ស្ទឹងត្រែង ៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី២៧ខែកក្កដានេះ បានចេញសេចក្តីជូនដំណឹងថា គិតត្រឹមម៉ោង ១១:៣០នាទីព្រឹកនេះ ទឹកទន្លេសេកុង បន្តហក់ឡើងកម្ពស់ ១២,៤៦ម៉ែត្រ លើសកម្រិតប្រកាសអាសន្នជិតមួយម៉ែត្រ។
សកម្មភាពក្រុមការងារខេត្ត កំពុងបញ្ជូនសម្ភារៈប្រើប្រាស់ ឱសថ ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្ត ទៅប្រចាំការ និងស្បៀងអាហារ ទៅកាន់ទីទួលសុវត្ថិភាពគ្រប់ទីតាំង ក្នុងស្រុកសៀមប៉ាង ដើម្បីចែកជូន ផ្តល់សេវា ពិនិត្យនិងព្យាបាលជំងឺ និងសាងសង់រោង ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះ ស្ថិតក្នុងឃុំចំនួន៤ នៃស្រុកសៀមប៉ាង រួមមានឃុំសន្តិភាព ឃុំថ្មកែវ ឃុំស្រែសំបូរ និងឃុំសេកុង ដែលត្រូវបានជម្លៀស ចេញពីលំនៅដ្ឋានទៅកាន់ទីទួលសុវត្ថិភាព។
ចំណែកក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ផងដែរថា ទឹកជំនន់នៅតំបន់ព្រំដែនកម្ពុជាឡាវ បានចាប់ស្រកចុះបន្តិច។ ហើយទឹកទន្លេសេកុង អាចនឹងចាប់ស្រកចុះជាបណ្តើរៗ ចាប់ពីថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០១៨។ នៅទូទាំងខេត្តស្ទឹងត្រែង នាវេលាយប់ថ្ងៃទី ២៦ បានទទួលរបាយទឹកភ្លៀងក្នុងកម្រិតពី ៣៧-៦១ មិល្លីម៉ែត្រ ផងដែរ និងបានធ្វើឲ្យតំបន់មួយចំនួនក្នុងក្រុងស្ទឹងត្រែង រងការលិចលង់ដោយជំនន់ទឹកភ្លៀង ។ ក្រសួងបានសម្រេចបើកទ្វារទឹកសំណង់ការពារទឹកជំនន់ក្រុងស្ទឹងត្រែង ដើម្បីរំដោះទឹកជំនន់ចេញពីក្រុង ។ ពេលនេះ ជំនន់ទឹកភ្លៀងក្នុងក្រុងស្ទឹងត្រែង បានស្រកអស់វិញហើយ ។ ដោយ៖កូឡាប
ក្រសួងធនធានទឹក ក៏បានផ្សាយពីកម្រិតបរិមាណទឹកភ្លៀងដែលបានធ្លាក់តាមបណ្តារាជធានី-ខេត្ត និងព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ សម្រាប់ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០១៨ ៖