នេះជាខណៈពេលមួយដ៏ភ្ញាក់ផ្អើល និងគួរឲ្យហួសចិត្តខ្លាំងតែម្តង គ្រាដែលបុរសវ័យចំណាស់ជាអ្នកដើរសុំទានម្នាក់ ពិតជាហ៊ានណាស់ បានដើរចូលក្នុងផ្ទះគេ ប្រៀបដូចជាផ្ទះសាច់ញាតិ បងប្អូនរបស់ខ្លួនអ៊ីចឹង។ ហើយអ្វីដែលគួរឲ្យស្លុតចិត្តនោះ គឺខណៈពេលនោះ មានតែក្មេងប្រុសស្រី២នាក់ប៉ុណ្ណោះ ដែលជាកូនៗកំពុងស្ថិតនៅក្នុងផ្ទះ រត់ឆ្លេរឆ្លាមិនដឹងថាគ្នាភ័យយ៉ាងណានោះទេ។
តាមរយៈវីដេអូកាមេរ៉ាសុវត្ថិភាព ហេតុការណ៍ដ៏ញាក់សាច់នេះ បានកើតឡើងនៅវេលាម៉ោង ១១ ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅចំណុចផ្ទះសាឡនមួយកន្លែងនៅក្នុងខេត្តតាកែវ ខណៈម្ចាស់ផ្ទះដែលមានគណនីហ្វេសប៊ុកឈ្មោះ Chinda Salonn បានបង្ហោះរៀបរាប់ទាំងអារម្មណ៍ហួសចិត្តបែបនេះថា៖ «សរសើរអ៊ំ គាត់អ្នកដើរសុំលុយ គាត់ហ៊ានដល់កហើយ ថាក្មេងទៅវាខ្លាច ឯងឃើញគាត់ហ៊ានចឹង ភ័យជាក្មេងៗទៀត ដល់ហ៊ានអញ្ចឹងពេក អ៊ំហើយអ៊ំកប់យោបល់ម៉ង»។
ទោះជាយ៉ាងណា នេះចាត់ទុកជាសំណាងល្អហើយ ដែលអ្នកសុំទានរូបនោះស្លូតបូត និងអាចមានបញ្ហាសតិស្មារតី បានដើរចាកចេញទៅវិញ ដោយពុំបានយករបស់ទ្រព្យអ្វីរបស់ម្ចាស់ផ្ទះនោះទេ ប៉ុន្តែប្រសិនបើជាមនុស្សអាក្រក់ ឬជាចោរចូលបន្លំដាក់ថ្នាំក្មេងៗវិញ មិនដឹងជាយ៉ាងណានោះទេ។
ក្រោយពីបានឃើញសកម្មភាពដ៏ហួសចិត្តរបស់អ្នកសុំទានរូបនេះរួចភ្លាម មហាជនអ្នកលេងបណ្តាញសង្គម បានចូលខមិនបញ្ចេញមតិទាំងហួសចិត្តថា «ហ៊ានពេកហើយ, ខ្ញុំមើលក៏ភ័យដែរបង, ក្រមិនអោយគេអាណិត ហ៊ានណាស់,…»។ រីឯមហាជនមួយចំនួនទៀត ក៏បានឲ្យម្ចាស់ផ្ទះថ្ងៃមុខថ្ងៃក្រោយ គួរតែមានការប្រុងប្រយ័ត្ន ព្រោះមនុស្សឥឡូវនេះ សម្បូរជនដើរបន្លំ ដាក់ថ្នាំច្រើនណាស់ កុំទុកចិត្តឲ្យសោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង