រឿងរ៉ាវរបស់ស្រ្តីម្នាក់មកពីខេត្ត Jiangxi ប្រទេសចិន ដែលកំពុងត្រូវបានចែករំលែកនៅលើបណ្តាញសង្គម បានធ្វើឱ្យមនុស្សជាច្រើនមានការខឹងសម្បារ និងបញ្ចេញមតិរិះគន់យ៉ាងចាស់ដៃ។ នោះគឺដោយសារស្ត្រីរូបនេះបានរៀបការអស់រយៈពេល ៨ ឆ្នាំហើយ ប៉ុន្តែជារៀងរាល់ខែ នៅពេលដែលប្តីផ្តល់ប្រាក់ខែដល់នាង នាងត្រូវចំណាយប្រាក់ទាំងនោះស្ទើរតែទាំងអស់ ដើម្បីជួយឪពុកម្តាយរបស់ប្តីនាងសងបំណុលគេ ហើយនៅតែមិនទាន់សងរួចទៀត។
កូនក្រមុំនេះពិបាកយល់ណាស់ ព្រោះឪពុកម្ដាយរបស់ប្ដីគាត់រស់នៅយ៉ាងសន្សំសំចៃ ហេតុម៉េចបានជាពួកគេមានបំណុលច្រើនម្ល៉េះ ដែលនៅតែមិនអាចដោះសងបំណុលអស់ជាច្រើនឆ្នាំបែបនេះ។ ទោះជាយ៉ាងណា គ្រួសារប្តីនាងជៀសវាងមិននិយាយពីមូលហេតុឲ្យនាងបានដឹងនោះទេ។
ដោយសារតែមិនអាចរស់នៅរបៀបនេះតទៅទៀត នាងក៏បានសម្រេចចិត្តសួរនាំ ទីបំផុត បុរសជាប្តីក៏បានប្រាប់ការពិតថា ដើមចមនៃបំណុល គឺថ្លៃកូនក្រមុំបង់ឱ្យឪពុកម្តាយកាលពី ៨ ឆ្នាំមុន ពេលរៀបការ។ ឪពុកម្តាយរបស់កូនក្រមុំចង់ទទួលបាន ៦៨០ ពាន់យន់។
Jiangxi ជាកន្លែងដែលមានតម្លៃកូនក្រមុំខ្ពស់បំផុតនៅក្នុងប្រទេសចិន។ ដោយសារអតុល្យភាពនៃសមាមាត្របុរសនិងស្ត្រី គ្រួសារខ្លះឥឡូវនេះផ្តល់តម្លៃកូនក្រមុំខ្ពស់ជាងទំនៀមទម្លាប់ក្នុងស្រុក។
នៅក្នុងករណីខាងលើ ឪពុកម្តាយរបស់ក្មេងស្រីបានគិតថា ចំនួន 300,000 យន់ ដែលជាតម្លៃកូនក្រមុំជាមធ្យមនៅក្នុងស្រុក ហាក់បីដូចជាសំណាងមិនល្អ ដូច្នេះពួកគេបានសុំឱ្យគ្រួសាររបស់កូនកំលោះចំណាយ 680,000 យ័ន ដែលជាលេខ “សំណាង” ល្អជាង។
ឪពុកម្តាយរបស់កូនកំលោះ ឃើញថា គូស្នេហ៍វ័យក្មេងនេះ ស្រលាញ់គ្នាខ្លាំង មិនចង់ឲ្យពួកគេបែកគ្នា ទើបព្យាយាមខ្ចីលុយពីសាច់ញាតិ និងមិត្តភ័ក្តិ ដើម្បីចំណាយគ្រប់គ្រាន់សម្រាប់ថ្លៃបណ្ណាការរបស់គ្រួសារកូនក្រមុំ។ កូនក្រមុំគិតថា ឪពុកម្តាយរបស់ប្តីនាងយកចិត្តទុកដាក់ ដូច្នេះនាងមិនបានយកចិត្តទុកដាក់អ្វីច្រើននោះទេ។ តែនឹកស្មានមិនដល់ បន្ទាប់ពីក្លាយជាកូនប្រសាស្រី នាង និងស្វាមី ត្រូវរួមការងារបង់រំលោះរាល់ខែ។
ពេលដឹងការពិត នារីនោះខកចិត្តជាខ្លាំង។ នាងសោកស្ដាយដែលមិនបានរារាំងឪពុកម្តាយបង្កើតរបស់នាង ពីការទទួលបានប្រាក់នោះកាលពីអតីតកាល ដែលធ្វើឲ្យតម្លៃជីវិតប្តីប្រពន្ធរបស់នាងក្រោយរៀបការមិនសូវល្អនោះទេ ទោះបីជាពួកនាងរកបានប៉ុន្មានក៏ដោយ គឺបានត្រឹមសងបំណុលគេប៉ុណ្ណោះ។
ស្ត្រីរូបនេះបានបន្តថា៖ «ប្រសិនបើឪពុកម្តាយខ្ញុំសុខចិត្តផ្តល់ប្រាក់ពាក់កណ្តាលឲ្យខ្ញុំជាថ្លៃបណ្ណាការនោះ ប្តីខ្ញុំមិនបាច់ធ្វើការខ្លាំងពេកទេ។ ខ្ញុំមិនយល់ពីការសម្រេចចិត្តរបស់ឪពុកម្តាយខ្ញុំទេ វាជាទង្វើលក់កូនស្រី»។ នាងក៏បាននិយាយស្ទាក់ស្ទើរថា រឿងនេះតើគួរទៅផ្ទះសួរឪពុកម្ដាយដែរឬទេ តែខ្លាចថាបើសួរនឹងមានជម្លោះ។ ប៉ុន្តែ បើនាងមិនសួរឲ្យដឹងច្បាស់ទេ នាងពិបាកប្រឈមមុខនឹងគ្រួសារ។
រឿងរៀបការដោយបង្ខំតែងតែជជែកគ្នាយ៉ាងក្តៅគគុកលើបណ្តាញសង្គម ហើយរឿងរ៉ាវរបស់ស្រ្តីម្នាក់នេះក៏ដូចគ្នាដែរ។ អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនបានណែនាំនាងឱ្យប្រព្រឹត្តចំពោះគ្រួសារប្តីរបស់នាងឱ្យបានល្អ៖ “៦៨០,០០០ យន់ គឺជាប្រាក់ដ៏ច្រើន ប៉ុន្តែឪពុកម្តាយរបស់ប្តីនាងយល់ព្រមដោយគ្មានលក្ខខណ្ឌ ហើយបានខ្ចីលុយដោយសម្ងាត់”; “គេមិនចរចាទេ គេទទួលព្រោះមិនចង់បំផ្លាញទំនាក់ទំនងរបស់កូន”…។
មតិជាច្រើនទៀត ក៏បានរិះគន់ឪពុកម្តាយរបស់នាងយ៉ាងខ្លាំង ចំពោះការអនុវត្តនៃការសុំថ្លៃរៀបការខ្ពស់ពេក៖ “ឪពុកម្តាយដែលទាមទារតម្លៃខ្លួនកូនក្រមុំថ្លៃកប់ពពកបែបនេះ ពិតជាមិនសមនឹងធ្វើជាឪពុកម្តាយទេ នេះគឺជាការលក់កូនស្រីតែម្តង”; “ភាពលោភលន់ដ៏ជ្រុលហួសហេតុ ទីបំផុតកូនស្រីត្រូវខំប្រឹងរកលុយ តើយល់ទេ?”៕ រក្សាសិទ្ធិដោយ៖ លឹម ហុង