កាលពីពេលថ្មីៗនេះ វីដេអូឃ្លីបមួយដែលត្រូវបានចែកចាយនៅលើបណ្តាញសង្គម ដើម្បីជាការព្រមានដល់ឪពុកម្តាយដទៃ ត្រូវមានការប្រុងប្រយ័ត្ន បង្ហាញពីស្ថានភាពគ្រោះថ្នាក់មួយ នៅពេលដែលក្មេងស្រីតូចម្នាក់ ត្រូវបាន «គាំង» រវាងជញ្ជាំង និងទ្វាររអិលដោយស្វ័យប្រវត្តិ បានធ្វើឲ្យគ្រប់គ្នានៅលើបណ្តាញសង្គម ឃើញហើយស្លុតចិត្តយ៉ាងខ្លាំង។
ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីថ្ងៃទី២៦ ខែកញ្ញា វេលាម៉ោង៥ និង ០០នាទីល្ងាច ស្ថិតនៅផ្ទះមួយកន្លែង ក្នុងខេត្ត Dong Nai ប្រទេសវៀតណាម។ តាមរយៈវីដេអូបានបង្ហាញឲ្យឃើញបុរសជាឪពុកបានជិះម៉ូតូចេញពីក្នុងផ្ទះ ហើយបន្ទាប់មក កូនស្រីអាយុ៤ឆ្នាំ ក៏បានដើរមកលេងយ៉នៅមុខផ្ទះតែម្នាក់ឯង។ ពេលនោះ ទ្វារដែកដែលត្រូវបានបំពាក់ដោយប្រព័ន្ធស្វ័យប្រវត្តិ ដែលទើបបានបើក ក៏បានបិទវិញយឺតៗ ហើយបន្ទាប់មក ក្មេងស្រីនោះក៏បានដើរទៅផ្អែកលេងនៅចុងជញ្ជាំងមាត់ទ្វារខាងឆ្វេង។
ប្រហែលដោយសារក្មេងស្រីនោះភ្លេចខ្លួន ឬមិនទាន់យល់ដឹងពីគ្រោះថ្នាក់កើតឡើង ស្រាប់តែទ្វារអូតូរំកិលចូលមកដល់ ហើយគៀបជើង និងដងខ្លួនរបស់នាងយ៉ាងតឹងតែម្តង។ ក្មេងស្រីនេះត្រូវបានជាប់នៅមាត់ទ្វារអស់រយៈពេល ៥ នាទី មុនពេលស្រ្តីជាម្តាយបានដឹង ហើយស្ទុះរត់មកជួយទាន់។ ពេលនោះ ក្មេងស្រីរងគ្រោះត្រូវបានដឹងថា មានសភាពធ្ងន់ធ្ងរ ពិបាកដកដង្ហើម ហើយមុខប្រែពណ៌ស្វាយទៅហើយ។ ដូច្នេះ នាងត្រូវបានយកទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់។
មន្ទីរពេទ្យបានបង្ហាញថា ក្មេងស្រីមកដល់មន្ទីរពេទ្យក្នុងសភាពធ្ងន់ធ្ងរ សន្លប់ និងពិបាកដកដង្ហើម។ នាងត្រូវបានគេជឿថា បានរងរបួសធ្ងន់ធ្ងរត្រង់ទ្រូង ពោះ និងក្បាល។ ជាសំណាងល្អ បន្ទាប់ពីបីទៅបួនម៉ោងនៃកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះដោយក្រុមគ្រូពេទ្យ ស្ថានភាពរបស់នាងបានប្រសើរឡើងវិញ។ នាងបានបើកភ្នែកឡើង ហើយយំភ្លាមពេលឃើញក្រុមគ្រួសារ។
រោគសញ្ញាចុងក្រោយបង្ហាញថា សញ្ញាសំខាន់របស់ក្មេងស្រីមានស្ថិរភាព។ នាងអាចដើរដោយខ្លួនឯង និងលេងបានធម្មតា។ យ៉ាងណាមិញ អ្វីដែលបានកើតឡើង គឺជាមេរៀនសំខាន់មួយសម្រាប់ឪពុកម្ដាយដទៃត្រូវមានការប្រយ័ត្នប្រយែង មើលថែកូនៗឲ្យមែនទែន កុំឲ្យដល់ពេលកើតឡើងហួសពេល ទើបមានការសោកស្តាយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង