ថ្មីៗនេះ រូបភាពរបស់អ្នករុករករ៉ែមួយក្រុម នៅភាគខាងត្បូងប្រទេសហ្គាណា បានធ្វើឲ្យមានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបង្ហាញឲ្យឃើញពួកគេបានជីកប្រទះថ្មដ៏ធំមួយ ហើយសង្ស័យថាជាដុំមាស ដែលប៉ាន់ស្មានអាចមានតម្លៃរាប់លានដុល្លារ។
តាមប្រភពព័ត៌មាន Supercarblondie បានឲ្យដឹងថា យុវជនខ្លាំងៗចំនួន ៦ នាក់ បានប្រើកម្លាំងរបស់ពួកគេដោយផ្ទាល់ ដើម្បីរុញដុំថ្មដ៏ធ្ងន់នោះចេញពីទីតាំងចាស់របស់វា។ ប៉ុន្តែបន្ទាប់ពីសម្អាតយកភក់ចេញ ពួកគេសង្កេតឃើញថា ថ្មនោះមានពណ៌មាស ដែលភាគច្រើនទំនងជាដុំមាសដ៏ធំតែម្តង។
ពួកគេទាំងអស់គ្នាសប្បាយចិត្តជាខ្លាំង បានរាំ និងថតរូបជាច្រើនសន្លឹក ជាមួយដុំមាសនេះ។ រូបថតនិងវីដេអូដែលថតបានបន្ទាប់ពីត្រូវបានគេបង្ហោះលើបណ្ដាញសង្គម បានទាក់ទាញការចាប់អារម្មណ៍ជាច្រើន។ ទោះជាយ៉ាងណា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា ក្រុមអ្នករុករករ៉ែនេះមិនមានអាជ្ញាប័ណ្ណទេ ហើយអ្វីដែលពួកគេធ្វើគឺខុសច្បាប់។
នៅប្រទេសហ្គាណា ការជីកយករ៉ែមាស គឺជាបញ្ហាចម្បងជាច្រើនឆ្នាំមកហើយ។ អ្នកជីករ៉ែខុសច្បាប់ជាច្រើននាក់ ត្រូវបានចាប់ខ្លួន ឬសូម្បីតែគ្រោះថ្នាក់ជាងនេះទៅទៀត បានបាត់បង់ជីវិតដោយសារការបាក់រលំអណ្តូងរ៉ែ។ អ្នកនិយមលេងអ៊ីនធឺណិតបានបញ្ចេញមតិថា រូបភាពក្រុមកម្មករនេះ នឹងសាភាយទៅដល់អាជ្ញាធរឆាប់ៗ ហើយពួកគេនឹងរឹបអូសយក «ដុំមាស» នោះ។ ខណៈអ្នកផ្សេងទៀត ក៏ចង់ដឹងអំពីតម្លៃរបស់ដុំមាសនេះផងដែរ។
បច្ចុប្បន្ននេះ មន្ត្រីមូលដ្ឋានក្នុងប្រទេសនេះ មិនទាន់បានផ្តល់ចម្លើយណាមួយ អំពីការរកឃើញបច្ចុប្បន្នរបស់អ្នករុករករ៉ែវ័យៗក្មេងទាំងនោះ និងក៏ដូចជាតម្លៃនៃ «ដុំមាស» នេះទេ។
គួររម្លឹកថា ដុំមាសដ៏ធំបំផុតរហូតមកដល់បច្ចុប្បន្ន ដែលមានទម្ងន់ ៧២ គីឡូក្រាម ត្រូវបានគេរកឃើញនៅប្រទេសអូស្ត្រាលីក្នុងឆ្នាំ១៨៦៩។ ដុំមាសនេះត្រូវបានអ្នកជំនាញវាយតម្លៃប្រហែល ២ លានដុល្លារ។ តាមរយៈនេះ ប្រសិនបើ «ដុំថ្មមាស» របស់ក្រុមអ្នករុករករ៉ែនៅប្រទេសហ្គាណា ត្រូវបានកំណត់ថាជារបស់ពិត នោះតម្លៃរបស់វាមិនអាចតិចជាង ១ លានដុល្លារនោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង