ថ្មីៗនេះ រដ្ឋ São Paulo របស់ប្រទេសប្រេស៊ីល បានប្រារព្ធពិធីបុណ្យតន្ត្រីអាកាសចរណ៍នៅ Itapolis ជាកន្លែងដែលអ្នកលោតឆ័ត្រយោង ត្រូវបានអញ្ជើញឱ្យចូលរួមសម្តែងកាយសម្ព័ន្ធពីលើអាកាស។
តែអ្វីដែលរន្ធត់ខ្លាំងនោះ គឺក្នុងអំឡុងពេលសម្តែងនៅលើអាកាស ស្រាប់តែមានអ្នកលោតឆ័ត្រម្នាក់ បានធ្លាក់ចុះមកទាំងកម្រោល ចូលទៅក្នុងហ្វូងមនុស្សដែលកំពុងទស្សនា និងបានបុកវាយចំក្បាលបុរសម្នាក់យ៉ាងធ្ងន់ធ្ងរ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងតែម្តង។ មនុស្ស៣នាក់រួមទាំងអ្នកលោតឆ័ត្រយោងបានរងរបួសក្នុងឧបទ្ទវហេតុផងដែរ។
យោងតាមរបាយការណ៍ Sun របស់អង់គ្លេស ពិធីបុណ្យតន្ត្រីនេះត្រូវបានប្រារព្ធឡើងនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ អ្នកលោតឆ័ត្រចំនួន ៨ នាក់ ត្រូវបានរៀបចំឱ្យលោតពីលើយន្តហោះ។ តែអ្វីដែលមិននឹកស្មានដល់នោះ គឺក្នុងអំឡុងពេលសម្តែង អ្នកលោតឆត្រយោងម្នាក់ ស្រាប់តែបានបាត់បង់ការគ្រប់គ្រង ឬក៏មិនដឹងថាឆ័ត្រមានបញ្ហាអ្វី? បានធ្លាក់ចុះមកក្នុងល្បឿនយ៉ាងលឿនបំផុតចូលទៅក្នុងកន្លែងទស្សនិកជន។
ក្នុងហេតុការណ៍នេះ ជនរងគ្រោះឈ្មោះ Wagner Rubens Gaido អាយុ ៦៣ ឆ្នាំ ត្រូវបានអ្នកលោតពីលើមេឃបុកចំក្បាលយ៉ាងពេញទំហឹង បណ្តាលដួលទៅលើដី រងរបួសក្បាលធ្ងន់ហូរឈាមបន្តបន្ទាប់ ហើយគាត់ស្លាប់នៅនឹងកន្លែងតែម្តង។
មនុស្ស២នាក់ផ្សេងទៀត ដែលចូលរួមក្នុងពិធីបុណ្យតន្ត្រី ក៏រងរបួសនៅក្នុងហេតុការណ៍នេះ ក្រោយមក ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល រួមជាមួយអ្នកលោតពីលើមេឃផងដែរ ប៉ុន្តែព័ត៌មានលម្អិតនៃរបួសមិនច្បាស់នោះទេ។ មូលហេតុលម្អិតនៃគ្រោះថ្នាក់នេះ នឹងត្រូវស៊ើបអង្កេតដោយប៉ូលិស៕ រក្សាសិទ្ធិដោយ៖ លឹម ហុង