ព្រះសីហនុ៖ អ្នកឃ្លាំមើលការងារអភិវឌ្ឍសង្គម និងប្រជាពលរដ្ឋខេត្តព្រះសីហនុ បង្ហាញអារម្មណ៍សោកស្តាយនៅគ្រាសង្កេតឃើញថា បរិវេណដីចំណីមាត់បឹង ឬផ្ទៃរងទឹកភ្លៀង នៃបឹងព្រែកទប់ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ដែលពីមុនមានទំហំរាប់រយហិចតារ ប៉ុន្តែបច្ចុប្បន្ននេះបានរួមតូចមិនដល់ ២០ហិចតារនោះទេ។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងពលរដ្ឋខេត្តព្រះសីហនុ បានអះអាងថា នៅមុនមានសកម្មភាពដឹកដីចាក់លុបបឹងរំលោភយកផ្ទៃរងទឹកភ្លៀង ឬដីចំណីមាត់បឹងព្រែកទប់ ធ្វើកម្មសិទ្ធិឯកជន ពីសំណាក់មន្ត្រីមានអំណាច និងឈ្មួញមានទ្រព្យមួយចំនួន បឹងព្រែកទប់នេះមានទំហំរាប់រយហិចតារ ប៉ុន្តែបច្ចុប្បន្ននេះ បឹងធម្មជាតិទឹកសាបមួយនេះ បានរួមតូចនៅសល់ត្រឹមផ្ទៃបឹងជាង ១៦ហិចតារតែប៉ុណ្ណោះ។
ប្រជាពលរដ្ឋ រស់នៅខេត្តព្រះសីហនុ អះអាងថា មហិច្ឆិតាដឹកដីចាក់លុបរំលោភយកមាត់បឹង ឬផ្ទៃរងទឹកភ្លៀងបឹងបឹងព្រែកទប់ធ្វើកម្មសិទ្ធិឯកជនរបស់ឈ្មួញ និងមន្ត្រីមានអំណាចមួយចំនួនជាបបន្តបន្ទាប់នាពេលកន្លងមក ប៉ុន្តែបច្ចុប្បន្ននេះ ជនមានមហិច្ឆិតាមួយចំនួននោះ បានសម្រេចបំណង របស់ពួកគេហើយ ព្រោះលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ ព្រមទាំងរដ្ឋបាលខេត្តព្រះសីហនុ បានទទួលស្គាល់ថាស្របច្បាប់ និងត្រៀមចេញបណ្ណកម្មសិទ្ធិកាន់កាប់ដីនៅជុំវិញបរិវេណបឹងព្រែកទប់នេះ ជូនបុគ្គលឯកជនប្រើប្រាស់ស្របច្បាប់ថែមទៀត។
ទាក់ទិនបញ្ហានេះ លោក ស្រេង វ៉ាន់លី មន្ត្រីអង្គការលីកាដូ ប្រចាំខេត្តព្រះសីហនុ បង្ហាញអារម្មណ៍ហួសចិត្ត កាលបើបទបញ្ជា របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានដាក់បទបញ្ជា ឲ្យមន្ត្រីក្រសួងស្ថាប័នពាក់ព័ន្ធក្រោមឱវាទ ត្រូវការពារទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មានបឹងអូរ ព្រៃកោងកាង ឆ្នេរសមុទ្រ និងធនធានជីវៈចម្រុះបាតសមុទ្រផ្សេងៗ ឲ្យបានគង់វង្ស ប៉ុន្តែបែរជាមន្ត្រីក្រោមឱវាទ មិនស្តាប់ ឬអនុវត្តតាមបទបញ្ជា របស់ប្រមុខដឹកនាំដាក់ឲ្យអនុវត្តនោះទេ។ ផ្ទុយទៅវិញ អ្នកទាំងនោះបន្តធ្វើសកម្មភាពផ្គើនទៅបទបញ្ជា