នេះជារឿងថ្មី បានធ្វើឲ្យមហាជនអ្នកប្រើប្រាស់បណ្តាញសង្គម ផ្ទុះការភ្ញាក់ផ្អើល និងជជែកគ្នាឡើងព្រោងព្រាតទៀតហើយ បន្ទាប់ពីបុរសម្នាក់បានបង្ហាញអារម្មណ៍ហួសចិត្តជាខ្លាំង ចំពោះប៉ូលីសចរាចរណ៍នៅគោលដៅមួយកន្លែង ដែលបានចាប់ឃាត់ និងផាកពិន័យជាសាច់ប្រាក់អស់ចំនួន៤ម៉ឺនរៀល ដោយសារតែខ្លួនបានផ្លាស់ប្តូរ «អំពូលភ្លើង LED» ខុសពីអំពូលដើមដែលមិនសូវភ្លឺ ធំជាងមេដៃបន្តិចប៉ុណ្ណោះ អស់រយៈពេលជិត៥ឆ្នាំមកហើយ តែប៉ូលិសទើបរកនឹកឃើញចាប់ផាកគ្មានការលើកលែង ចំណែកឯរថយន្តស៊េរីទំនើបវិញ ដែលមានបំពាក់ភ្លើងភ្លឺចិញ្ចាចទាំងលើទាំងក្រោម បែរជាមិនដែលឃើញចាប់ផាកទាល់តែសោះ។
ជាក់ស្តែង ក្នុងការបង្ហោះកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ បុរសជាម្ចាស់ម៉ូតូដែលមានគណនីហ្វេសប៊ុកឈ្មោះ សុខា វិសាល បានសរសេររៀបរាប់បែបនេះថា៖ «ម៉ូតូអំពូលមិនសូវភ្លឺ ក៏ដូរដាក់អារាងភ្លឺបន្តិច ពូប៉ូលីសចាប់ទារ (៨០០០០រៀលតាមច្បាប់) សម្រួលសល់(៤០០០០រៀល) អំពូលមួយតែ២០០០០រៀលទេ ខ្ញុំសូមសរសើរពូប៉ូលីសណាស់ អំពូលធំជាងមេដៃបន្តិច គាត់មើលឃើញ ដល់ពេលឡានទំនើបភ្លើងលើដំបូលផង ភ្លើងចាប់ជាប់កាងផង អំបូលប៉ុណ្ណាប៉ុណ្ណីគាត់មើលអត់ឃើញ ខ្ញុំទទួលស្គាល់ថាខ្ញុំខុស តែឡានទំនើបៗខុសដូចខ្ញុំដែរ មិចក៏មិនចាប់ផងលោកពូ»។
ដោយឡែក នៅពេលគេសួរថា នៅម្តុំណាដែរ? ម្ចាស់គណនីខាងលើ ក៏បានប្រាប់ឲ្យដឹងថា គាត់ត្រូវបានប៉ូលិសផាកពិន័យដោយសារប្តូរអំពូលភ្លើង Led នេះ អស់៤ម៉ឺនរៀលទាំងព្រឹក នៅគោលដៅត្រង់ចំណុចក្បាលថ្នល់។
យ៉ាងណាមិញ ក្រោយពីបានឃើញការបង្ហោះទាំងអារម្មណ៍ហួសចិត្តរបស់បុរសរូបនេះរួច មហាជនជាច្រើនបាននាំគ្នាបញ្ចេញមតិលេងសើច និងលាយឡំការពិតផងដែរថា៖ «ហេងទាំងប្រលឹមម៉ងបង, ខ្ញុំដាក់ជិតបួនឆ្នាំហើយ ទៅថ្ងៃមុនទើបរកនឹកចាប់អស់បួនម៉ឺនហើយ គេហៅអាសាច់កម្មទៀត, ចុះពីស្ពានច្បារអំពៅមកចាប់សាហាវណាស់កន្លែងហ្នឹង បិទស្គុតម៉ូតូបន្តិចជាប់ស្តុបក្រោយក៏ចាប់ដែរ ឱ្យតែខុសបច្ចេកទេសមិនថាតិចឬច្រើនទេ ដឹងតែចាប់ហើយកន្លែងហ្នឹងគឺអញ្ចឹង, ប៉ូលីសនៅគោលដៅមួយហ្នឹង ភ្នែកពួកគាត់មុតៗណាស់ ដូចភ្នែកទិព្វអ៊ីចឹងបងអើយ, ខ្ញុំក៏ធ្លាប់ត្រូវបានប៉ូលីសនៅចំណុចហ្នឹងចាប់ម្ដងដែរ ថ្ងៃនុងអស់ ២០០០០៛ »៕ រក្សាសិទ្ធិដោយ៖ លឹម ហុង