រដ្ឋមន្ត្រីការបរទេសអាមេរិច រិច ធៀល័រសាន់ (Rex Tillerson) កាលពីថ្ងៃសុក្រម្សិលមិញនេះ បានជំរុញឲ្យប្រទេសនៅតំបន់អាហ្រិ្វចទាំងអស់ ធ្វើកិច្ចការបន្ថែមទៀត ដើម្បីឲ្យកូរ៉េខាងជើងមានភាពឯកោ ដោយសារតែការអភិវឌ្ឍន៍នុយក្លេអ៊ែររបស់របបនេះ។
ថ្លែងក្នុងកិច្ចប្រជុំមួយ ដែលមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសមកពីប្រទេសតំបន់អាហ្រិ្វចចំនួន ៣០ លោក Rex Tillerson បានថ្លែងថា វាពិតជាមានភាពចាំបាច់ណាស់ ដែលប្រជាជាតិតំបន់អាហ្វ្រិចទាំងអស់ដាក់ទណ្ឌកម្មលើលើរបបព្យុងយ៉ាង។
លោកថ្លែងថា “កូរ៉េខាងជើងតំណាងឲ្យការគំរាមកំហែងដល់ប្រជាជាតិទាំងអស់។ អ្នកគ្រប់គ្នា ដែលតំណាងឲ្យប្រទេសនីមួយៗនៅថ្ងៃនេះ ត្រូវចូលរួមក្នុងយុទ្ធនាការដាក់សម្ពាធដើម្បីបញ្ចុះបញ្ចូលកូរ៉េខាងជើងឲ្យដឹងថា វិធីតែមួយដែលទទួលបានសន្តិសុខ និងការគោរពពិតប្រាកដពីសហគមន៍អន្តរជាតិ គឺការបោះបង់ផ្លូវបច្ចុប្បន្នចោល និងជ្រើសរសើយកផ្លូវសន្ទនាពីអនាគត”។
“ខ្ញុំសូមជំរុញឲ្យអ្នកទាំងអស់គ្នា ត្រូវចាត់វិធានការបន្ថែមទៀតដើម្បីដាក់សម្ពាធលើកូរ៉េខាងជើងដោយបន្ថយទំនាក់ទំនងការទូតជាមួយនឹងរបបព្យុងយ៉ាង កាត់បន្ថយទំនាក់ទំនងសេដ្ឋកិច្ច បណ្តេញកម្មករកូរ៉េខាងជើងចេញ និងកាត់បន្ថយវត្តមានរបស់កូរ៉េខាងជើងនៅក្នុងប្រទេសរបស់អ្នក”។
រដ្ឋមន្ត្រីការបរទេសដដែលថ្លែងទៀតថា “ប្រជាជាតិទាំងអស់ត្រូវធ្វើកិច្ចការដើម្បីអនុវត្តទណ្ឌកម្មរបស់អង្គការសហប្រជាជាតិឲ្យបានពេញលេញ និងកាត់ផ្តាច់ទំនាក់ទំនងជាមួយកូរ៉េខាងជើង”។
របបព្យុងយ៉ាងមានទំនាក់ទំនងយោធា និងពាណិជ្ជកម្មជាមួយនឹងប្រទេសតំបន់អាហ្វ្រិចជាច្រើន។
កាលពីថ្ងៃព្រហស្បតិ៍នេះដែរ ប្រទេសសូដង់បានប្តេជ្ញាចិត្តកាត់បន្ថយរាល់ទំនាក់ទំនងទាំងអស់ជាមួយកូរ៉េខាងជើង បន្ទាប់ពីមានកិច្ចប្រជុំជាមួយនឹងអនុរដ្ឋមន្ត្រីការបរទេសអាមេរិច John Sullivan៕ សុភ័ក្ត្រ