របស់ប្រមុខដឹករដ្ឋាភិបាលនាំថែមទៀត។ លោក វ៉ាន់លី បានលើកជាឧទាហរណ៍ បឹងព្រែកទប់ ដែលជាបឹងទឹកសាប ទុកសម្រាប់ប្រើប្រាស់ នៅទូទាំងខេត្តព្រះសីហនុ ត្រូវជនមានមហិច្ឆិតាមួយចំនួន បានចាក់ដីរំលោភយកដីចំណីមាត់បឹងធ្វើកម្មសិទ្ធិស្ទើទាំងស្រុងអស់ទៅហើយនាពេលបច្ចុប្បន្ននេះ។
លោក វ៉ាន់លី សង្កេតឃើញថា រាល់ថ្ងៃនេះ លោកឃើញមានសកម្មភាពរថយន្តដឹកដីធំៗ បានដឹកដីចាក់លុប យកបរិវេណដីចំណីមាត់បឹងព្រែកទប់ និងចាក់ចូលទៅក្នុងផ្ទៃបឹងព្រែកទប់ ជាបន្តបន្ទាប់ ទោះបីកន្លងមកអតីតអភិបាលខេត្តព្រះសីហនុ លោក សាយ ហាក់ ធ្លាប់បានបញ្ជាឲ្យវាយកំទេចោលសំណង់ផ្ទះវីឡា របស់ លោក ខាត់ ប៊ុណ្ណា មន្ត្រីមន្ត្រីរៀបចំដែនដីខេត្តព្រះសីហនុ ទៅតាមបទបញ្ជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បែបណាក្តី ក៏ប៉ុន្តែដីចំណែកផ្ទះវីឡា របស់ លោក ខាត់ ប៊ុណ្ណា ដែលត្រូវអាជ្ញាធរវាយកំទេចចោល កាលពីពេលមុន ត្រូវបានកាន់កាប់ដោយបុគ្គលផ្សេងៗ ទៅវិញ។
មន្ត្រីសង្គមស៊ីវិលរូបនេះ ស្នើដល់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវនិរាករណ៍រាល់បណ្ណកម្មសិទ្ធិទាំងឡាយណា ដែលបុគ្គលឯកជន ប៉ងរំលោភយកដីចំណីមាត់បឹង ឬផ្ទៃរងទឹកភ្លៀងបឹងព្រែកទប់ ផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញ បានកំណត់នាពែលកន្លងទៅ យកមកដាក់ជាសម្បត្តិរដ្ឋគ្រប់គ្រងវិញ។
មន្ត្រីអង្គកាលីកាដូខេត្ត ព្រះសីហនុ បង្ហាញការសោកស្តាយ និងហួសចិត្ត ដែលមកដល់ពេលនេះទៅហើយ មិនគួរ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទុកបណ្តោយឲ្យបុគ្គលមានអំណាច និងឈ្មួញមានទ្រព្យមួយចំនួនតូច ដែលកន្លងមក មានមហិច្ឆិតាឃុបឃិតរំលោភយកដីចំណីមាត់បឹងព្រែកទប់ធ្វើកម្មសិទ្ធិ ប៉ុន្តែមកដល់បច្ចុប្បន្ននេះអាចសម្រេចមហិច្ឆិតាពួកគេនោះទេ។
លោក វ៉ាន់លី ដែលបានចុះពិនិត្យផ្ទាល់ដល់ទីតាំងបឹងព្រែកទប់ បង្ហាញការសោកស្តាយ ដែលពេលនេះផ្ទៃរងទឹកភ្លៀង និងផ្ទៃបឹងព្រែកទប់ទាំងមូល ដែលកន្លងមកធ្លាប់មានទំហំរាប់រយហិចតារ ប៉ុន្តែពេលនេះរួមនៅសល់ផ្ទៃបឹងត្រឹមជាង ១៦ហិចតារ (១៦.