កាលពីពេលថ្មីៗនេះ បណ្តាញទំនាក់ទំនងសង្គមបានចែករំលែកឃ្លីបមួយ បង្ហាញពីខណៈពេលគ្រោះថ្នាក់បាក់រលំបំណែកពិដាន បានធ្វើឲ្យមជ្ឈដ្ឋានអនឡាញញ័ររន្ធត់បេះដូងអស់ហើយ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៩៖០០ នាទី ព្រឹកនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ និងត្រូវបានដឹងថាបានកើតឡើងនៅខេត្ត Nghe An ប្រទេសវៀតណាម។
យោងតាមរូបភាពពីកាមេរ៉ាសុវត្ថិភាព នៅមុនពេលកើតហេតុ មានមនុស្សបីនាក់ឈរនៅក្នុងទីធ្លាខាងមុខផ្ទះ ដែលក្នុងនោះមានស្រ្តីម្នាក់ បុរសម្នាក់ និងកុមារម្នាក់។ មួយសន្ទុះក្រោយមក ស្ត្រីម្នាក់នោះបានចូលទៅក្នុងផ្ទះ ហើយបុរសនោះបានពាក់កាបូបស្ពាយ ហើយបានចេញទៅក្រៅ ខណៈក្មេងប្រុសតូចក៏បានដើរចូលក្នុងផ្ទះស្របពេលជាមួយគ្នាផងដែរ។
តែអ្វីដែលរន្ធត់ខ្លាំងនោះ គឺស្របពេលមនុស្សចាស់ក្មេងទាំង៣នាក់ បានចាកចេញផុតពីទីធ្លាប៉ុន្មានវិនាទី រំពេចនោះ ស្រាប់តែពិដានបានធ្លាក់បំណែកបេតុង ឥដ្ឋ និងថ្មធំៗ ជាមួយសំឡេងយ៉ាងខ្លាំង ខណៈកាមេរ៉ាសុវត្ថិភាពដែលដាក់នៅជ្រុងផ្ទះឡើងក៏ញ័រតែម្តង។ ទិដ្ឋភាពនោះបានធ្វើឱ្យអ្នកទស្សនាវីដេអូឃ្លីបនេះដកដង្ហើមជាខ្លាំង។
ក្រោយពីបានទស្សនាឃ្លីបនេះ អ្នកលេងបណ្តាញសង្គមជាច្រើនបានរិះគន់ការធ្វេសប្រហែសរបស់ជាងសំណង់ ដែលនាំឲ្យកើតមានហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះ។ តែនេះចាត់ទុកជាសំណាង១ក្នុង១ពាន់គ្រោះថ្នាក់ ដែលកុមារអាចគេចផុតពីគ្រោះថ្នាក់ដ៏រន្ធត់នេះ បើមិនដូច្នេះទេ លទ្ធផលនឹងមិនអាចទាយទុកជាមុនបាននោះទេ។
ពីមតិមួយចំនួនបានលើកឡើងថា៖ «អូហ៍ ពិតជាសំណាងណាស់ ដូនតាបានជួយដល់គ្រួសារទាំងមូលហើយ, អ្នកម៉ៅការអ្វី រកស៊ីគ្មានបេះដូង បេះដូងខ្ញុំលោតញាប់ញ័រអស់ហើយ,…»។ អ្នកខ្លះទៀត ក៏បានសន្និដ្ឋានថា៖ «ប្រហែលជាផ្ទះកំពុងជួសជុលអ្វីមួយនៅខាងក្រោម ព្រោះស្តាប់ឱ្យជិតហើយឮសំឡេងនៃការខួងខាងលើ ការសាងសង់នេះមានការធ្វេសប្រហែសខ្លាំងណាស់ សំណាងល្អមិនមាននរណាម្នាក់រងរបួស ពីហេតុការណ៍នេះ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង