យោងតាមគេហទំព័រ The Sun, នៅរសៀលថ្ងៃទី១៤ តុលា ឆ្នាំ២០២៣ អគ្គិភ័យដ៏គួរឱ្យរន្ធត់មួយបានកើតឡើងក្នុងផ្ទះល្វែងមួយក្នុងទីក្រុង Ipanema ប្រទេសប្រេស៊ីល។ ភ្នាក់ងារស៊ើបអង្កេតបាននិយាយថា ភ្លើងបានឆាបឆេះចេញពីសាឡុងផ្ទះ ហើយរាលដាលបន្តិចម្តងៗទៅខាងក្រៅ បង្ខំឱ្យមនុស្សចាស់ពីរនាក់នៅខាងក្នុងឡើងទៅលើយ៉រ ដើម្បីគេចខ្លួន។
គួរបញ្ជាក់ផងដែរថា មូលហេតុដែលបណ្តាលឲ្យមានអគ្គិភ័យនេះឡើង មិនមែនមកពីឆ្លងចរន្តអគ្គិសនី ឬការធ្វេសប្រហែសអ្វីនោះទេ គឺបណ្តាលមកពីចៅស្រីរបស់ម្ចាស់ផ្ទះ។ សាក្សីបាននិយាយថា ក្មេងស្រីរបស់ជនរងគ្រោះ អាយុ ១១ ឆ្នាំ ត្រូវបានហាមប្រាមមិនអោយប្រើទូរស័ព្ទទេ ព្រោះនាងបានមើលរឿងគួរឱ្យខ្លាចនៅក្នុងប្រវត្តិកម្មវិធីរុករកតាមទូរស័ព្ទ។
បន្ទាប់ពីដកហូតទូរស័ព្ទ ចៅស្រីកើតខឹង ក៏សម្រេចចិត្តដុតសាឡុងក្នុងបន្ទប់ទទួលភ្ញៀវ ខណៈជីដូនកំពុងសម្រាកក្នុងបន្ទប់គេង។ ក្រោយពីដុតភ្លើងហើយ ក្មេងស្រីរូបនេះថែមទាំងជូនដំណឹងដល់ជីដូនជីតាថា នាងទៅលេងផ្ទះ ហើយចាក់សោបន្ទប់ជីដូនពីខាងក្រៅថែមទៀតផង។
សមត្ថកិច្ចបានឲ្យដឹងថា ពេលរកឃើញភ្លើងភ្លាម ជនរងគ្រោះមានស្ត្រីអាយុ៥៣ឆ្នាំ និងបុរសអាយុ៧០ឆ្នាំ ដែលជាប្តីប្រពន្ធ បានប្រថុយជីវិតឡើងទៅលើយ៉បន្ទប់ដេក ដើម្បីគេចខ្លួន។
តាមរយៈវីដេអូដែលចែកចាយតាមប្រព័ន្ធអ៊ីនធឺណេត គេអាចមើលឃើញថា ដើម្បីជួយមនុស្សពីរនាក់រួចផុតពីភ្លើងនោះ ពលរដ្ឋល្អៗដែលរស់នៅក្បែរនោះ បានយកពូកចេញពីផ្ទះរបស់ពួកគេ ដើម្បីត្រៀមជួយសង្គ្រោះនៅក្រោម។ ភ្លាមៗនោះ ស្ត្រីជាប្រពន្ធអាយុ៥៣ឆ្នាំ បានលោតចុះពីលើយ៉មកលើពូក ហើយប្តីអាយុ៧០ឆ្នាំក៏លោតចុះមកតាមក្រោយ។
បន្ទាប់ពីរត់គេចខ្លួន និងត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព ស្ត្រីអាយុ ៥៣ ឆ្នាំ បាននិយាយថា គាត់មានអារម្មណ៍ឈឺជើង និងតឹងទ្រូង ដោយសារតែស្រូបផ្សែងយ៉ាងច្រើន ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងស្រុក ខណៈប្តីរបស់គាត់ត្រូវបានគេបញ្ជាក់ថា មិនមានរបួសធ្ងន់ធ្ងរនោះទេ។ មួយសន្ទុះក្រោយមក រថយន្តពន្លត់អគ្គិភ័យបានមកដល់ និងគ្រប់គ្រងភ្លើងបានយ៉ាងលឿន។ ក្មេងស្រីអាយុ១១ឆ្នាំដែលគេសង្ស័យថាជាអ្នកដុតក៏ត្រូវបានប្រគល់ឱ្យម្តាយរបស់នាងផងដែរ។ ទោះជាយ៉ាងណា ភ្នាក់ងារស៊ើបអង្កេតបាននិយាយថា ពួកគេនឹងបន្តស៊ើបអង្កេតករណីនេះបន្ថែម៕ រក្សាសិទ្ធិដោយ៖ លឹម ហុង