Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះ​ការ​វែកញែក​ព្រោងព្រាត! ក្រោយ​ស្រ្តី​ម្នាក់​ចេញមុខ​អះអា​ង​ថា គ្រាន់តែ​យក «ត្រីក្រាញ់​រស់» មក​ស្អំ​បែបនេះ ជំងឺភ្នែកក្រហម​នឹង​រលាយ​បាត់​ដូច​គេ​បេះ

ដូចដែលបានដឹងហើយ ករណីជំងឺភ្នែកក្រហមថ្មី បាននិងកំពុងតែរីករាលដាលនៅតាមបណ្ដាខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជា ដែលពិតជាគួរឲ្យព្រួយបារម្ភជាខ្លាំង។ តែអ្វីធ្វើឲ្យភ្ញាក់ផ្អើលខ្លាំងនោះ គឺស្របពេលជំងឺភ្នែកក្រហមនេះកំពុងកើតឡើង ស្រាប់តែមានស្ដ្រីម្នាក់បានចេញមុខបង្ហាញពីវិធីព្យាបាលដ៏ចម្លែក ដោយយក «ត្រីក្រាញ់រស់» ដាក់បិទលើភ្នែក នោះជំងឺភ្នែកក្រហមនឹងរលាយដូចគេបេះតែម្តង ដោយមិនចាំបាច់ប្រើថ្នាំបន្តក់ភ្នែកអ្វីនោះទេ។

តាមរយៈវីដេអូត្រូវបានបង្ហោះនៅលើគណនីហ្វេសប៊ុកឈ្មោះ មុំ ធា កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ស្រ្តីជាម្ចាស់ឃ្លីបបានយកត្រីក្រាញ់១ក្បាលមកបង្ហាញ និងរៀបរាប់ឲ្យដឹងថា៖ «សូមផ្ដាំទៅបងប្អូនទាំងអស់គ្នា ប្រសិនបើកើតជំងឺភ្នែកក្រហម សូមកុំភ្លេចត្រីក្រាញ់! ខ្ញុំតាំងពីតូចមកគឺធ្វើតែចឹង ត្រីកំពុងរស់ប៉ុណ្ណាក៏ដោយ ឲ្យតែយើងយកមកដាក់នៅលើភ្នែករបស់យើង វាគឺជាទំនាយរបស់ចាស់ៗពីដើមមកថា វានឹងស្រូបយកភ្នែកដែលយើងកើតជំងឺភ្នែកក្រហមហ្នឹង គឺបាត់តែម្តង ក្នុងរយៈពេលតែ១ថ្ងៃ ទៅ២ថ្ងៃប៉ុណ្ណោះ។ គឺនៅពេលដែលទំនេរៗយើងយកត្រីក្រាញ់មកធ្វើបែបនេះ អស់ត្រីក្រាញ់តែ ៣ ឬ ៤ក្បាល នឹងជាសះស្បើយហើយ មិនចាំបាច់ទិញថ្នាំបន្តក់ភ្នែក ឬប្រើប្រាស់ថ្នាំអ្វីផ្សេងៗនោះឡើយ គឺគ្រាន់តែយកត្រីក្រាញ់រស់មកដាក់នៅលើភ្នែកដែលកំពុងឈឺ ហើយត្រីក្រាញ់ដែលរស់នោះ នៅពេលយើងដាក់នៅលើភ្នែកគឺវាមិនបម្រះទៅណានោះទេ ពោលគឺនៅស្ងៀមស្រូបយកភ្នែកក្រហមយើងដែលកំពុងតែឈឺ រហូតទល់តែវាងាប់ខ្លួនឯងនៅលើភ្នែករបស់យើងតែម្ដង»។

ជាក់ស្តែង នៅក្នុងវីដេអូ ស្រ្តីរូបនេះបានចាប់ត្រីក្រាញ់រស់ពីក្នុងចានយកមកដាក់នៅលើភ្នែករបស់ខ្លួន ដើម្បីព្យាបាល ដែលឃើញហើយពិតជាគួរឲ្យស្រៀវជំនួសទៅនឹងធ្មុងរបស់វាជាខ្លាំង។ ប៉ុន្តែ ផ្ទុយទៅវិញ បើទោះជាត្រីក្រាញ់នោះនៅរស់រវើកក៏ពិតមែន តែពេលដាក់ដល់លើភ្នែក គឺវាពុំរើបម្រះនោះទេ ដោយដេកស្តូកស្តឹងរហូតងាប់តែម្តង។

ទន្ទឹមនឹងនេះ គេក៏បានឃើញអ្នកលេងបណ្តាញសង្គមមួយចំនួន ដែលអះអាងថាធ្លាប់ឃើញផ្ទាល់ បានចូលខមិនឲ្យដឹងបែបនេះថា «ឃើញឪពុកក្មេកខ្ញុំប្រើវិធីនេះដែរ ស័ក្តិសិទ្ធប្រាកដមែន ត្រីអត់បំរាស់ទេ ឥឡូវឃើញមានគេប្រើវិធីនេះដែរ, ជា100%ខ្ញុំឆ្លងកាត់ហើយៗ បាត់ដូចគេបេះ, បងខ្ញុំគាត់ធ្វើចឹងដែរជាពិតមែន ( ប្រហែលជា៣០ឆ្នាំមុនមិនសូវមានថ្នាំព្យាបាលទេ), ជារឿងពិត បើគេមិនជឿស្រេចតែគេទៅ សំខាន់វាបាត់ពិតៗ មិនមែនសម្តែង»។

តែទោះជាយ៉ាងណា មហាជនជាច្រើនដែលមិនជឿលើវិធីព្យាបាលដ៏ប្រឈមគ្រោះថ្នាក់នេះ បានសម្តែងការហួសចិត្តខ្លាំង និងចំអកឲ្យបែបនេះថា៖ «អ្នកភូមិខ្ញុំនាំគ្នាធ្វើតាមចែបានផលពិតៗ ឥឡូវជាភ្នែកក្រហមហើយ តែត្រូវចូលពេទ្រ ព្រោះខ្វាក់ភ្នែកដោយសាត្រីក្រាញ់ច្រាស, ញុមធ្វើតាមចែ​បានផលមែន​ លែងក្រហមហើយ​ គឺខ្វាក់ម្ដងព្រោះត្រី​វាប្រកាច់ហើយមុតភ្នែក ឥឡូវខ្វាក់ភ្នែកបាត់ហើយ,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×