ជើងហោះហើរ EVA Air ពីទីក្រុងឡុងដ៍ ទៅកាន់ទីក្រុងបាងកក ត្រូវបានបង្ខំឱ្យបង្វែរទៅទីក្រុងវីយែន ដោយសារតែអ្នកដំណើរជាគូស្នេហ៍មួយគូ បានបង្កភាពចលាចលនៅលើយន្តហោះដែលកំពុងស្ថិតនៅលើអាកាស ហើយអ្វីដែលធ្វើឲ្យភ្ញាក់ផ្អើលខ្លាំងនោះ គឺបន្ទាប់ប៉ូលិសនាំពួកគេចុះចេញពីយន្តហោះ ស្រាប់តែស្រ្តីនោះបានគប់លុយនៅលើផ្លូវក្នុងព្រលានតែម្តង ដោយមិនដឹងថាអ្នកទាំងពីរមានបញ្ហាអ្វីនឹងគ្នានោះទេ។
យោងតាមព័ត៌មានដែលចេញផ្សាយដោយក្រុមហ៊ុនអាកាសចរណ៍ EVA Air ជើងហោះហើររបស់ខ្លួន BR68 បានចេញដំណើរពីទីក្រុងឡុងដ៍ (ប្រទេសអង់គ្លេស) ទៅកាន់ទីក្រុងបាងកក (ប្រទេសថៃ) កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។ ប្រហែល ៥ បន្ទាប់ពីហោះឡើង អ្នកដំណើរជាស្ត្រីបរទេសម្នាក់ បានប្តូរកៅអីរបស់នាងពីថ្នាក់សេដ្ឋកិច្ច ទៅជាថ្នាក់សេដ្ឋកិច្ចពិសេសដោយខ្លួនឯង ហើយបដិសេធមិនព្រមត្រឡប់ទៅកៅអីដើមវិញ ហើយក៏បដិសេធមិនបង់ប្រាក់សម្រាប់ការធ្វើឱ្យប្រសើរឡើងនេះដែរ។
អ្នកដំណើរប្រុសដែលធ្វើដំណើរជាមួយនាង បានជក់បារីអេឡិចត្រូនិកក្នុងកាប៊ីន ប៉ុន្តែអ្នកបម្រើលើយន្តហោះមិនបានបញ្ឈប់គាត់ឡើយ។ បុរសនិងស្ត្រីនោះបានបាត់បង់ការគ្រប់គ្រង ហើយថែមទាំងជេរ និងវាយទៅលើអ្នកបម្រើលើយន្តហោះទៀតផង។ ក្រោយមក អ្នករួមដំណើរ៨នាក់នៅលើយន្តហោះបានជួយគាបសង្កត់អ្នកដំណើរទាំង២នាក់ ប៉ុន្តែអ្នកទាំងពីរនៅតែបន្តបង្កបញ្ហាដដែល។ ដោយផ្អែកលើការពិចារណាអំពីសុវត្ថិភាព ប្រធានក្រុមបានសម្រេចចិត្តបង្វែរជើងហោះហើរទៅកាន់ទីក្រុងវីយែន ប្រទេសអូទ្រីស ហើយប៉ូលីសក្នុងតំបន់បានជួយក្នុងការគ្រប់គ្រងអាកប្បកិរិយាខុសច្បាប់របស់អ្នកដំណើរទាំងពីរ។
តារាចម្រៀងលោក Andy Singh អាយុ ៦៣ ឆ្នាំ ដែលជាសាក្សីម្នាក់ បានជិះយន្តហោះនោះដែរ ពីទីក្រុងឡុងដ៍ទៅទីក្រុងបាងកក ប្រទេសថៃ បានផ្តល់បទសម្ភាសជាមួយសារព័ត៌មានអង់គ្លេស “South West News” ឲ្យដឹងថា នៅខណៈពេលនោះ គ្មាននរណាម្នាក់ស្គាល់ឈ្មោះ និងអត្តសញ្ញាណអ្នកដំណើរដែលមានបញ្ហាទាំងពីរនាក់នោះទេ។ អ្នកដំណើរជាបុរសស្លៀកឈុតកីឡាពណ៌ប្រផេះ និងពាក់ខ្នើយក ហើយអ្នកដំណើរជាស្ត្រីស្លៀកសម្លៀកបំពាក់កីឡាស្រដៀងគ្នា។ លោក Andy Singh បានបង្ហើបថា ដោយសារតែអ្នកដំណើរទាំងពីរមិនអាចនិយាយស្តាប់បាន គឺនៅតែបង្កបញ្ហា ទីបំផុត ពួកគេត្រូវបានចងភ្ជាប់ទៅនឹងកៅអីរបស់ពួកគេ ជាមួយនឹងបង់ពណ៌ខ្មៅធំ។ នៅពេលនោះ កាពីទែនបានប្រាប់អ្នកដំណើរថា នឹងចំណាយពេលពីរម៉ោងកន្លះទៀត ដើម្បីហោះហើរត្រឡប់ទៅទីក្រុងវីយែនវិញ។ ពួកគេត្រូវបានចងជាប់នឹងកៅអីរបស់ពួកគេអស់រយៈពេល ៣ ម៉ោង។
តារាចម្រៀងរូបនេះក៏បានឲ្យដឹងដែរថា បុរសនិងស្ត្រីហាក់ស្រវឹងស្រាយូរមកហើយ ហើយចេះតែនិយាយរឿងលុយ។ នៅពេលនោះ គាត់បានស្លាប់ឮប្រុសបរទេសនោះនិយាយថា៖ «នាងមានលុយ ៥០០០ផោន (ប្រហែល ៦០០០ ដុល្លារ ) ក្នុងកាបូបរបស់នាង»។
បន្ទាប់ពីយន្តហោះចុះចតនៅទីក្រុងវីយែន ប៉ូលិសបាននាំស្ត្រីនោះចុះពីយន្តហោះមុនគេ ហើយបន្ទាប់មក បុរសជាបរទេសនោះក៏បានចុះពីលើយន្តហោះតាមក្រោយ។ ប៉ុន្តែ នៅពេលដែលបុរសនោះ ប៉ុនប៉ងយកប្រាក់ពីកាបូបរបស់ស្ត្រីជាដៃគូរបស់គាត់។ នៅពេលនោះ ស្ត្រីរូបនោះស្រាប់តែគប់ក្រដាសប្រាក់មួយចំនួនធំ ខ្ចាត់ខ្ចាយពាសពេញលើផ្លូវព្រលានយន្តតែម្តង ដែលត្រូវបានដឹងថាមានចំនួនអស់ ៥.០០០ ផោន។
បុគ្គលិកអាកាសយានដ្ឋាន និងអ្នករួមដំណើរជាបុរសដែលបង្កបញ្ហានោះ ក្រោយមកបានអង្គុយលើដី រើសក្រដាសប្រាក់មួយចំនួន ខណៈលុយដែលគេបានរសាត់ទៅឆ្ងាយ គ្មាននរណាម្នាក់រើសទេ ដោយពួកគេរើសបានតែសន្លឹកដែលនៅជិតបំផុតប៉ុណ្ណោះ។ ទោះជាយ៉ាងណា បុរសនិងស្រ្តីជាគូស្នេហ៍ជនជាតិអូទ្រីសទាំងពីរនាក់ នៅទីបំផុត ត្រូវបានដាក់ចូលក្នុងរថយន្តប៉ូលិស ហើយនាំយកទៅបាត់។
Andy បាននិយាយថា អ្នកដំណើរទាំងអស់ជាង ៣០០ នាក់ ត្រូវបានគេដាក់នៅក្នុងសណ្ឋាគារមួយយប់ មុនពេលចេញដំណើរម្តងទៀតនៅម៉ោង ៥ និង៣០ នាទីល្ងាចថ្ងៃអាទិត្យ ម៉ោងនៅទីក្រុងវីយែន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង