនកម្មករនិយោជិត។
CAMFEBA បានគូសបញ្ជាក់ថា ក្រៅពីប្រាក់ឈ្នួលអប្បបរមាបងប្អូនកម្មករនិយោជិត ក៏ត្រូវទទួលបានប្រាក់អត្ថប្រយោជន៍ ក៏ដូចជាប្រាក់រង្វាន់ផ្សេងៗទៀត មានជាអាទិ៍ប្រាក់សោហ៊ុយធ្វើដំណើរ ថ្លៃស្នាក់នៅ ប្រាក់រង្វាន់ធ្វើការទៀងទាត់ ប្រាក់រង្វាន់អតីតភាពការងារ និងប្រាក់ថែមម៉ោងជាដើមដែលបងប្អូនកម្មករនិយោជិតម្នាក់ៗ អាចទទួលបានជាមធ្យមចន្លោះពី៣០ទៅ៤០ដុល្លារអាមេរិកបន្ថែមលើប្រាក់ឈ្នួលរបស់ខ្លួន។ ក្នុងនោះ CAMFEBA បានកត់សម្គាល់ថា កម្មករនឹងការទទួលរ៉ាប់រងបង់វិភាគទានជំនួសទាំងស្រុងលើរបបថែទាំសុខភាព និងគ្រោះថ្នាក់ការងារ ការួមចំណែកបងវិភាគទានចំនួនពាក់កណ្ដាលជូនបងប្អូនកម្មករនិយោជិតលើប្រាក់សោធនដោយនិយោជកទៀតផង។
សហព័ន្ធនិយោជក និងសមាគមពាណិញជ្ជក្មកម្ពុជា បានអះអាថា ប្រទេសកម្ពុជា បានអនុវត្តនូវការត្រួតពិនិត្យកែលម្អ ប្រាក់ឈ្នួលអប្បបរមាជូនបងប្អូនកម្មករនិយោជិតយ៉ាងទៀងទាត់ និងរៀងរាល់ឆ្នាំ ហើយក៏ជាប្រទេសតែមួយគត់ដែលមានការប្ដេជ្ញាចិត្តខ្ពស់នៅក្នុងការអនុវត្តពាណិជ្ជកម្មអន្តរជាតិផ្សារភ្ជាប់ជាមួយនឹងការធានានូវលក្ខខណ្ឌការងារស្របតាមច្បាប់ស្ដីពីការងារ និងបទដ្ឋានការងារស្នូលជាអន្តរជាតិដោយផ្ដល់លទ្ធភាពឲ្យគម្រោងរោងចក្រកាន់តែប្រសើរ(BFC) ចូលរួមវាយតម្លៃ និងលើកកម្ពស់លក្ខខណ្ឌការងារ និងសេរីភាពអង្គការវិជ្ជាជីវៈ ជំរុញកំណើនការនាំចេញ និងបង្កើនការងារជូនប្រជាពលរដ្ឋកម្ពុជាផងដែរ។
ជាមួយនឹងវឌ្ឍនភាពដែលគួរឲ្យមានមោទននេះ CAMFEBA ថា រាជរដ្ឋាភិបាល និងនិយោជក ក៏បន្តស្វែងរកលទ្ធភាពនៅក្នុងការលើកកម្ពស់សមត្ថភាពការងារជូនបងប្អូនកម្មករនិយោជិតផងដែរ។ ជាក់ស្ដែងមូលនិធិអភិវឌ្ឍន៍ជំនាញ(SDF) ត្រូវបានបង្កើតឡើងដើម្បីជួយជ្រោមជ្រែងវិស័យឯកជនវិនិយោគលើការអភិវឌ្ឍន៍ជំនាញជូនបងប្អូនកម្មករនិយោជិតដែលនៅក្នុងដំណាក់កាលទីមួយនេះ បានត្រៀមកញ្ចប់ថវិកាចំនួនជាង១.១២លានដុល្លារអាមេរិក ដើម្បីជួយជ្រោមជ្រែងវិស័យកាត់ដេរសម្លៀកបំពាក់ស្បែកជើងនិងផលិតផលធ្វើដំណើរដើម្បីបង្កើនជំនាញបងប្អូនកម្មករផងដែរ។
ទន្ទឹមនឹងនេះ សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា បានអំពាវនាវឲ្យបងប្អូនកម្មករនិយោជិតមេត្តាខិតខំប្រឹងប្រែងនៅក្នុងការចូលរួមរៀនសូត្រ ដើម្បីលើកកម្ពស់សមត្ថភាពជំនាញ និងផលិតភាពការងាររបស់ខ្លួនឲ្យកាន់តែប្រសើរ ក្នុងគោលដៅលើកស្ទួយភាពប្រកួតប្រជែងរបស់កម្ពុជាលើឆាកអន្តរជាតិឲ្យកាន់តែមានប្រសិទ្ធភាពខ្លាំងក្លាថែមទៀត៕