ភ្នំពេញ៖ បុរសម្នាក់ដែលបានជះទឹកអាស៊ីតទៅលើប្រពន្ធចុង ដែលកំពុងជិះម៉ូតូចំកណ្តាលមុខឈប់ខាងមុខផ្ទះ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ហើយចេញដីកាឃុំខ្លួនជាបណ្តោះអាសន្ន កាលពីថ្ងៃទី១៨ខែវិច្ឆិកា។
មូលហេតុដែលបុរសជាប្តី ជះទឹកអាស៊ីតដាក់ប្រពន្ធចុងរូបនេះ ដោយសារស្ត្រីបានសុំចែកផ្លូវគ្នាជនបង្ក ដោយឈប់មកលួចលាក់ធ្វើជាប្រពន្ធចុងតទៅទៀតហើយ ពីព្រោះបុរសរូបនោះមានប្រពន្ធនិងមានកូនជាច្រើននាក់។
ជនត្រូវចោទរូបនេះ មានឈ្មោះ ខៀវ វិសិដ្ឋសត្យា ហៅ ថៃយ៉ា ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅចំណុចផ្ទះកើតហេតុខាងលើ ។ ចំណែកជនរងគ្រោះមានឈ្មោះ ឌឿន ស៊ុនណារ៉ា ភេទស្រី អាយុ៤៧ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅក្នុងភូមិថ្មី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រងរបួសធ្ងន់ត្រង់ផ្ទៃមុខត្រូវបានគ្រួសារសាច់ញាតិបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ដែលហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១រសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខផ្ទះលេខ១០ ផ្លូវលំ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងជនបង្កត្រូវបានឃាត់ខ្លួននៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧។
ជនរងគ្រោះគឺជាប្រពន្ធចុងរបស់ជនដៃដល់ ដែលមានទំនាក់ទំនងស្នេហាលួចលាក់ក្នុងផ្ទះជួលខាងលើ រយៈពេល៥ឆ្នាំមកហើយ ដោយបុរសជាជនដៃដល់រូបនេះមានប្រពន្ធដើមដែលមានកូន៥នាក់ក្នុងបន្ទុកគ្រួសារ ហើយមុនពេលកើតហេតុ ស្ត្រីរងគ្រោះជាប្រពន្ធចុងបានជិះម៉ូតូចេញមកពីក្នុងផ្ទះក្នុងភូមិថ្មី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ លុះដល់ចំណុចមុខផ្ទះខាងលើ ស្រាប់តែជនសង្ស័យជាប្តីបានធ្វើសកម្មភាពយកទឹកអាស៊ីតមកជះលើស្ត្រីរងគ្រោះបណ្តាលឲ្យរបួសពេញផ្ទៃមុខ និងរបួសត្រង់ដៃទាំងសងខាង ត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យលោកសង្ឃ៕ ដោយ៖កូឡាប