៣)ប៉ុណ្ណោះ។ មន្ត្រីឃ្លាំមើលការអភិវឌ្ឍសង្គមរូបនេះ ស្ទើរមិនជឿថា រដ្ឋាភិបាល ឬថ្នាក់ដឹកនាំក្រសួដែនដីជាដើម អាចជួយលកលៃលក ឲ្យបុគ្គលមានអំណាច និងឈ្មួញមានទ្រព្យមួយចំនួន បានសម្រេចមហិច្ឆិតាប៉ុនប៉ងរំលោភកាន់កាន់ដីចំណីមាត់បឹងព្រែកទប់ នាពេលកន្លងមក ឈានទៅអាចសម្រេចបំណងពួកគេទេ។ លោក វ៉ាន់លី ថ្លែងថា នៅក្នុងពេលដ៏ឆាប់ខាងមុខមន្ត្រីជំនាញមន្ទីរៀបចំដែនដី ខេត្តព្រះសីហនុ នឹងឈានទៅចេញប្លង់កម្មសិទ្ធិកាន់កាប់ដីនៅជុំវិញបរិវេណមាត់បឹងព្រែកទប់ ទទួលស្គាល់ដោយក្រសួងរៀបចំដែនដី និងរដ្ឋបាល ខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកនេះ បានចេញលិខិតជម្រាបជូន លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ដោយបើកផ្លូវឲ្យរដ្ឋបាលខេត្តនេះ អាចដំណើរការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ជូនប្រជាពលរដ្ឋដែលកាន់កាប់ដីនៅជុំវិញមាត់បឹងព្រែកទប់ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ ប្រើប្រាស់ស្របច្បាប់។
បន្ថែមលើនេះ លោក ជា សុផារ៉ា ក៏តម្រូវឲ្យរដ្ឋបាលខេត្តព្រះសីហនុ រក្សាទីតាំងតំបន់អភិរក្សទឹកសាបបឹងព្រែកទប់ មានទំហំជាង ១៦ហិកតារ (១៦,៣) ឲ្យស្របតាមអនុក្រឹត្យចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ដោយត្រូវរក្សាដីចំណីផ្លូវជុំវិញបឹងសងខាងអ័ក្សផ្លូវសរុបមានទទឹង ២០ម៉ែត្រ សម្រាប់រៀបចំជាផ្លូវទំនប់ ប្រព័ន្ធលូបង្ហូរទឹកកខ្វក់នៅតាមបណ្ដោយដីចំណីផ្លូវព័ទ្ធជុំវិញបឹង និងត្រូវការពារប្រឡាយធម្មជាតិ ដែលតភ្ជាប់ទៅនឹងបឹងធម្មជាតិមួយនេះ ដោយត្រូវរៀបចំប្រព័ន្ធអាងចម្រោះទឹកកខ្វក់ នៅខាងមុខប្រឡាយនោះ មុននឹងបង្ហូរទឹកចេញពីប្រឡាយចូលទៅក្នុងផ្ទៃបឹងព្រែកទប់។
ត្រង់ចំណុចនេះ លោកស្រី ជៀប សុធារី អ្នកសម្របសម្រួលសមាគមអាដហុក (ADHOC) ប្រចាំខេត្តព្រះសីហនុ បានថ្លែងហួសចិត្តកាលបើដឹងថា សកម្មភាពចាក់ដីរំលោភយកបឹងធម្មជាតិទឹកសាប នៃបឹងព្រែកទប់ ដែលបុគ្គមានអំណាច និងឈ្មួញមានទ្រព្យមួយចំនួនបានប៉ុនប៉ងកន្លងមក ប៉ុន្តែពេលនេះពួកគេបានសម្រេចបំណងដោយរលូន និងឈានទៅមានប្លង់កម្មសិទ្ធិកាន់កាប់ដីនេះស្របច្បាប់ថែមទៀត។
បញ្ហានេះ លោកស្រី សុធារី ស្នើដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យជួយថែរក្សាបរិវេណដីនៅជុំវិញបរិវេណបឹងព្រែកទប់ ទាំងផ្ទៃរងទឹកភ្លៀង និងផ្ទៃបឹងព្រែកទប់ទាំងមូល ឲ្យមានទំហំធំដូចដើមវិញ ដោយមិនគួរអនុញ្ញាតិឲ្យជនឆក់ឱកាស ដែលមានមហិច្ឆិតាចាក់ដីរំលោភយកដីចំណីមាត់បឹងព្រែកទប់ធ្វើកម្មសិទ្ធិឯកជនកន្លងមក អាចសម្រេចមហិច្ឆិតារបស់ពួកគេនោះទេ។
អ្នកឃ្លាំមើលសង្គមរូបនេះ ក៏ស្នើដល់ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី និងលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ត្រូវមានសម្មភាពការងារ ដោយត្រូវតម្កល់ផលប្រយោជន៍ជាតិ និងសាធារណៈជាធំ ហើយត្រូវជៀសឲ្យផុតពីការឃុបឃិតណាមួយ ដែលនាំឲ្យមានការបំផ្លាញទ្រព្យសម្បត្តិជាតិនាថ្ងៃអនាគត។
លោកស្រី សុធារី ឲ្យដឹងថា តាមការកត់សម្គាល់ បុគ្គលមានឈ្មោះកាន់កាប់ចំណែកក្បាលដីនៅជុំវិញបរិវេណមាត់បឹងព្រែកទប់ភាគច្រើន គឺជាមន្ត្រីមានឋានៈបុណ្យស័ក្តិខ្ពស់កំពុងបម្រើការងានៅតាមមន្ទីរ ស្ថាប័នរដ្ឋមួយចំនួននៃរដ្ឋបាលខេត្តព្រះសីហនុ និងមន្ត្រីខ្លះទៀត កំពុងបំរើការងារនៅតាមក្រសួង ស្ថាប័យរដ្ឋថ្នាក់ជាតិ។
លោកស្រី សុធារី មន្ត្រីសមាគមអាដហុក ប្រចាំខេត្តព្រះសីហនុ ថ្លែងសោកស្តាយ កាលបើសង្កេតឃើញថា បទបញ្ជា របស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងវេទិកាការពារបរិស្ថាន ឬធនធានធម្មជាតិ លើកទី២ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ នាវិមានសន្តិភាព រាជធានីភ្នំពេញ ប៉ុន្តែបែរជាមិនមានមន្ត្រីក្រោមឱវាទរបស់លោកអនុវត្តតាមទេ ហើយថែមទាំងផ្គើនទៅនឹងបទបញ្ជានេះថែមទៀត។
បញ្ហានេះដែរ លោក នួន ប៉ុក ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ បានឲ្យដឹងថា កន្លងមកមន្ត្រីជំនាញបានចុះបោះបង្គោលកំណត់ផ្ទៃរងទឹកភ្លៀងបឹងទឹកសាបព្រែកទប់ ដោយអនុវត្តត្រឹមត្រូវតាមអនុក្រឹត្យ របស់រាជរដ្ឋាភិបាល ស្ដីពីការងារថែរក្សាការពារផ្ទៃបឹងព្រែកទប់ មានទំហំជាង ១៦ហិកតារ (១៦,៣ហិកតារ) សម្រាប់រក្សាប្រភពទឹកស្អាតនាខេត្តព្រះសីហនុ។ លោកបន្តថា សកម្មភាពចុះកំណត់ព្រំដីផ្ទៃរងទឹកភ្លៀងនេះ បានឈានដល់រាល់ថ្ងៃនេះ ក្រុមកាងារ ធ្វើសកម្មភាពដឹកដីចាក់ រៀបចំស្ថាបនាផ្លូវ សង់ទំនប់ការពារផ្ទៃបឹង និងដាំដើមឈើជុំវិញមាត់បឹង ដើម្បីកែលំអបឹងទឹកសាបមួយនេះឲ្យក្លាយទៅជាតំបន់ទេសចរណ៍តាមបែបធម្មជាតិ សម្រាប់បំរើដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យចូលមកទស្សនាកម្សាន្ត នៅតំបន់បឹងព្រែកទប់នេះក្នុងពេលដ៏ឆាប់ខាងមុខ។
លោក នួន ប៉ុក បន្តថា នៅថ្ងៃអនាគត ទីតាំងនៅជុំវិញតំបន់បរិវេណមាត់បឹងព្រែកទប់ មានទីតាំងនៅជាប់ឆ្នេរឯករាជ្យ ឬឆ្នេរ ៧ជាន់ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ នឹងត្រូវធានាថែរក្សាការពារសោភ័ណភាពធម្មជាតិ វប្បធម៌ ព្រមទាំងអភិរក្សប្រែក្លាយបឹងទឹកសាបមួយនេះ សម្រាប់បម្រើដល់ផលប្រយោជន៍រួម របស់សាធារណៈជនទូទៅ និងរួមគ្នាថែរក្សាបឹងព្រែកទប់ឲ្យបានគង់វង្ស។ ប៉ុន្តែការអះអាងនេះ ត្រូវបានសាធារណៈជន ពិសេសប្រជាពលរដ្ឋ រស់នៅខេត្តព្រះសីហនុ រិះគន់ និងចាត់ទុកសកម្មភាពចាក់ដីអភិវឌ្ឍផ្លូវជុំវិញមាត់បឹងព្រែកទប់ ថានាំឲ្យបាត់បង់ផ្ទៃបឹងធម្មជាតិមួយនេះថែមទៀត។
ផ្តើមពីបញ្ហានេះ ប្រជាពលរដ្ឋរស់នៅខេត្តព្រះសីហនុ ស្នើដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយថែរក្សាការពារផ្ទៃរងទឹកភ្លៀង ឬមាត់បឹងព្រែកទប់ ឲ្យបានគង់វង្ស ជាពិសេសបញ្ឈប់ការផ្តល់បណ្ណកម្មសិទ្ធិ និងជួយនិរាករណ៍រាល់បណ្ណកម្មសិទ្ធិទាំងឡាយណា ដែលមន្ត្រីជំនាញចេញឲ្យបុគ្គលឯកជន ប៉ះពាល់ដល់ដីចំណីមាត់បឹង ឬផ្ទៃរងទឹកភ្លៀងបឹងព្រែកទប់នាពេលកន្លងមក។
មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តព្រះសីហនុ កន្លងមកនេះ ធ្លាប់បង្ហាញរបាយការណ៍ថា បរិវេណនៅជំវិញមាត់បឹងព្រែកទប់ ឬផ្ទៃរងទឹកភ្លៀង ផ្ទៃបឹងព្រែកទប់ ព្រមទាំងបរិវេណដីហ៊ុមព័ទ្ធ នៅជុំវិញមាត់បឹងព្រែកទប់ទាំងមូល សរុបមានជាង ២រយហិចតារ។ ប៉ុន្តែក្រោយមក បន្ទាប់ពីមានសកម្មភាពទន្ទ្រានកាន់កាប់ដីផ្ទៃរងទឹកភ្លៀងខុសច្បាប់ពីឈ្មួញ និងមន្ត្រីមានអំណាចមួយចំនួនជាបន្តបន្ទាប់ ដោយមានការឃុបឃិតពីមន្ត្រីស្ថាប័នជំនាញខ្លះ នៃរដ្ឋបាលខេត្តព្រះសីហនុក្នុងអាណត្តិមុនៗ នាំឲ្យផ្ទៃបឹងព្រែកទប់ បានរួមនៅសល់ជាង ៩០ហិចតារ ដែលកាលណោះនៅក្នុងអាណត្តិដឹកនាំ របស់ លោក សាយ ហាក់ ធ្វើជាអភិបាលខេត្តព្រះសីហនុ។ ទាក់ទិនបឹងព្រែកទប់នេះ កន្លងមក លោក សាយ ហាក់ ធ្លាប់បានបញ្ជា ឲ្យសមត្ថកិច្ចវាយកំទេចផ្ទះវីឡាធំស្កឹមស្កៃ របស់ លោក ខាត់ ប៊ុណ្ណា មន្ត្រីមន្ទីររៀបចំដែនដីខេត្តព្រះសីហនុចោលរាបដល់ដី ដែលកាលណោះរដ្ឋបាលខេត្តនេះចោទថា បានសង់នៅលើដីចំណីមាត់បឹងព្រែកទប់ ប៉ុន្តែពេលបច្ចុប្បន្នដីផ្ទៃមាត់បឹងព្រែកទប់ និងទីតាំងផ្ទះវីឡា ដែលត្រូវវាយកំទេចនោះ ត្រូវមន្ត្រីមានអំណាច និងឈ្មួញ បានរំលោភស្ទើទាំងស្រុងអស់ទៅហើយ។ បន្តបន្ទាប់មកទៀត នៅក្នុងអាណត្តិទី៤ ក្រោមការដឹកនាំ របស់លោក ស្បោង សារ៉ាត់ ជាអភិបាលខេត្តព្រះសីហនុវិញ គឺដីផ្ទៃរងទឹកភ្លៀងបឹងព្រែកទប់ ដែលនៅសល់ជាង ៩០ហិចតារ ត្រូវបានមន្ត្រីមានអំណាច និងឈ្មួញមានទ្រព្យ នៅក្នុងអាណត្តិដឹកនាំ របស់លោក ស្បោង សារ៉ាត់ ឃុបឃិតគ្នា រំលោភធ្វើជាកម្មសិទ្ធិស្ទើគ្មានសល់។
សកម្មភាពទន្ទ្រានកាន់កាប់ដីនៅជុំវិញបឹងព្រែកទប់នេះ លោក ស្បោង សារ៉ាត់ អតីតអភិបាលខេត្តព្រះសីហនុ និងអតីតប្រធានមន្ទីរសុរិយោដីខេត្តព្រះសីហនុ អាចដឹងរឿងនេះច្បាស់ជាង មន្ត្រីស្ថាប័នពាក់ព័ន្ធខ្លះទៀត នៅក្រោមរដ្ឋបាលខេត្តព្រះសីហនុនៅក្នុងរជ្ជកាលនោះ។ ក្រោយមក លោក ស្ប៉ោង សារ៉ាត់ បានសម្រេចរក្សាផ្ទៃបឹងព្រែកទប់ នៅចន្លោះពី ១៥ ទៅ ១៦ហិកតារតែប៉ុណ្ណោះ។
ទោះយ៉ាងណា លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ដែលទើបមកដឹកនាំក្នុងអាណត្តិនេះ មានប្រសាសន៍ថា បញ្ហាកើតមាននៅបឹងព្រែកទប់ មានទីតាំងនៅក្នុងសង្កាត់លេខ៣ ដែលនៅសេសសល់ចុងក្រោយនេះ បច្ចុប្បន្ន ក្រុមការងារចម្រុះ របស់រាជរដ្ឋាភិបាល រួមមាន៖ ក្រសួងរៀបចំដែនដី មន្ទីរសុរិយោដីខេត្ត និងរដ្ឋបាលខេត្តព្រះសីហនុជាដើម បានអនុវត្តតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល ដើម្បីឈានទៅអភិរក្សថែរក្សាការពារ បឹងធម្មជាតិ នៃផ្ទៃបឹងព្រែកទប់ មានទំហំជាង ១៦ហិចតារ (១៦,៣ហិចតារ) សម្រាប់រក្សាប្រភពទឹកស្អាតនាខេត្តព្រះសីហនុ ឲ្យបានគង់វង្ស និងដាក់ឲ្យការពារដោយព្រះរាជ្យក្រឹត្យ៕ ដែន សីមា