ស្រ្តីទេសចរបរទេសម្នាក់ ក្នុងចំណោមគូកនមួយក្រុម ត្រូវបានចាប់បានដោយវីដេអូ CCTV លួចកូនកាបូបលុយ ពីកាបូបរបស់អ្នកចម្រៀងស្រីឥណ្ឌូនេស៊ីម្នាក់ ប្រចាំរង្គសាលក្នុងតំបន់ Legian ដោយធ្វើឡើងយ៉ាងរលូន កាលពីចុងសប្តាហ៍មុន ហើយករណីដ៏ហួសចិត្តមួយនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងលើអ៊ីនធឺណិត។
Sartika Sitohang ឬ Tika គឺជាអ្នកចម្រៀងស្រីនាំមុខនៃក្រុមតន្ត្រីមួយដែលបានសម្តែងជាប្រចាំនៅបារមួយដែលគ្មានឈ្មោះក្នុងទីក្រុង Legian ។ Tika បានបង្ហាញនៅលើគណនី Instagram របស់នាងថា កាលពីល្ងាចថ្ងៃសៅរ៍នាងបានដាក់កាបូបរបស់នាងនៅលើតុ ខណៈដែលនាងប្រញាប់ឡើងឆាក។
Tika បាននិយាយថា នាងតែងតែទុកកាបូបរបស់នាងនៅទីនោះ ហើយមិនគិតអ្វីទាំងអស់ ខណៈដែលមិត្តភក្តិរបស់នាងកំពុងអង្គុយនៅតុនោះផងដែរ។
នាងបានរំពឹងទុកតិចតួចថា អ្នកគាំទ្របន្ថែមនឹងចូលរួមតុ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ក្រុមភ្ញៀវជាជនបរទេសទាំងនោះបានទាក់ទងគ្នាជាមួយ Tika មុនពេលដែលស្រ្តីម្នាក់ក្នុងចំណោមពួកគេបានលួចយកកាបូបរបស់នាង បន្ទាប់ពីពួកគេបានស្នើសុំបទចម្រៀងមួយចំនួន ហើយថែមទាំងបានច្រៀងរួមគ្នាជាមួយ Tika ទៀតផង។
តារាចម្រៀងរូបនេះបានបង្ហើបថា ហេតុការណ៍ដ៏មិននឹកស្មានដល់នេះ បានកើតឡើងនៅម៉ោងប្រហែល ៩ និង ៤០ នាទីយប់។ ហើយសកម្មភាព «ចោរកម្ម» នេះត្រូវបានលាតត្រដាង បន្ទាប់ពី Tika បានពិនិត្យមើលវីដេអូឃ្លាំមើល CCTV។
Tika និងមិត្តភក្តិរបស់នាង បានព្យាយាមស្វែងរកជនល្មើស ប៉ុន្តែការព្យាយាមរបស់ពួកគេបង្ហាញថាគ្មានប្រយោជន៍។ អាស្រ័យហេតុនេះ នាងបានសម្រេចចិត្តដាក់ពាក្យបណ្តឹងជាផ្លូវការជាមួយប៉ុស្តិ៍ប៉ូលីស Kuta នៅល្ងាចថ្ងៃសៅរ៍។
ទោះជាយ៉ាងណា ប៉ូលិសនៅមិនទាន់ចេញសេចក្ដីថ្លែងការណ៍ជាផ្លូវការ ទាក់ទងនឹងករណីលួចនេះនៅឡើយទេ ខណៈសារព័ត៌មានជាច្រើនបានចុះផ្សាយព្រោងព្រាត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង