ថ្មីៗនេះ មហាជនអ្នកប្រើប្រាស់បណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើល និងគួរឲ្យស្លុតចិត្តយ៉ាងខ្លាំង ក្រោយពីបានឃើញរូបភាពមន្រ្តីជំនាញ ក.ប.ប. បានដកហូតសាច់បង្កកខូចគុណភាពប្រមាណ ៣,៥០០ គីឡូក្រាម យកទៅកម្ទេចចោល បន្ទាប់ពីបានធ្វើការឆែកឆេរឃ្លាំងស្កុក និងចែកចាយមួយកន្លែង។
នេះបើយោងតាម «អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF» បានឲ្យដឹងពីករណីនេះនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា ក្រោយពីមានការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារងរាជធានីភ្នំពេញ និងក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តមផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ លោកអគ្ករង ក.ប.ប. សហការជាមួយមន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ ព្រមជាមួយនគរបាលសេដ្ឋកិច្ច នៃអគ្គស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំកម្លាំងចុះឆែកឆេរទីតាំងឃ្លាំងស្ដុក និងចែកចាយសាច់បង្កកមួយកន្លែងស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការត្រូតពិនិត្យនោះ មន្រ្តីជំនាញ ក.ប.ប. បានរកឃើញសាច់បង្កកហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពចំនួន ៣,៥០០ គីឡូក្រាម ក្រោយពីបានរកឃើញមន្រ្តីជំនាញបានធ្វើការដកហូតយកម្ទេចចោលភ្លាមៗនៅទីតាំងចាក់សម្រាមខណ្ឌដង្កោ។ រីឯម្ចាស់ទីតាំងត្រូវបានអញ្ជើញឱ្យចូលខ្លួនមកបំភ្លឺនៅអគ្គនាយកដ្ឋាន ក.ប.ប. តាមនីតិវិធី។
ជាមួយគ្នានេះផងដែរ ក៏ស្រាប់តែមានគណនីហ្វេសប៊ុកមួយឈ្មោះ Sruong Pheavy បានបង្ហោះសារផ្តាំទៅបងប្អូនដែលចូលចិត្តអាហារកំពុងពេញនិយម «ហូបម៉ាឆ្អែត ផឹកម៉ាសេរី» យ៉ាងដូច្នេះថា៖ «សូមបរិភោគឲ្យប្រុងប្រយ័ត្ន🥹 ជើងជ្រូកស៊ីឈ័នមួយឈុត 3$ ញាំបែកពោះ មូកថៈបូហ្វេមួយឆ្អែត 8$ សាច់បង្កកហួសការបរិច្ឆេទ និងខូចគុណភាព ប្រឈមប៉ះពាល់ដល់សុខភាព ជាង ៣,៥០០ គីឡូ ត្រូវបានដកហូតយកទៅកម្ទេចចោលភ្លាមៗទៅទីតាំងចាក់សម្រាមខណ្ឌដង្កោ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង