វីដេអូមួយបានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្តាញសង្គម គ្រាដែលបានឃើញស្រ្តីម្នាក់ដើររើសរបស់អ្វីមួយ នៅក្នុងទីធ្លាផ្ទះនៅកណ្តាលយប់ ស្រាប់តែរត់ភ័យស្លន់ស្លោស្ទើរលោះព្រលឹងតែម្តង។ តើរបស់នោះជាអ្វីទៅ?
យោងតាមព័ត៌មានដែលបានបង្ហោះ បានឲ្យដឹងថា ស្រ្តីឈ្មោះ Carla Portocarerro Rosso មកពី Calabasas (ទៅក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក) បានទៅទីធ្លាមុខផ្ទះរបស់នាង ដើម្បីរើសប្រដាប់ប្រដាកូនក្មេងលេង។ តែពេលនាងអោនចាប់លើករបស់នោះ ស្រាប់តែនាងភ្ញាក់ផ្អើល និងគ្រលាស់ដៃយ៉ាងរហ័ស រត់លោតជើងពីរជើងបីតែម្តង។
ដោយដឹងថាអ្វីដែលនាងចាប់កាន់នៅក្នុងដៃនោះ តាមពិតជាសត្វពស់, Carla បានគ្រលាស់ចេញពីដៃភ្លាមៗ ហើយរត់ចូលទៅក្នុងផ្ទះ ធ្វើឱ្យសត្វឆ្កែរបស់នាងក៏រត់ទាំងភ័យស្លន់ស្លោផងដែរ។ តែពិតជាសំណាងល្អ សម្រាប់ស្រ្តីរូបនេះហើយ ដែលពស់នោះជាពស់ពិសបានងាប់ ពុំនោះទេ អាចនឹងមានគ្រោះថ្នាក់ធ្ងន់ធ្ងរអាយុជីវិត។
លោក Ariel Rosso (ប្តីរបស់ Carla) បាននិយាយថា ប្រពន្ធរបស់គាត់ បានច្រឡំកូនពស់មានពិស ដែលបានងាប់នោះថាជា «ខ្សែ» នៅពេលដែលនាងបានទៅលើកវាឡើង។
ជាមួយហេតុការណ៍ដ៏មិននឹកស្មានដល់នេះ លោក Rosso ក៏បានណែនាំថា «ប្រសិនបើអ្នកត្រូវយករបស់របរនៅពេលយប់ ត្រូវប្រាកដថាវាមិនមែនជាសត្វពស់វែក។ នេះសំណាងល្អហើយ ដែលប្រពន្ធខ្ញុំមិនត្រូវបានខាំ (ព្រោះពស់ងាប់) ប៉ុន្តែ នេះគឺជាមេរៀនបទពិសោធន៍មួយ ដែលធ្វើឲ្យនាងត្រូវចងចាំ និងមានការប្រុងប្រយ័ត្ននៅថ្ងៃក្រោយ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង