យោងតាមការចុះផ្សាយរបស់សារព័ត៌មាន China Press បានបញ្ចេញរឿងរ៉ាវដ៏ភ្ញាក់ផ្អើលមួយ ដោយបុរសម្នាក់រស់ទីក្នុងក្រុង Zhongshan ខេត្ត Guangdong ប្រទេសចិន បានកើតការសង្ស័យជាច្រើនខែថា ប្រពន្ធរបស់គាត់មិនស្មោះត្រង់ ប៉ុន្តែមិនទាន់មានភស្តុតាងនៅឡើយ។ រហូតមកដល់ពេលថ្មីៗនេះ គាត់ចាប់បានភស្តុតាងយ៉ាងច្បាស់ៗ ខណៈប្រពន្ធរបស់គាត់កំពុងអង្គុយថតរូប Selfie នៅក្នុងសណ្ឋាគារ។ ដូច្នេះហើយ គាត់ក៏សម្រេចចិត្តតាមដានប្រពន្ធដល់ទីនោះ និងចាប់បានគូស្នេហ៍របស់នាងទៀតផង។ តែយ៉ាងណាមិញ ពាក្យសម្ដីរបស់ប្រពន្ធ មកលើបុរសជាប្តី បានធ្វើឲ្យអ្នកនិយមលេងអ៊ីនធើរណែតរិះគន់យ៉ាង។
ក្នុងឃ្លីបដែលប្ដីថតនោះ គេបានឮសំឡេងគាត់និយាយថា ប្រពន្ធរបស់គាត់បានកក់បន្ទប់នៅសណ្ឋាគារនេះ និងទើបត្រូវបានចាប់បានថាមានស្នេហាលួចលាក់ ហើយបញ្ជាក់ថា ប្រពន្ធរបស់គាត់បានលួចលាក់មានស្នេហ៍ជាច្រើនខែមកហើយ។
មុនហេតុការណ៍កើតឡើង ប្តីបានមករង់ចាំប្រពន្ធនៅចំណតរថយន្ត ហើយចាប់ផ្តើមជេរទៅលើស្រ្តីជាប្រពន្ធទាំងកំហឹងថា «អ្នកមកទីនេះដើម្បីស្វែងរកសុភមង្គល។ ចំណែកឯខ្ញុំនៅផ្ទះមើលថែចិញ្ចឹមកូន ហៅបុរសនោះចុះមកឥឡូវនេះមក!»។
ប្រពន្ធរបស់គាត់ មើលទៅស្ងប់ស្ងាត់ ហើយមិនមានវិប្បដិសារីអ្វីទាំងអស់ ដែលធ្វើឲ្យបុរសប្ដីកាន់តែខឹង ហើយក៏បានប្រើហិង្សារុញប្រពន្ធគាត់ចូលក្នុងឡាន។ ពេលនោះហើយ ដែលប្រពន្ធគាត់បាននិយាយឡើងថា «មើលខ្លួនអ្នកប៉ុន្មានឆ្នាំកន្លងមកនេះ តើអ្នកបានផ្តល់ឱ្យខ្ញុំនូវអ្វីខ្លះ? អ្នកមិនអាចយកមកផ្ទះសូម្បីតែមួយយន់។ ផ្ទះនិងឡាន ត្រូវបានលក់អស់ដែរ»។ ស្រ្តីជាប្រពន្ធក៏បាននិយាយថា បានព្យាយាមជួយពួកគេផ្នែកហិរញ្ញវត្ថុ ប៉ុន្តែគ្មានអ្វីផ្លាស់ប្តូរទេ។ ដូច្នេះហើយ ទើបនាងសម្រេចចិត្តស្វែងរកបុរសផ្សេង។
ឆ្លើយតបនឹងពាក្យសម្តីរបស់ប្រពន្ធ បុរសនោះបាននិយាយថា គាត់បានព្យាយាមអស់ពីសមត្ថភាព ដើម្បីផ្លាស់ប្តូរជីវភាពគ្រួសារ ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់ ប្រពន្ធរបស់គាត់នៅតែបោកប្រាស់គាត់ ពីក្រោយខ្នងបែបនេះសោះឡើយ។ បុរសជាប្តីរូបនេះក៏បានប្រាប់ថា បើនាងមិនចង់រស់នៅជាមួយគាត់ទេ នាងគួរលែងលះជាមួយគាត់ឱ្យបានត្រឹមត្រូវ រួចទៅរស់នៅជាមួយបុរសផ្សេងចុះ។ ពេលប្រពន្ធបានឮប្រយោគនេះ នាងក៏យល់ព្រមភ្លាម ប៉ុន្តែបុរសជាប្តីបានបន្ថែមថា គូស្នេហ៍ដែលនាងមានទំនាក់ទំនងស្នេហា ប្រហែលជាមានប្រពន្ធហើយដែរ។
ទោះជាយ៉ាងណា គេក៏ពុំបានដឹងច្បាស់ថា ប្តីប្រពន្ធយគូនេះ នឹងដោះស្រាយបញ្ហារបស់ពួកគេយ៉ាងណានោះទេ។ ប៉ុន្តែ ទន្ទឹមនឹងនេះ អ្នកនិយមលេងអ៊ីនធឺណិតបានរិះគន់ប្រពន្ធថា៖ «ខ្សែជីវិតនឹងមានការឡើងចុះ បើរាល់ពេលជួបការលំបាក ប្តីឬប្រពន្ធទៅរកអ្នកមានលុយ សួរថាតើអ្នកមានអារម្មណ៍យ៉ាងណា?, អ៊ីចឹង នាងមិនអាចធ្វើការរកលុយចិញ្ចឹមកូន និងខ្លួនឯងបានទេ ខណៈប្តីខំសាងអ្វីៗគ្រប់យ៉ាង? មនុស្សស្រីបែបនេះមិនសមនឹងយកធ្វើជាប្រពន្ធ និងជាម្ដាយគេទេ»។
ក្រៅពីនេះ ក៏មានអ្នកគិតថា ក្នុងរឿងនេះទាំងប្រពន្ធ និងប្តីមានកំហុស។ ការរកលុយ និងមើលថែគ្រួសារ គឺជាទំនួលខុសត្រូវរបស់បុរសជាប្តី។ បើអ្នករកស៊ីដល់ចំណុចដែលអ្នកត្រូវលក់ផ្ទះ ឬឡាន ហើយមិនអាចយកលុយមកគ្រួសារបានច្រើនឆ្នាំ ហេតុនេះប្រពន្ធក៏ត្រូវមើលខ្លួនឯងដែរ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង