កាលពីពេលថ្មីៗនេះ បណ្តាញទំនាក់ទំនងសង្គមវៀតណាម បានផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ទៅនឹងវីដេអូឃ្លីបបុរសម្នាក់បានយកលុយ១កាបូបធំ ទៅហាងលក់ម៉ូតូ ដែលក្នុងនោះ មានគំនរប្រាក់ត្រូវបានរៀបចំយ៉ាងមានរបៀបរៀបរយ ចាប់ពី ១០០០ ដុង ២០០០ ដុង និង ៥០០០ ដុង។
បុរសរូបនេះដែលមានឈ្មោះ Phan Van Duoc អាយុ ៣៦ ឆ្នាំ រស់នៅទីក្រុងហូជីមិញ បាននិយាយថា កាបូបស្ពាយរបស់គាត់មានទម្ងន់ ១១ គីឡូក្រាម ដែលមានលុយក្នុងនោះ ដែលគាត់សន្សំបានក្នុងរយៈពេលពីរឆ្នាំ គឺប្រហែល ៣២.៧៦៩.០០០ ដុង ។
គាត់បានយកលុយទាំងអស់នេះ ដើម្បីទិញម៉ូតូថ្មីមួយគ្រឿងតម្លៃ ៤៧ លានដុង ជាកាដូរសម្រាប់ប្រពន្ធរបស់គាត់ ។ តែទោះជាយ៉ាងណា គាត់ត្រូវផ្ទេរប្រាក់បន្ថែមចំនួន 14,827,000 ដុង ទៀត ដើម្បីបង្គ្រប់។
បុគ្គលិកហាងលក់ម៉ូតូ ភ្ញាក់ផ្អើលនឹងកាបូបស្ពាយរបស់បុរសម្នាក់នេះគ្រប់ៗគ្នា។ ហើយដោយសារចំនួនលុយរាយមានច្រើនពេក ដូច្នេះពួកគេត្រូវប្រើពេលរាប់រយៈពេល ២ ម៉ោង។ ជាមួយគ្នានោះ មនុស្សជាច្រើនក៏សួរនាំពីអាថ៌កំបាំងនៃការសន្សំរបស់គាត់ផងដែរ។
គេបានដឹងថា បុរសពូកែសន្សំលុយរូបនេះធ្វើការនៅក្នុងវិស្វកម្មមេកានិច។ រាល់ពេលដែលប្រពន្ធរបស់គាត់ទៅផ្សារទិញរបស់របរ ម្ហូបអាហារ នៅសល់លុយរាយបន្តិចបន្តួច គាត់នឹងរំលឹកនាងឱ្យរក្សាលុយទាំងនោះដើម្បីសន្សំ ហើយជាលទ្ធផលពី “ការសន្សំបន្តិចបន្តួច អាចធ្វើឲ្យកើនចំនួនច្រើនសន្លឹកសន្ធាប់ដ៏មិននឹកស្មាន”។
ប្រហែលកន្លះខែ គាត់ដកលុយមករៀបចំឲ្យស្អាត ហើយបែងចែកជាដុំ ដោយក្នុងមួយខែគាត់ និងប្រពន្ធ អាចមានប្រាក់សន្សំចំនួនពី ៧០ ម៉ឺនដុង ទៅជាង ១លានដុង។
Duoc បាននិយាយថា៖ «មុនពេលទៅហាងទិញម៉ូតូ ខ្ញុំដាក់លុយក្នុងប្រអប់ក្រដាសកាតុង ហើយថតរូបទុកជាអនុស្សាវរីយ៍»។
នេះមិនមែនជាលើកទីមួយទេ ដែលគាត់សន្សំលុយបានច្រើនបែបនេះ។ កន្លងមកគាត់ ក៏សន្សំលុយបានច្រើន ហើយយកវាទៅទិញឡានបាន១គ្រឿង ទៀតផង។ លោក Duoc បានឲ្យដឹងថា «ពេលឃើញម៉ូតូរបស់ប្រពន្ធខ្ញុំចាស់ ខ្ញុំក៏យកលុយរាយដែលខ្ញុំសន្សំបានជាង២ឆ្នាំ មកទិញម៉ូតូមួយគ្រឿង ទុកជាកាដូស៊ើបប្រាយដល់ប្រពន្ធ»។
Duoc ក៏បានឲ្យដឹងទៀតថា៖ «ខ្ញុំមិនប្រើ Facebook ញឹកញាប់ទេ។ ដូច្នេះខ្ញុំមិនខ្វល់ពីការ Like ឬ ចង់បាន View អ្វីនោះទេ ។ មនុស្សជាច្រើនប្រាប់ខ្ញុំឱ្យទៅប្តូរប្រាក់នៅធនាគារ ដើម្បីទាក់ទាញការចូលមើល។ ប៉ុន្តែបើទៅធនាគារ ត្រូវតែលុយថ្មី ចំណែកលុយខ្ញុំជាលុយចាស់ហ្នឹង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង