ថ្មីៗនេះ រូបថតអាពាហ៍ពិពាហ៍មួយ បានធ្វើឲ្យភ្ញាក់ផ្អើល និងក្លាយជាប្រធានបទដ៏ក្តៅគគុក នៃការជជែកគ្នានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមចិន។ នោះគឺខណៈពេលដែលរ៉ូមែនទិកបំផុតនៅក្នុងព្រឹត្តិការណ៍ ស្រាប់តែបានប្រែទៅជាស្ថានភាពឆ្គាំឆ្គង បន្ទាប់ពីកូនក្រមុំ និងកូនកំលោះថើបគ្នា ដើម្បីបង្ហាញសេចក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក ប៉ុន្តែផ្ទុយទៅវិញ កូនកំលោះបែរជាប្រញាប់យកដៃជូតមាត់ ខណៈនោះ កូនក្រមុំក៏យកដៃរបស់នាងខ្ទប់មាត់ដូចគ្នា ធ្វើដូចជាចង់ក្អួតអ៊ីចឹង។
យោងតាមសារព័ត៌មានក្នុងស្រុក ហេតុការណ៍នេះបានកើតឡើងនៅក្នុងពិធីមង្គលការមួយក្នុងទីក្រុង Chongqing ភាគនិរតីនៃប្រទេសចិន តាំងពីថ្ងៃទី២៧ ខែមករា មកម្ល៉េះ ប៉ុន្តែវីដេអូឃ្លីបទើបតែត្រូវបានចែកចាយយ៉ាងទូលំទូលាយនាពេលថ្មីៗនេះ។ តាមឃ្លីបបានបង្ហាញថា បន្ទាប់ពីថើប កូនកំលោះបានដកខ្លួន ងាកចេញ ហើយជូតមាត់យ៉ាងរហ័ស។ ចំណែកកូនក្រមុំវិញ ក៏បានបែរមុខទៅទិសផ្សេង និងយកដៃខ្ទប់មាត់ ហើយដើរឱនក្បាលយ៉ាងចម្លែក។
បន្ទាប់ពីវីដេអូត្រូវបានរីករាលដាលនៅលើអ៊ីនធឺណិត អ្នកនិយមលេងអ៊ីនធឺណិតបានបញ្ចេញមតិ និងជជែកគ្នា វិភាគអំពីហេតុផលផ្សេងៗឡើងក្តៅគគុក។ ក្នុងនោះ អ្នកខ្លះជឿថា នេះគឺជាពិធីមង្គលការដែលធ្វើឡើងប្រឆាំងនឹងឆន្ទៈរបស់កូនកំលោះកូនក្រមុំ វាអាចទៅរួចដែលថា គ្រួសាររបស់ពួកគេបានរៀបចំទាំងអស់ ខណៈពួកគេទាំងពីរមិនបានស្រឡាញ់គ្នា ដូច្នេះហើយបានបង្ហាញអារម្មណ៍បែបហ្នឹង។
ខណៈពេលដែលមនុស្សផ្នែកមួយទៀតគិតថា អ្នកទើបរៀបការប្រហែលជាមិនចូលចិត្តគ្នាទាល់តែសោះ ប៉ុន្តែវាអាចដោយសារតែមានបញ្ហាក្លិនមាត់មិនល្អ។ ដោយសារតែអាហារដែលមានក្លិនខ្លាំងដូចជាខ្ទឹម ពួកគេបានបង្ហាញការអាម៉ាស់បែបនេះដោយចៃដន្យ។ មតិមួយផ្នែកទៀតបានមើលឃើញថា វាអាចជារឿងកំប្លែងមួយដែលកូនក្រមុំ និងកូនកំលោះ កំពុងលេងសើចនៅក្នុងព្រឹត្តិការណ៍នោះ។
ទោះជាយ៉ាងណា ក្រោយមក ក៏មានអ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់មានឈ្មោះថា Liao បានចេញមុខបកស្រាយខុសពីការវិភាគរបស់អ្នកលេងអ៊ីនធឺណែត ដោយបានបង្ហើបថា នាងជាអ្នកថតវីដេអូក្នុងពិធីមង្គលការរបស់បងប្រុសនាង។ ឈុតដែលឃើញកូនកំលោះកំពុងជូតមាត់នោះ គឺព្រោះតែមាត់កូនក្រមុំប្រឡាក់ ហើយការដែលកូនក្រមុំយកដៃបិទមាត់ នាងមិនតក់ស្លុតទេ មាត់របស់នាងបើកចំហ ឬក្អួត ឬធុំក្លិនខ្ទឹមសតាមវិធីណា? ប៉ុន្តែនាងគ្រាន់តែខ្ទប់មាត់ ហើយសើច។
ក្រោយពីការពិតនៅពីក្រោយពេលរៀបការដ៏ចម្លែកនេះ ត្រូវបានលាតត្រដាង អ្នកនិយមលេងអ៊ីនធឺណិតដទៃទៀត បានហួសចិត្តថា ពួកគេមិនគួរវិនិច្ឆ័យអ្វីមួយដោយផ្អែកលើរូបភាពដែលពួកគេឃើញនៅលើបណ្ដាញសង្គម ព្រោះយើងក៏មិនដឹងការពិតអ្វីដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង