នៅថ្ងៃទី១៩ ខែតុលា ពិធីមង្គលការមួយ ត្រូវបានធ្វើឡើងនៅទីក្រុង Van Phu ខេត្ត Guangdong ប្រទេសចិន។ តែយ៉ាងណាមិញ វីដេអូដែលថតពីខណៈពេលកូនក្រមុំ និងកូនកំលោះចុះពីឡានអាពាហ៍ពិពាហ៍ បានទាក់ទាញចំណាប់អារម្មណ៍អ្នកនិយមលេងអ៊ីនធឺណេតយ៉ាងខ្លាំង នោះគឺដោយសារតែសកម្មភាពដ៏ចម្លែករបស់គ្រួសារកូនកំលោះ មកលើកូនក្រមុំ។
តាមរយៈការពិតឃើញជាក់ស្តែង នោះគឺនៅពេលគូស្នេហ៍ទើបរៀបការថ្មីថ្មោង ចុះចេញពីឡានភ្លាម គេបានឃើញស្ត្រីវ័យកណ្តាលម្នាក់ បានស្វាគមន៍យក «អាវទ្រនាប់» ពណ៌ផ្កាឈូកមកពាក់ឲ្យកូនក្រមុំ ដែលធ្វើឲ្យនាងមានការងឿងឆ្ងល់ មិនដឹងថាមានរឿងអ្វីកើតឡើងទេ ប៉ុន្តែដោយគិតថាជាថ្ងៃធំរបស់នាង នាងនៅតែធ្វើតាមដោយមិនបញ្ចេញយោបល់អ្វី។
ពិតណាស់ រូបភាពកូនក្រមុំឈរកណ្តាលហ្វូងមនុស្ស ស្លៀករ៉ូបអាពាហ៍ពិពាហ៍ពណ៌ស កាន់ភួងផ្កាកុលាបភ្លឺ និងពាក់អាវទ្រនាប់ (អាវចុងភៅ) មើលទៅមិនសមរម្យទាល់តែសោះ អ្នកទស្សនាឃើញផ្ទុះសំណើច និងគួរឲ្យហួសចិត្តយ៉ាងខ្លាំង។
អ្នកនិយមលេងអ៊ីនធឺណិតដែលបានឃើញទិដ្ឋភាពនេះហើយ បានរិះគន់គ្រួសារកូនកំលោះយ៉ាងខ្លាំង ព្រោះជឿថា សកម្មភាពនេះក្នុងថ្ងៃរៀបការមានន័យថា កូនក្រមុំ «ចូលផ្ទះភ្លាមត្រូវចូលផ្ទះបាយធ្វើម្ហូប បំពេញកាតព្វកិច្ចធ្វើម្ហូបជូនប្តី និងគ្រួសារប្តី»។
ក្នុងនោះ មនុស្សជាច្រើនបានបញ្ចេញមតិថា៖ «តើនៅសម័យណាដែលគេចាត់ទុកប្រពន្ធ ឬកូនប្រសា ត្រូវបម្រើគ្រួសារប្តី? គ្រួសារកូនកំលោះនេះគ្រាន់តែចង់ឱ្យកូនក្រមុំធ្វើការផ្ទះ និងធ្វើម្ហូបឱ្យពួកគេពេញមួយថ្ងៃតែម្តង, ហេតុអ្វីបានជាពាក់អាវទ្រនាប់ ហើយមិនពាក់ខ្សែកមាស?»។ អ្នកនិយមលេងអ៊ីនធឺណេតមានការខឹងសម្បារជាខ្លាំង រហូតដល់អ្នកបង្ហោះវីដេអូនេះត្រូវលុបចេញភ្លាមៗ ប៉ុន្តែវានៅតែបង្ហាញនៅលើគណនីផ្សេងទៀត និងបណ្តាញទំនាក់ទំនងសង្គម។
ទោះយ៉ាងណា មានមតិយល់ឃើញផ្ទុយជាច្រើនបានលើកឡើងថា៖ «មនុស្សជាច្រើនគិតថាវាជារឿងធម្មតាណាស់ សម្រាប់កូនក្រមុំទៅផ្ទះប្តីរបស់នាង ដើម្បីថែរក្សា ចម្អិនអាហារ។ ជាងនេះទៅទៀត នេះអាចជាពិធីមង្គលការតាមទម្លាប់ ហើយវាមិនប្រាកដថា គ្រួសាររបស់ប្តីបង្ខំកូនក្រមុំ ឱ្យបំពេញកាតព្វកិច្ចរបស់ខ្លួននោះទេ»។ ក្រៅពីនេះ អ្នកនិយមលេងអ៊ីនធើរណែតដទៃ បានបង្ហើបថា ទង្វើនៃការពាក់អាវទ្រនាប់សម្រាប់កូនក្រមុំ គឺមិនមែនសំដៅលើការងារផ្ទះនោះទេ។ តាមទំនៀមទំលាប់នៃតំបន់ជាច្រើននៅ Van Phu ខេត្ត Guangdong ការពាក់អាវផាយជុំវិញពោះក្នុងថ្ងៃមង្គលការ បង្ហាញថាកូនក្រមុំមានផ្ទៃពោះ ហើយប្រាថ្នាចង់បានកូនចៅច្រើននាក់។
អ្នកលេងអ៊ីនធឺណិតម្នាក់បានចែករំលែកថា៖ «ខ្ញុំមកពីស្រុក Uc Nam ខេត្ត Van Phu។ អាពាហ៍ពិពាហ៍របស់ខ្ញុំក៏ដូចគ្នាដែរ។ នៅថ្ងៃរៀបការ ខ្ញុំមិនទាន់មានផ្ទៃពោះទេ ប៉ុន្តែនៅតែពាក់អាវផាយ មនុស្សមានការយល់ច្រឡំ។ ការពាក់អាវទ្រនាប់សម្រាប់កូនក្រមុំ គឺគ្រាន់តែដើម្បីការពារការមានគភ៌ និងសូមជូនពរឱ្យអ្នកម្តាយមានកូនមានសុខភាពល្អ។ គ្មានន័យអ្វីក្នុងការបង្ខំកូនក្រមុំឲ្យធ្វើកិច្ចការផ្ទះ ឬបម្រើគ្រួសារប្តីឡើយ។ ការងារផ្ទះក្នុងគ្រួសារខ្ញុំ ត្រូវបែងចែកទាំងប្ដីប្រពន្ធដោយគោរពគ្នាទៅវិញទៅមក»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង