ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនអតីតអ្នកសារព័ត៌មានអាស៊ីសេរី២រូបជាបណ្តោះអាសន្ន ដោយត្រូវបញ្ជូនទៅពន្ធនាគារព្រៃស កាលពីថ្ងៃទី១៨ខែវិច្ឆិកា។
លោក អ៊ួន ឈិន និងលោក យាង សុជាមេត្តា ត្រូវបានលោកសេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ “ធ្វើចារកម្ម” ប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ដែលអាចបង្កឲ្យមានអន្តរាយការការពារជាតិ តាមមាត្រា៤៤៥ នៃក្រមព្រហ្មទណ្ឌ ហើយប្រសិនបើតុលាការរកឃើញបទល្មើសជាក់ស្តែងដូចការចោទប្រកាន់មែននោះ អ្នកទាំងពីរ នឹងប្រឈមការផ្តន្ទាទោសជាប់ពន្ធនាគារ ពី៧រហូតដល់១៥ឆ្នាំ។
លោក កែវ វ៉ាន្នី មេធាវី ការពារក្តីឲ្យបុគ្គលិកវិទ្យុអាស៊ីសេរីទាំង២នាក់នេះ បានប្រាប់អ្នកកាសែតថា ចៅក្រមស៊ើបសួរ នៅមិនទាន់បញ្ចប់ការសាកសួរកូនក្តីរបស់លោកនៅឡើយទេ ហើយក៏បានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស ហើយក៏មិនដឹងថាកូនក្តីរបស់លោកនឹងត្រូវកំណត់នាំខ្លួនមកសាកសួរបន្តទៀត នៅពេលណាឡើយ។
អតីតអ្នកយកព័ត៌មានរបស់វិទ្យអាស៊ីសេរីទាំង២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅក្នុងផ្ទះសំណាក់ម៉ារ៉ាឌី ក្នុងសង្កាត់ស្ទឹងមានជ័យ កាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ក្រោមហេតុផលថាពួកគេបានរៀបចំបើកអាជីវកម្មថតរូប មិនបានសុំច្បាប់អនុញ្ញាត និងលួចផលិតព័ត៌មានផ្ញើទៅក្រៅប្រទេស។
មន្ត្រីនគរបាលបានបញ្ជាក់ថា នៅយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧សមត្ថកិច្ច បានរកឃើញភស្តុតាងថ្មីមួយទៀត នោះគឺរូបភាព និងវីដេអូរបស់ លោក អ៊ួន ឈិន អតីតបុគ្គលិកអាស៊ីសេរី ដែលបានចូលរួមថតវីដេអូស៊ិច ជាមួយបរទេស នៅក្នុងប្រទេសកម្ពុជា។
រូបភាព និងវីដេអូសិចរបស់លោក អ៊ួន ឈិន ដែលជួនលោកដើរតួជាអ្នកថត និងពេលខ្លះទៀត លោកដើរជាតួប្រុសក្នុងការសម្តែងនោះ ត្រូវបានសមត្ថកិច្ចរកឃើញ នៅក្នុងកុំព្យូទ័ររបស់ លោក អួន ឈិន តែម្តង ដែលអាចកំណត់ជាបទល្មើសថ្មី មួយផ្សេងទៀត ដែលសហការជាមួយបរទេស ធ្វើឱ្យប៉ះពាល់ដល់សីលធម៌ខ្មែរ។ នេះគ្រាន់តែភស្តុតាងបទល្មើសថ្មីក្នុងចំណោមបទជាច្រើនផ្សេងទៀត៕ ដោយ៖បញ្ញាស័ក្តិ